មិនអាច​បង្ខំចិត្ត​ស្រឡាញ់​ប្តី ព្រោះ​នៅ​នឹក​សង្សារ​ចាស់​

​នាង​ខ្ញុំ និង អតីត​សង្សារ​បាន​ស្គាល់គ្នា​ចាប់ពី​ឆ្នាំ​ចុងក្រោយ​នៃ​ការសិក្សា​នៅ​មហាវិទ្យាល័យ​មួយ​នៅ​ក្រុងភ្នំពេញ​តាមរយៈ​មិត្ត​ម្នាក់ ដែល​កាលណោះ​គាត់ ឡើងមក​ទីក្រុង​ដើម្បី​ធ្វើ​កម្មសិក្សា ។ យើង​មានឱកាស​ដើរលេង​រួម​ក្រុម​ជាមួយគ្នា ហើយ​មាន​មនោសញ្ចេតនា​ជាមួយគ្នា​តាំងតែ​ពី​កាលណា​ដោយ​មិនដឹង​ខ្លួន ។ ស្នេហា​យើង​ពេលនោះ​ពិតជា​បរិសុទ្ធ សាមញ ដោយ​មិនមាន​គិតគូរ ឬ ព្រួយបារម្ភ អ្វី​ទាំងអស់ ។ គ្រួសារ​របស់គាត់​ក្រីក្រ ដោយ​ឪពុកម្តាយ​បាន​លែងលះគ្នា​តាំងពី​គាត់ មាន​អាយុ​ទើបតែ ៥ ឆ្នាំ ហើយ​គាត់ និង ប្អូនប្រុស​រស់នៅ​ជាមួយ​ឪពុក ។

ប្រាក់ ចំណូល​របស់​ឪពុក​គាត់​ទាប​ដូច្នេះ​កុមារភាព​របស់គាត់​ជួប​ការលំបាក​ច្រើន ។ គាត់​ជាម​នុស្ស​ស្លូតបូត ឆ្លាត​វៃ មាន​ភាពជឿជាក់ និង មានគំនិត​ឈានឡើង ។ ថ្វីបើ​គាត់​ក្រ ប៉ុន្តែ​នាង​ខ្ញុំ​មានការ​ទុកចិត្ត​ខ្ពស់​ចំពោះ​ស្មារតី​រឹងមាំ​របស់គាត់ ។ គាត់​មាន​អាយុ​តិចជាង​នាង​ខ្ញុំ​មួយឆ្នាំ តែ​រឿង​អ្វី​ក៏​អាច​ចែករំលែក​ជាមួយ​គាត់​បានដែរ ហើយ​គាត់​តែង​បញ្ចេញយោបល់​ជួយ​ឱ្យ​នាង​ខ្ញុំ​បាន​ឆ្លង​ផុតពី​ការលំបាក​ក្នុង​ជីវិត ។ រយៈពេល ៤ ឆ្នាំ ដែល​យើង​បាន​ស្រឡាញ់គ្នា គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​នាង​ខ្ញុំ ។ ការស្រឡាញ់​គាត់​បានធ្វើឱ្យ​នាង​ខ្ញុំ​យល់ថា​ខ្លួន​ក្លាយជា​មនុស្ស​ល្អ​ជាង​មុន រស់​នៅមាន​ប្រយោជន៍ និង ស្រឡាញ់​ជីវិត​ជាង​មុន ។ ឪពុកម្តាយ​នាង​ខ្ញុំ​មិន​ពេញចិត្ត​នឹង​ទំនាក់ទំនង​របស់​នាង​ខ្ញុំ និង គាត់​ទេ ។

