កម្ពុជា និង​ថៃ​​ព្រមព្រៀង​​លើ​គោលដៅ​​ពាណិជ្ជកម្ម​​ទ្វេភាគី​ប្រកបដោយ​មហិច្ឆតា

​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ថៃ​បាន​ព្រម​ព្រៀង​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ឲ្យ​បាន​៣០០​ភាគ​រយ​ រហូត​ដល់​ទឹក​ប្រាក់​១៥​ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំ​២០២០​ អំឡុង​កិច្ច​ប្រជុំ​​ដែលក្នុង​នោះ​​ក៏​បាន​ចុះ​ហត្ថ​​​លេខា​ លើ​កិច្ច​ព្រមព្រៀង​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ថ្មី ពីរ​​ទៀត​​ និង​​ស្ថាបនា​ផ្លូវ​​​ដែក​​​​​​ដែល​តភ្ជាប់​ក្រុង​​ភ្នំពេញ និង​ក្រុង​បាំង​​​កក​​​ផងដែរ​។

​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​ព័ត៌មាន​រួម​ដែល​បាន​ចេញ​ផ្សាយ​​បន្ទាប់ពី​​កិច្ច​ប្រជុំ​​​កាលពី​ចុង​សប្ដាហ៍​បាន​ឲ្យ​ដឹង​ថា​​​អំឡុង​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រីចម្រុះ​ ​​កម្ពុជា​-ថៃ​លើក​ទី២​ក្នុង​ទីក្រុង​បាំង​កក មេដឹកនាំ​ទាំង​ពីរ​​​​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​​​សំដៅ​​​ បង្កើន​ពាណិជ្ជកម្ម សន្តិសុខ និង​​​ទេសចរណ៍​ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម និង​ការ​ងារ​ផង​ដែរ​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​លោក ប្រាយុទ្ធ ចាន់​​​អូចា នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ថៃ​​​ ធ្វើ​​​សន្និសីទ​​​កាសែត​​​បន្ទាប់​​​ពី​​​ពិធី​​​ចុះ​​​ហត្ថលេខា​​​នៅ​​​វិមាន​​​រដ្ឋាភិបាល​​​ ក្នុង​​​ទីក្រុង​​​បាងកក​​​ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។ រូបថតៈ រ៉យទ័រ

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​លោក ប្រាយុទ្ធ ចាន់​​​អូចា នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ថៃ​​​ ធ្វើ​​​សន្និសីទ​​​កាសែត​​​បន្ទាប់​​​ពី​​​ពិធី​​​ចុះ​​​ហត្ថលេខា​​​នៅ​​​វិមាន​​​រដ្ឋាភិបាល​​​ ក្នុង​​​ទីក្រុង​​​បាងកក​​​ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។ រូបថតៈ រ៉យទ័រ

​សេចក្តីថ្លែង​ការ​ណ៍នេះឱ្យដឹង​ថា “​អំពី​​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​​ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​​ព្រមព្រៀង​​បង្កើន​ទំហំ​​​​ពាណិជ្ជកម្ម ​ទ្វេ​ភាគីនាពេល​បច្ចុប្បន្នឲ្យ​​​​កើនឡើង​បីដង​​​នៅ​ឆ្នាំ​២០២០។ យោង​តាម​ក្រសួង​ពាណិជ្ជ​​​កម្ម​បាន​ឲ្យ​ដឹង​ថា ពាណិជ្ជកម្ម​សរុប​​រវាង​ប្រទេស​ទាំង​ពីរ​​ឡើង​ដល់​​៥ពាន់​លាន​ដុល្លារ​​កាលពី​ឆ្នាំ​មុន​​ ដោយ​ការនាំ​ចេញ​របស់​កម្ពុជា​​ស្មើ​នឹង​​៥៧១​​លាន​ដុល្លារ​។

កិច្ចព្រមព្រៀង​​ដែល​ចុះ​ហត្ថលេខា​ដោយ​​​​​ លោក ហ៊ុន សែន ​និង​ឧត្ដម​សេនីយ៍​ ប្រាយុទ្ធ ​​ផ្ដោត​ទៅ​លើ​​​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅតាម​ព្រំដែន​រួមរបស់​​ប្រទេស​ទាំង​ពីរ​ និង​កិច្ច​ព្រម​ព្រៀង​​​​​រួម​គ្នា​ក្នុងការ​បង្កើន​​ការ​វិនិយោគ​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ប៉ុស្តិ៍​ត្រួត​ពិនិត្យ ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​​​ក្នុង​​បណ្ដា​ខេត្ត​តាម​ព្រំដែន​ គឺ​ខេត្ត​​បន្ទាយមាន​ជ័យ និង​ខេត្ត​កោះ​កុង​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​​​​ខេត្ត​ស្រះកែវ និង​ខេត្ត​ត្រាត​ក្នុង​ប្រទេស​ថៃ។

