បង្ក្រាប​ជនសង្ស័យ​មួយ​សម្បុក​វាយ​ប្លន់​ម៉ូតូ

បង្ក្រាប​ជនសង្ស័យ​មួយ​សម្បុក​វាយ​ប្លន់​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី​ពី​អំពើ​ប្លន់ ក្រោយ​ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​នគរបាល​បាន​បង្ក្រាប​ក្រុម​ចោរ​មួយ​សម្បុក​ដោយ​បាញ់​ស្លាប់​២​នាក់ និង​ចាប់ខ្លួន​ជា​ច្រើន​នាក់ ស្រាប់តែ​អំពើប្លន់​ថ្មី​ទៀត​បាន​កើត​មាន​ទ្បើ​ង ។ ទោះបីជា​បែប​ណា នគរបាល​ខណ្ឌចំការមន សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​បាន​ចំនួន​៦​នាក់ ក្នុង​ចំណោម​បក្សពួក​សរុប​៧​នាក់​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​៣​គ្រឿង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក ។ ការ​ឃាត់ខ្លួន​នេះ គឺ​ក្រោយ​ពី​ពួក​គេ​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ប្រើ​ដុំ​ថ្ម​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥​មួយ​គ្រឿង ពី​បុរស​-​ស្ត្រី​២​នាក់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ នៅ​ចំណុច​កែង​ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​១៧៣ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ ដោយឡែក កាលពី​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ក៏​មានការ​ភ្ជង់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ខណ្ឌ​សែន​សុខ បាន​ដោយ​សុវត្ថិភាព​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​ឈ្មោះ ស៊ុន តាស់ អាយុ​២០​ឆ្នាំ បាន​រៀបរាប់​ថា ខ្លួន​ជា​បុគ្គលិក​លាង​រថយន្ត​នៅ​ក្នុង​យានដ្ឋាន​មួយ​កន្លែង​ម្តុំ​ទួល​ទំពូង និង​មាន​ទីលំនៅ​ក្នុងភូមិ​ប្រ​សា្ន​តូច ឃុំ​សេនា​រាជ​ឧត្តម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CV-6288 នា​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ ។ មុន​ពេល​កើតហេតុ ខ្លួន​បាន​ឌុ​ប​នារី​ម្នាក់​ធ្វើការ​ជាមួយ​គ្នា​ចេញពី​ផឹក​ភេសជ្ជៈ​នៅ​ម៉ាត​មួយ​កន្លែង​ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ ដោយ​ធ្វើ​ដំណើរ​ទៅ​យានដ្ឋាន​វិញ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ទៅ​ដល់​កែង​ផ្លូវ​លេខ​២៧១​និង​ផ្លូវ​លេខ​១៧៣ ក៏​លេចមុខ​ជន​មួយ​ក្រុម​មាន​គ្នា​៧​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង មក​ពីក្រោយ​ហើយ​ធ្វើ​ជា​ស្រែក​យក​លេស​ថា «​អា​មួយ​ហ្នឹងហើយ​វាយ​ប្អូន​ឯង​» រួច​ក៏​កៀរ​ម៉ូតូ​របស់​ខ្លួន​ឱ្យ​ដួល ។ ភ្លាម​នោះ បក្សពួក​របស់​គេ​នាំ​គ្នា​ចុះ​ពីលើ​ម៉ូតូ​យក​ដុំ​ថ្ម​ដេញ​វាយ និង​គប់​ទៅ​លើ​រូប​ខ្លួន និង​មិត្ត​ស្រី​ត្រូវជា​ច្រើន​ដុំ​ថ្ម ធ្វើ​ឱ្យ​ភ័យ​ខ្លាច​និង​រត់​ចោល​ម៉ូតូ ហើយ​ក្រុម​ជន​នេះ​ក៏​លើក​ម៉ូតូ​របស់​ខ្លួន​ជិះ​យក​ទៅ​បាត់ ។ ឯ​ខ្លួន​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ទាំង​យប់​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ហ៊ា​ង ថា​រ៉េ​ត អធិការរង​នគរបាល​ខណ្ឌចំការមន បានឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​និង​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ក្នុង​អំពើ​វាយ​ប្លន់​ម៉ូតូ នា​វេលា​រំលង​អធ្រាត្រ​នោះ​ភ្លាម កម្លាំង​នគរបាល​ខណ្ឌ​ក៏​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌទួលគោក ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់ ក្នុង​ចំណោម​បក្សពួក​៧​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​នា​យប់​នោះ ។ ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​មាន ៖