មិនអាច​បង្ខំចិត្ត​ស្រឡាញ់​ប្តី ព្រោះ​នៅ​នឹក​សង្សារ​ចាស់​

ឪពុកម្តាយ​ប្រាប់ថា នាង​ខ្ញុំ និង គាត់​នឹង​មិនមាន​អនាគត​ល្អ​ឡើយ ។ ការនិយាយ​ច្រំ​ដែល បែបនេះ​របស់​ឪពុកម្តាយ​មិនយូរប៉ុន្មាន​នាង​ខ្ញុំ​ក៏បាន​ប្រែចិត្ត នាង​ខ្ញុំ​ដឹងថា​មិនអាច​ទម្លាក់កំហុស​ទៅលើ​ឪពុកម្តាយ​នោះទេ នៅពេល​នាង​ខ្ញុំ​ត្រូវ​និយាយ​ពាក្យសុំ​បែក​ពី​សង្សារ ព្រោះ​វា​ជាការ​សម្រេចចិត្ត​របស់​នាង​ខ្ញុំ ។ ក្រោយពី​នាង​ខ្ញុំ​សុំ​បែក គាត់​យំ គាត់​រក​វិធី​ជាច្រើន​អង្វរ​កុំឱ្យ​ខ្ញុំ​ចាក​ចេញពី​គាត់ ប៉ុន្តែ​ខ្ញុំ​នៅតែ​ឆ្លើយថា​ទេ ។ ក្រោយពី​បាន​ចែកផ្លូវ​គ្នា​នាង​ខ្ញុំ​ធ្លាប់បាន​ដើរលេង​ជាមួយ​ក្រុមមនុស្ស​ជាច្រើន ប៉ុន្តែ​មិនមាន​បុរស​ណា​ម្នាក់​ដែល​ស័ក្តិសម​នឹង​នាង​ខ្ញុំ​ដូច​អតីត​សង្សារ​ឡើយ ។ នាង​ខ្ញុំ​ចង់​វិល​មករក​គាត់​វិញ ប៉ុន្តែ​គាត់​ថា​មិនអាច​ស្រឡាញ់​នាង​ខ្ញុំ​ទៀត​ទេ នាង​ខ្ញុំ​ធ្លាប់បាន​ធ្វើឱ្យ​គាត់​ឈឺចាប់ ការឈឺចាប់​នោះ​មិនអាច​ព្យាបាល​បាន ដោយ​គាត់​ចាត់ទុក​នាង​ខ្ញុំ​ត្រឹមតែ​ជា​មិត្ត ។

មិនយូរប៉ុន្មាន​នាង​ខ្ញុំ​ក៏បាន​រៀបការ​ជាមួយ​ស្វាមី​បច្ចុប្បន្ន បន្ទាប់ពី​ស្គាល់គ្នា​បាន ៣ ខែ ។ ស្វាមី​នាង​ខ្ញុំ​ជា​មនុស្ស​ចិត្តល្អ ប៉ុន្តែ​បច្ចុប្បន្ន គាត់​អន់​ជាង​នាង​ខ្ញុំ​គ្រប់ផ្នែក តាំងពី​សេដ្ឋកិច្ច​មុខមាត់​ក្នុងសង្គម គ្រួសារ ចំណេះ ដឹង និង ការងារ ។​ល​។ នាង​ខ្ញុំ និង ស្វាមី​រស់នៅ​ចុះសម្រុង​គ្នា​គួរសម មិន​ឈ្លោះប្រកែក​គ្នា គាត់​ដូចជា​មិត្ត​ល្អ​ម្នាក់​ពេលណា​ក៏​នៅក្បែរ​នាង​ខ្ញុំ ថែទាំ និង ស្រឡាញ់ នាង​ខ្ញុំ​អស់ពី​ចិត្ត ប៉ុន្តែ​គាត់​មិនមែនជា​មនុស្ស​ដែល​នាង​ខ្ញុំ​អាច​ចែករំលែក​គ្រប់យ៉ាង​បានទេ ។ ប្តី​ប្រពន្ធ​ខ្ញុំ​មិនទាន់​មានកូន​ទេ ពេល​ទៅពិនិត្យ​គ្រូពេទ្យ​ប្រាប់ថា ដោយសារ​ខាង​ប្រុស ។ នាង​ខ្ញុំ​ចេះតែ​បារម្ភ ចេះតែ​ព្រួយចិត្ត ប៉ុន្តែ​គិតថា​បានជា​យកគ្នា​ជា​ប្តី​ប្រពន្ធ​ទៅហើយ​ត្រូវតែ​ជួយ​គ្នា​ទៅវិញទៅមក​សង្ឃឹមថា ថ្ងៃ​ណាមួយ​ទទួលបាន​សុភមង្គល ។ ចាប់តាំងពី​រៀបការ​មក​នាង​ខ្ញុំ​ព្យាយាម​បំភ្លេច​អតីត​សង្សារ ប៉ុន្តែ​មិនអាច​ទៅរួច ។

