ស្ត្រី​ដែល​ស្អាត​ជាង​គេ​ក្នុង​លោក​នា​ឆ្នាំ​នេះ ជា​ជន​ជាតិ​អេស្ប៉ាញ

នាងកញ្ញា មៀរ៉ៃយ៉ា ឡាឡាហ្គូណា រ៉ូហូ (Mireia Lalaguna Royo) បានជាប់ជាស្ត្រីដែលស្អាត​ជាងគេ នៅក្នុង​ពិភពលោក នា​ឆ្នាំ​២០១៥​នេះ នៅក្នុងការប្រលង ជ្រើសរើសបវរកញ្ញា​ពិភពលោក នៅក្នុងប្រទេស​ចិន កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ​២០១៥នេះ។
ស្ត្រី​ដែល​ស្អាត​ជាង​គេ​ក្នុង​លោក​នា​ឆ្នាំ​នេះ ជា​ជន​ជាតិ​អេស្ប៉ាញ
បវរកញ្ញាអេស្ប៉ាញ កញ្ញា មៀរ៉ៃយ៉ា ឡាឡាហ្គូណា រ៉ូហូ បានជាប់ជាបវរកញ្ញាពិភពលោកឆ្នាំ២០១៥។ (រូបថត AFP)

និស្សិតស្រី ដែលមានឯកទេសខាង ឱសថសាស្ត្រ អាយុ២៣ឆ្នាំ នាងកញ្ញា មៀរ៉ៃយ៉ា ឡាឡាហ្គូណា រ៉ូហូ បាន​ជាប់ជាបវរកញ្ញាពិភពលោក ពីក្នុងចំណោមបេក្ខជន១១នាក់ចុងក្រោយ ដែលជ្រើសចេញពីបេក្ខនារី ចំនួន​១១៤នាក់ (មកពី១១៤ប្រទេស) នៅក្នុងពិភពលោក។ បេក្ខនារីដែលទទួលបានចំណាត់ថ្នាក់អមទីមួយ បាន​ទៅលើបវរកញ្ញារ៉ូស្ស៊ី នាង សូហ្វីយ់ា ណីគីតឈុក (Sofia Nikitchuk) និងចំណាត់ថ្នាក់អមទី២ បាន​ទៅ​លើ​បវរកញ្ញា​កញ្ញាឥណ្ឌូនេស៊ី នាងកញ្ញា ម៉ារីយ៉ា ហាហ្វានទី (Maria Harfanti)។ ចំណែកលេខ៣ និង​លេខ៤ បាន​ទៅ​លើ​បវរកញ្ញា មកពីប្រទេសលីបង់ និងប្រទេសចាម៉ៃអិក។

កញ្ញា មៀរ៉ៃយ៉ា ឡាឡាហ្គូណា រ៉ូហូ ដែលជាបវរកញ្ញារបស់ប្រទេសអេស្ប៉ាញ ត្រូវបានបវរកញ្ញា​ពិភពលោក​ឆ្នាំ២០១៤ មកពីប្រទេសអាហ្វ្រិកខាងត្បូង កញ្ញា រ៉ូឡែន ស្ត្រូស (Rolene Strauss) ឡើងមកបំពាក់​ម្កុដ​ពេជ្រ ដើម្បី​កាន់តំណែង ជារាជនីសម្ផស្សបន្ត សម្រាប់រយៈពេលមួយឆ្នាំ។ ចំពោះបវរកញ្ញាមកពីប្រទេសចំនួន៦ មាន ហ្វីលីពីន ហ្គីយ៉ាន បារាំង អាហ្វ្រិកខាងត្បូង អូស្ត្រាលី និងវៀតណាម ដែលបានមកដល់វគ្គចុង​បញ្ចប់​ដែរ​នោះ មិនបានទទួលបានតំណែងអ្វីឡើយ វៀរលែងតែបវរកញ្ញាវៀតណាមម្នាក់ប៉ុណ្ណោះ ដែល​បាន​ទទួល​បាន​រង្វាន់ ពីសំណាក់ទស្សនិកជន។

បវរកញ្ញាទើបនឹងជាប់ថ្មី បានថ្លែងឡើងថា៖ «បើគ្មានសេចក្ដីស្រឡាញ់ ដែលខ្ញុំទទួលបានពី​មនុស្ស​ទាំង​អស់​គ្នា​នៅ​ទីនេះ និងពីគ្រប់គ្នា ដែលបានជូនពរឲ្យខ្ញុំមានវាសនា និងបានគាំទ្រខ្ញុំនោះ ខ្ញុំច្បាស់ជាមិនអាច​ឈាន​មក​ដល់​ពេល​នេះ​ឡើយ។ ខ្ញុំចង់បង្ហាញទៅពួកគេវិញ និងបង្ហាញទៅកាន់ពិភពលោក ថាខ្ញុំពិតជាស័ក្ដិសម​នឹង​តំណែង ជាបវរកញ្ញាពិភពលោក ហើយខ្ញុំសង្ឃឹមថា នឹងធ្វើឲ្យអ្នកទាំងអស់គ្នា មានមោទនភាព។»

ការប្រឡងបវរកញ្ញាពិភពលោកនេះ ត្រូវបានរៀបចំឡើង ជាលើកទី៦៥ តាំងពីឆ្នាំ១៩៥១កន្លងមក និងជា​លើក​ទី៧ នៅក្នុងប្រទេសចិននាក្រុង សាន់យ៉ា (Sanya) ជាប់ឆ្នេរសមុទ្រ។

ហេតុការណ៍មួយ ដែលបានបង្កភាពល្អក់កករ ដល់ការប្រឡង​បវរកញ្ញាពិភពលោកលើកនេះ គឺបវរកញ្ញា​របស់​ប្រទេសកាណាដា កញ្ញា អាណាស្តាស៊ីយ៉ា លីន (Anastasia Lin) ត្រូវបានប្រទេសចិនបដិសេធ មិន​ផ្ដល់​ទិដ្ឋាការ ឲ្យនាងមានឱកាស បានមកចូលរួមប្រឡង ក្នុងចំណោមបេក្ខនារី ដ៏ច្រើនសន្ធឹកសន្ធាប់​នោះ​ឡើយ។ ការបដិសេធនេះ បណ្ដាលមកពីបវរកញ្ញារូបនេះ ជាសមាជិកម្នាក់ របស់ចលនាសាសនា ហ្វាលុងហ្គុង (Falun Gong) និងសកម្មភាពរបស់កញ្ញា អាណាស្ដាស៊ីយ៉ា នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ បរិហារ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស នៅក្នុងប្រទេសចិន។

កាលពីរដូវក្ដៅមុន បវរកញ្ញាកាណាដា នាង អាណាស្តាស៊ីយ៉ា បានឡើងធ្វើការបកស្រាយ នៅមុខសភា​អាមេរិក ពីការធ្វើទារុណកម្មទៅលើសមាជិក របស់ចលនាសាសនា ហ្វាលុងហ្គុង ពីសំណាក់​គណបក្ស​កុម្មុយនីស​ចិន៕