មន្ត្រីនគរបាល​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​តាម​ប្រមាញ់​រថយន្ត​សង្ស័យ​ដឹក​បទល្មើស ត្រូវ​រថយន្ត​បិទគូទ​បុក​ពីក្រោយ​អូស ជាង​៥០​ម៉ែត្រ​អ្នកជិះ​ពីក្រោយ​ស្លាប់ និង​បើកបរ​របួសធ្ងន់​

​ខេត្តកណ្តាល​៖ មន្ត្រី​នគ​បាល​អ្នកបើក​ម៉ូតូ​បាន​រងរបួស​ធ្ងន់ និង​អ្នកជិះ​ពីក្រោយ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​ប្រភព​មួយ​បាន​អះអាងថា​មន្ត្រីនគរបាល​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ប្រដេញ​រថយន្ត​មួយគ្រឿង​សង្ស័យ​ដឹក​បទល្មើស ហើយ​ត្រូវបាន​រថយន្ត​បិទគូទ​១​គ្រឿង​ទៀត​បើក​បុក​ចំ​ពីក្រោយ​ពេញទំហឹង​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ២៣ និង​០០​នាទី​ថ្ងៃទី​១៩ ខែ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម ពី​បា​សិទ្ធិ បាត់ដឹង ចំណុច​មុខ​ភូមិ​បា​សិទ្ធិ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។

​ប្រភពពី​ប៉ូលីស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ជា​អ្នកបើកបរ​ម៉ូតូ ឈ្មោះ កែវ សៀង​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​អ្នកជិះ​ពីក្រោយ​ឈ្មោះ សៅ សំណាង ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​។ អ្នក​ទាំងពីរ​ជា​មន្ត្រីនគរបាល​នៅ​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ក្រុងភ្នំពេញ​។ ពួកគេ​ទាំងពីរ​នាក់​ស្លៀកពាក់ ឯកសណ្ឋាន​ជា នគរបាល​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក STR ២៣០ ពណ៌​ខៀវ ផ្លាកលេខ​នគរបាល​១.៧៧ ៣៨ ។ ប្រភព​បន្តថា​បាន​ដេញ​រថយន្ត​០១​គ្រឿង មិន​ស្គាល់​ម៉ាក​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវ បាន​រថយន្តបុក​ចំ​ពីក្រោយ ចំហៀង​ខាងស្ដាំ ដួល​អូស ទៅ​ទិស​ខាងលិច​ប្រហែល​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ និង​អ្នកជិះ​ពីក្រោយ​ស្លាប់ នៅ​កន្លែងកើតហេតុ ហើយ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​។​

​នគរបាល​ចរាចរណ៍​មូលដ្ឋាន បាន​ចុះ​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​០១​គ្រឿង ដែល​ខូច​យ៉ាងដំណំ​នោះមក​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បា​សិទ្ធិ និង​បន្តធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​។ ចំណែក​សាកសព​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​

KA-20-12-2015-14 KA-20-12-2015-15