មកដល់ពេលនេះ​សង្សារ​ចាស់ គឺជា​មនុស្ស​ដែល​នាង​ខ្ញុំ​ទុកចិត្ត​បំផុត យើង​នៅតែ​ជា​មិត្ត​នឹង​គ្នា ហើយ​នៅតែ​រក្សា​គម្លាត និង គោរព​គ្នា ។ រយៈពេល​ច្រើន​ឆ្នាំកន្លងមក បន្ទាប់ពី​បាន​បែក​គ្នា​សង្សារ​ចាស់​របស់​នាង​ខ្ញុំ នៅតែ​ដូចដើម​ជាងនេះទៀត​គាត់​ថែមទាំង​មិនទាន់​យកប្រពន្ធ​ទៀតផង ។ នាង​ខ្ញុំ​ដឹងថា ប្រសិនបើ​បោះបង់​ប្តី​បច្ចុប្បន្ន​គឺ​អយុត្តិធម៌​ណាស់ ព្រោះ​ស្វាមី​ខ្ញុំ​គ្មាន​កំហុស​អ្វី​នោះទេ ប៉ុន្តែ​បើ​ស្ថានភាព​នៅតែ​បែបនេះ នាង​ខ្ញុំ​ពិតជា​ពិបាក​នឹង​ទ្រាំ ។ នាង​ខ្ញុំ​មិនអាច​បំភ្លេច​សង្សារ​ចាស់ ហើយក៏​កាន់តែ​មិនអាច​បង្ខំចិត្ត​ខ្លួនឯង​ឱ្យ​ស្រឡាញ់​ស្វាមី​ដូច​ទៅនឹង​សង្សារ​ចាស់​នោះដែរ ។ នាង​ខ្ញុំ​ត្រូវ​ជាប់គាំង​នៅក្នុង​អតីតកាល ដោយ​មិនមាន​អ្វី​ដោះស្រាយ​បានទេ ។​ សូមជួយ​ផ្តល់​ជា​យោបល់​ដល់​នាង​ខ្ញុំ​ផង !

