ហេតុការណ៍បាក់ដីនៅចិន បំផ្លាញអគារសំខាន់ៗអស់ជាច្រើន សន្ធឹកសន្ធាប់ (Video)

ចិន៖ ហេតុការណ៍បាក់ដីដ៏ធ្ងន់ធ្ងរ បានវាយប្រហារទីក្រុង ស្ថិតក្នុងខេត្ត Guangdong ភាគខាងត្បូង ប្រទេស ចិន នាថ្ងៃអាទិត្យនេះ បណ្តាលឲ្យអាគារធំៗ២២ខ្នងត្រូវដួលរលំ និងបណ្តាលឲ្យមនុស្ស២៧នាក់ ត្រូវបាត់ខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះ។

ដោយឡែកបំពង់បង្ហូរឧស្ម័នធម្មជាតិរបស់ប្រទេស ចិន ដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ក៏ត្រូវផ្ទុះខូចខាតផងដែរ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចេញផ្សាយតាមកញ្ចក់ទូរទស្សន៍ចិន CCTV។

ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ បានរុករកនៅក្នុងគំនរបាក់បែក ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីគ្រោះធម្មជាតិបាក់ដីនេះ បានវាយប្រហារទីតាំងរោងចក្រLiuxi ភាគពាយព្យស្រុកGuangming នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ សូមជម្រាបថា ក្រុមអ្នកជួយសង្គ្រោះ បានជម្លៀសមនុស្ស៩០០នាក់ចេញពីកន្លែងកើតហេតុដើម្បីបញ្ចៀសកុំឲ្យមានអ្នករងគ្រោះកាន់តែច្រើន៕