សេចក្ដី​ថ្លែងការណ៍​នេះ​លើក​ឡើង​ថា     “​​សេវា​កម្ម​រថភ្លើង​រវាង​​​ក្រុង​ភ្នំពេញ និង​ក្រុង​បាំង​កក នឹង​ចាប់​ផ្ដើម​​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​២០១៦។ ​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​ “​ក៏​បាន​ព្រម​​​ព្រៀង​ពន្លឿន​ការ​បើក​ច្រក​​​អន្តរជាតិ​​បន្ថែម​ពីរ​ទៀតផងដែរ​”។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​បន្ត​​​ថា “​​ប៉ុស្តិ៍​ ត្រួត​ពិនិត្យ​បន្ថែម​ដូច​បាន​លើក​ឡើង​ខាង​លើ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​ប្រែក្លាយ​​តំបន់​ព្រំដែន​ឲ្យ​ទៅ​ជា​តំបន់​ពាណិជ្ជកម្ម និង​ផលិត​កម្ម​ដ៏សំខាន់​” ដោយ​កត់​សម្គាល់ថា ការ​​​ធ្វើ​​​នេះ​​​ នឹង​បើក​ព្រំដែន​សម្រាប់​ “ការ​បម្លាស់​​​ទី​​​​របស់​ប្រជា​​​ពល​រដ្ឋ​ដោយ​សេរី និង​ការ​ងារ​នៅក្នុង​តំបន់​”។

ប្រទេស​ទាំងពីរ​​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​ការ​ងារ​ថ្មី​​​ ដែល​ក្នុង​នោះ​ប្រទេស​ថៃ​នឹង​បណ្ដុះ​បណ្ដាល​បុគ្គលិក​​​ខ្មែរ​ ដោយ​​​បាន​​ព្រមព្រៀង​បង្កើត​ “​មន្ទីរ​ពេទ្យ​បុត្រ​សម្ព័ន្ធ​” នៅ​តាម​ព្រំដែន​សម្រាប់​​ពលករ​ចំណាក​ ស្រុក​​​​និង​សន្យាផ្សព្វ​​​ផ្សាយ​​យុទ្ធនាការ​ទេស​​​ចរណ៍​​​ “ព្រះ​​រាជា​ណា​ចក្រ​ពីរ ទិសដៅ​មួយ” ផងដែរ។

​យោង​តាម​របាយការណ៍​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​​ព័ត៌មាន​ថៃ​បាន​ឲ្យ​ដឹង​ថា​ អំឡុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សៅរ៍​​​ បន្ទាប់ពី​​​កិច្ច​​ប្រជុំ​ថ្នាក់​ កំពូល​ក្នុង​ទីក្រុង​បាំងកក ដែលក្នុងនោះ​​ក៏​​អប​អរ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​​កម្ពុជា ​និង​ថៃដែរ លោក​ឧត្ដម​សេនីយ៍ ប្រាយុទ្ធ បាន​លើក​ឡើង​ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ល្អ​ប្រសើរ​បំផុត​ដែល​មិន​ធ្លាប់​មាន​។

​អំឡុង​​​​កិច្ច​ប្រជុំនោះ​​ដែរ​​ លោក ហ៊ុន សែន ​​​បាន​​ប្រកាស​ថា លោក​បាន​អញ្ជើញ​​​នាយក​​រដ្ឋមន្ត្រី​ថៃ​​​ឲ្យ​មក​​ចូល​រួម​កិច្ច​ប្រជុំ​​​ចម្រុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ ហើយ​​ លោក​បាន​លើក​ឡើង​ថា ​លោក​​​​មាន​​គម្រោង​ និពន្ធចម្រៀង​មួយ​បទ​​​រៀបរាប់​អំពី​ទំនាក់​ទំនង​​​​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​​ពីរ​។