មិនអាច​បង្ខំចិត្ត​ស្រឡាញ់​ប្តី ព្រោះ​នៅ​នឹក​សង្សារ​ចាស់​

​ចំពោះ​នារី​មាន​វិបត្តិ​
​រឿងរ៉ាវ​របស់​នាង​គឺ​ប្រហាក់ប្រហែលគ្នា​នឹង​បញ្ហា​របស់​មនុស្ស​ជាច្រើន ។ ស្រឡាញ់គ្នា​ហើយ ប៉ុន្តែ​មិនអាច​យកគ្នា​ជា​គូជីវិត​បាន​គឺ​ពិតជា​រឿង​ដែល​គួរឱ្យ​សោកស្តាយ ប៉ុន្តែ​ខ្ញុំ​យល់ថា​នាង​ដូចជា​មិនចេះ​គោរព​ស្រឡាញ់​នូវ​អ្វីដែល​ខ្លួន​កំពុងមាន ។ កាលពី​មាន​សង្សារ​បែរជា​មិន​រក្សា​ការពារ ហើយ​នៅពេល​មានគ្រួសារ ក៏​នៅតែ​មិនចេះ​ថែទាំ​ចែករំលែក​សុខទុក្ខ​ជាមួយគ្នា ។ បញ្ហា​របស់​នាង​បច្ចុប្បន្ន គឺ​នៅត្រង់​ភាព​អាត្មានិយម​របស់​នាង ។ សាក​គិត​ទៅ​មើល​កាលពី​ដើមឡើយ នៅ​សុខៗ​ស្រាប់តែ​សុំ​បែក​ពី​សង្សារ​ដែល​ស្រឡាញ់គ្នា​ចាក់ទឹកមិនលិច ដោយ​គ្រាន់តែ​បុរស​នោះ​ជា​អ្នកក្រ មិនមាន​មុខមាត់​ក្នុងសង្គម និង មិន​សង្ហា​ដូច​កូន​គេ​អ្នកមាន ។

នៅពេល​បុរស​នោះ​អង្វរ និង រក​វិធី​គ្រប់យ៉ាង​ដើម្បី​កុំឱ្យ​នាង​ចាកចេញ​នាង​បែរជា​មិន​យកចិត្តទុកដាក់​ធ្វើឱ្យ​បុរស​នោះ​ត្រូវ​ឈឺចាប់​មកដល់ពេលនេះ ។ ចំណែក​ស្វាមី​បច្ចុប្បន្ន​នៅត្រង់ណា​ដែល​នាង​យល់ថា​មិនអាច​ចែករំលែក​គ្រប់​យ៉ាងនោះ ? ប៉ុន្តែ​នាង​និយាយថា អ្នក​ទាំងពីរ​ចុះសម្រុង​គ្នា ហើយ​ស្វាមី​ស្រឡាញ់​ថ្នាក់ថ្នម​គ្រប់ពេល ។ រីឯ​រឿង​មិនទាន់​មានកូន​វិញ ហេតុអ្វី​ក៏​នាង​មិន​រក​វិធី​ដើម្បី​ជួយ​ស្វាមី​នៅពេលដែល​នាង​ជា​កូនអ្នកមាន មានមុខមាត់​ក្នុងសង្គម និង មានការ​ងារ​ធ្វើ​មួយរូប ដែល​មនុស្ស​ជាច្រើន​ប្រាថ្នា​នោះ ? ​ខ្ញុំ​យល់ថា នាង​មិនគួរ​ជ្រើស​រើសយក​វិធី​លែងលះ​ស្វាមី​នោះទេ ។

មិនអាច​បង្ខំចិត្ត​ស្រឡាញ់​ប្តី ព្រោះ​នៅ​នឹក​សង្សារ​ចាស់​

ប្រសិនបើ​នាង​ធ្វើការ​សម្រេចចិត្ត​បែបនេះ នោះ​ប្រហែលជា​នាង​ត្រូវមាន​វិប្បដិសារៈ​ម្តងទៀត ដោយសារតែ​បានធ្វើ​បាបចិត្ត​បុរស​ដល់​ទៅ​ពីររូប ។ នេះ​គឺជា​កំហុស​ធំ របស់​នាង ! យក​ល្អ​នាង​គួរ​ទុកឱ្យ​ពេលវេលា​ជា​អ្នក​កម្ចាត់​ចោល​រឿង​អតីត​ដ៏​គួរឱ្យ​សោកស្តាយ​ទាំងនោះ ហើយ​ចាប់ផ្តើម​រក​វិធី​ដោះស្រាយ​បញ្ហា​គ្រួសារ​ដោយ​ចែករំលែក​សុខទុក្ខ​ជាមួយគ្នា ។​ សង្ឃឹមថា​នាង​នឹងមិន​ធ្វើឱ្យ​បាត់បង់​បុរស​ដែល​ខំ​ស្រឡាញ់​នាង​ម្នាក់ទៀត​នោះឡើយ ! ៕