១-​ឈ្មោះ លី គី​ម​សុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣C ផ្លូវ​លេខ​២៦១ សង្កាត់​បឹង​សា​ទ្បា​ង ខណ្ឌទួលគោក ។
២-​ឈ្មោះ ស៊ឹ​ម ពេជ្រ​មនោ​រម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣២Z ផ្លូវ​លេខ​៣២៤ សង្កាត់​បឹង​សា​ទ្បា​ង ។
៣-​ឈ្មោះ សុខ ពន្លឺ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦៥A ផ្លូវ​លេខ​២១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។
៤-​ឈ្មោះ ខៀវ ច​ន្ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​លេខ​២៤៧ សង្កាត់​ទឹកល្អក់​ទី​៣ ។
៥-​ឈ្មោះ ប៉ឹ​ក វាសនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ ។
៦-​ឈ្មោះ ហ៊ឹ​ម សុខ​ឃាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

ចំណែក​ជន​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ក្រុម​ជន​ទាំងនេះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក​តែ​មួយ ។
តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​ដែល​ក្រុម​ជន​ទាំងនេះ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​២​គ្រឿង​គឺ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AK-9432 និង​ម៉ា​កនិច ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1CV-7095​។ ជាមួយ​នេះ ក៏​បាន​ទៅ​យក​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ មួយ​គ្រឿង ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​ប្លន់​យក​ពី​យប់​ពី​ហាង​បញ្ចាំ​មួយ​កន្លែង មា​នទី​តាំងនៅ​ម្តុំ​ឃ្លាំង​រំសេវ​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ដែរ ។

ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ​ទៅ​យក​មិត្ត​ស្រី​ត្រូវ​ចោរ​២​នាក់​ប្លន់​យក​ទៅ​បាត់យុវជន​ម្នាក់​បាន​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ​ទៅ​យក​មិត្ត​ស្រី​របស់​ខ្លួន តែ​ចំ​ថ្ងៃ​ស៊យ​ខណៈ​ដល់​កែង​ផ្លូវ​លេខ​២០០៤​និង​ផ្លូវ​ណ​ត​ប្រ៊ី​ដ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នា​វេលា​ម៉ោង​៨​និង​១៥​នាទី យប់​ថ្ងៃ​ទី​១៩ ខែធ្នូ  ស្រាប់តែ​ត្រូវ​ជន​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម ភ្ជង់​និង​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោ​សុវត្ថិភាព​ទៀត ។

យុវជន​ដែល​ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​នេះ​ឈ្មោះ រុង នី  អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ម្តុំ​ផ្សារ​ត្រពាំង​ឈូក ។ យុវជន​រូប​នេះ​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ រូបគេ​បាន​ខ្ចី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ មិន​ទាន់​មាន​ស្លាក​លេខ ពី​មិត្តភក្តិ​ឈ្មោះ ឆុ​ន វុន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជាងសំណង់ ដើម្បី​ជិះ​ទៅ​យក​មិត្ត​ស្រី​ម្នាក់​នៅ​ម្តុំ​ផ្លូវ​ណ​ត​ប្រ៊ី​ដ ។

យុវជន រុង នី រៀបរាប់​ទៀត​ថា ខណៈ​រូបគេ​ជិះ​ម៉ូតូ​ដល់​កែង​ផ្លូវ​លេខ​២០០៤ ក៏​ត្រូវ​ជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម មក​កៀប​រូបគេ​ឱ្យ​ឈប់​ម៉ូតូ តែ​ដោយ​រូបគេ​មិន​ព្រម​ឈប់ ក៏​ត្រូវ​ពួក​ចោរ​វាយ​ក្បាល​នឹង​កាំភ្លើង​ពីក្រោយ បណ្តាល​ឱ្យ​បែក​ហូរ​ឈាម រួច​ធាក់​ទ​ម្ល​ក់​ពីលើ​ម៉ូតូ និង​យក​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្តង ដោយ​សុវត្ថិភាព​ទៅ​ហោង ៕