មន្រ្តីបន្តសកម្មភាព​បូម​ទឹកបញ្ចូលអាង ដើម្បីការងារ​បង្កបង្កើនផល

កណ្តាល៖ ខណៈទឹកទន្លេសាបបាន និងកំពុងស្រកចុះជាបណ្តើរៗ គេសង្គេតឃើញ សកម្មភាពបូមប្រមូល ទឹកបញ្ចូលអាង ព្រែក បឹងបួធម្មជាតិ សម្រាប់បម្រើឱ្យការងារ បង្កបង្កើនផលស្រូវ របស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តកណ្តាល នៅតែបន្តយ៉ាងសកម្ម ពីសំណាក់ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។

សេចក្តីរាយការណ៍ព័ត៌មាន ពីក្រសួងធនធានទឹក ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃអាទិត្យទី ២០ ខែធ្នូ ឆ្នាំ២០១៥ ឲ្យដឹងថា លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បច្ចុប្បន្នការងារបូមប្រមូលទឹកបញ្ចូលអាង ព្រែក បឹងបួធម្មជាតិ នៅក្នុងខេត្តកណ្តាល ក្រុមការងាររបស់ក្រសួងនៅតែ បន្តដំណើរការនៅក្នុងស្រុក ចំនួន ០៥ រួមមាន ស្រុកមុខកំពូល ខ្សាច់កណ្តាល ពញាឮ កៀនស្វាយ និងស្រុកល្វាឯម ។

លោក ឈា ប៊ុនរិទ្ធ បានបន្តថា នៅក្នុងការងារបូមប្រមូលទឹក តាមបណ្តាស្រុកទាំង ០៥ ខាងលើ គឺយើងប្រើប្រាស់ម៉ាស៊ីនបូមទឹក ស្ថានីយចល័ត និងស្ថានីយអចល័ត សរុបចំនួន ៣២ គ្រឿង ក្នុងនោះរួមមាន ១.ស្រុកមុខកំពូល ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០៩ គ្រឿង ស្ថានីយចល័ត ចំនួន ០១ គ្រឿង ស្ថានីយអចល័ត ចំនួន ០១ គ្រឿង, ២.ស្រុកខ្សាច់កណ្តាល ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០៥ គ្រឿង, ៣.ស្រុកពញាឮ ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ១២ គ្រឿង ស្ថានីយចល័ត ចំនួន ០១ គ្រឿង, ៤.ស្រុកកៀនស្វាយ ម៉ាស៊ីនបូមទឹកខ្នាតតូច (២០សេះ) ចំនួន ០២ គ្រឿង, និង៥.ស្រុកល្វាឯម ស្ថានីយសម្តេចតេជោទី ៣៨ ចំនួន ០១ គ្រឿង ។

លោកប្រធាននាយកដ្ឋាន បានបញ្ជាក់បន្ថែមថា តាមរយៈនៃការបន្តបូមប្រមូលទឹក និងការទាញយកទឹកមកស្រោចស្រព ដំណាំស្រូវ ជាបណ្តើរៗដែរនោះ យើងអាចវាយតម្លៃបានថា ទឹកសម្រាប់ផ្គត់ផ្គង់ ឱ្យការងារបង្កបង្កើនផលស្រូវប្រាំង របស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តកណ្តាល គឺអាចធានាបាននូវការដាំដុះ ទៅតាមផែនការកំណត់ រហូតដល់ប្រមូលផល និងទទួលបានទិន្នផលយ៉ាងល្អប្រសើរ ។

ចំពោះការងារបង្កបង្កើនផលស្រូវ នៅក្នុងខេត្តកណ្តាល ត្រូវបានលោក ជុន ប៉េងឡុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បញ្ជាក់ឱ្យដឹងដែរថា ឆ្នាំនេះ បើតាមផែនការរបស់ខេត្ត គឺគ្រោងនឹងផលិតស្រូវប្រាំង ចំនួន ៥៣.៥០០ ហិកតា ហើយមកដល់ពេលនេះ សម្រេចបានប្រមាណជាង ៥០ ភាគរយហើយ។ លោកបន្តថា ចំណែកដំណាំស្រូវវស្សាវិញ ប្រមូលផលបានចំនួន ២០.៧៩០ ហិកតា ស្មើនឹងប្រមាណ ៥៨ ភាគរយ នៃផ្ទៃដីផលិតបាន ៕