​ឈរ​នៅក្បែរ​​ឧត្ដម​សេនីយ៍​ ប្រាយុទ្ធ លោក ហ៊ុន សែន បាន​​ថ្លែង​ថា “​ឥឡូវ​នេះ​​យើង​ឃើញ​​​​ថា ភាគី​ទាំង​ពីរ​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​ស្តី​​​ពី​​​បញ្ហា​មួយ​នានា​​​ រួម​មាន​​បញ្ហា​ទាក់​ទង​​នឹង​​ពលករ​ចំណាក​ស្រុក​ និង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ភាគី​ថៃ​ទទួល​ស្ថាបនា​ផ្លូវដែក​ ហើយ​ខ្ញុំ​នឹង​​​និពន្ធ​ចម្រៀង​មួយ​បទ​​សម្រាប់​​ ‘ស្ពាន​មិត្តភាព’​​ ហើយ​​ប្រជាពលរដ្ឋ​​​មកពី​ភាគី​ទាំង​ពីរ​​ នឹង​​រាំកម្សាន្ត​​រួមគ្នា​ជាមួយ​បទ​ចម្រៀង​នេះ”។

លោក​​​ ចាយ៉ាន មេណុន (Jayant Menon) ​សេដ្ឋវិទូ​ជាន់​ខ្ពស់​​នៅ​​ការិយាល័យ​​សមា​ហរណ​​​​ កម្ម​ប្រចាំ​តំបន់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​បាន​មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​នេះ​ដើម្បី​ជំរុញ​​​កំណើន​វិនិយោគ​​ និង​រំហូរ​ការ​ងារ​ដោយ​សេរីនៅតាម​តំបន់​ព្រំដែន​​ដោយ​លើក​ឡើង​ថា ​កម្ពុជា​បាន​​ចាត់ទុក​សក្ដានុ ពល​របស់​ប្រទេស​ថៃ​​ថា ជា​ទិសដៅ​ការ​ងារ​​​​​​សម្រាប់​​​ ពលករ​ចំណាក​ស្រុក​។

លោក មេណុន បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​​​​កំណើន​ពលករ​​កម្ពុជា​​​ដែល​ស្វែង​រក​​​​ការ​ងារ​ធ្វើ​​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថៃ​អាច​​ធ្វើ​​ឲ្យ​​​ការ​អភិវឌ្ឍនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​ក្នុង​ប្រទេស​កម្ពុជា​យឺតក៏ដោយ ក៏​ទីបំផុត​​ប្រទេស​ថៃ​​បាន​ផ្ដល់​ផល​​ប្រយោជន៍ និង​ប្រាក់​ខែ​ល្អ​ប្រសើរ​ផង​ដែរ​។

លោក​បាន​លើក​ឡើង​ថា​​​ “​​ប្រសិន​បើ​រដ្ឋា​​​ភិបាល​​​​​​ទទួល​ស្គាល់​បញ្ហា​នេះ ហើយ​សម្រប​សម្រួល​​​ការ​​​បម្លាស់ទី​​​​ការងារ​ប្រភេទ​នេះ ខ្ញុំ​គិត​ថា នេះគឺ​ជា​​​ការ​វិវត្តដ៏អស្ចារ្យ​​ ប៉ុន្តែ​​​ ខ្ញុំ​បារម្ភ​ ថា រដ្ឋាភិបាល​​​គិត​​​តែ​​​ពី​​​​ខ្លួន​ឯង​ និង​ជាតិ​និយម​​​។

​លោក មេណុន បាន​ថ្លែង​ថា ខណៈដែល​វា​រហ័ស​​​ពេក​​ក្នុង​ការ​ប្រាប់​​ថា​​​តើ​​តួលេខ​ពាណិជ្ជ កម្ម​​​​​១៥​ពាន់​លាន​ដុល្លារសម្រេច​​​បាន​​​ក៏ដោយ​​​ ​​​ក៏​នៅ​មាន​ឱកាស​ច្រើន​សម្រាប់​សកម្ម​​​ភាព​សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​ដែរ​។

លោក​បាន​ថ្លែង​ថា “​​អ្នក​គួរ​ស្រមៃ​ថា វិស័យ ​កំណើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ត្រឹម​តែ​សម្រាប់​ផលិត​ផល​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​​ផលិត​ផល​កែច្នៃ​ផង​ដែរ​។ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ មានការ​នាំ​ចូល​ទំនិញ​​​ច្រើន​ពី​ប្រទេស​ថៃ​”៕ សារុន (រាយការណ៍​បន្ថែម​ដោយ Colin Meyn)

The post កម្ពុជា និង​ថៃ​​ព្រមព្រៀង​​លើ​គោលដៅ​​ពាណិជ្ជកម្ម​​ទ្វេភាគី​ប្រកបដោយ​មហិច្ឆតា appeared first on ខេមបូឌា ដេលី.