កូនប្រុស​ឧក​ញ៉ា ហ៊ុ​យ គឹ​ង ធ្វើ​អត្តឃាត​ពី​ជាន់​ទី​16

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ឧត្តមសេនីយ៍​យោធា ជា​កូនប្រុស​លោកឧកញ៉ា ហ៊ុយ គឹ​ង បាន​ធ្វើអត្តឃាត​ដោយ​លោត​សម្លាប់​ខ្លួន​ពីលើ​ជាន់​ទី​១៦ នៃ​អគារ​ខុន​មួយ​កន្លែង ស្ថិត​នៅ​តាមផ្លូវ​លេខ​៣៣៧ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ហើយ​ធ្លាក់​ទៅ​លើដំបូលផ្ទះ​មួយ​ប្រក់ស​ង្ក័​សី អ្នកនៅ​ខាងក្រោម បណ្តាល
ឱ្យ​ធ្លាយ​ដំបូល​ចំ​កណ្តាល​ផ្ទះ​បោក​ក្បាល​ស្លាប់​នៅនឹង​កន្លែង ដែល​ព័ត៌មាន​ដំបូង​ថា​ជា​អំពើ​ឃាតកម្ម ប៉ុន្តែ​តាម​ពិត​គឺជា​ការ​ធ្វើ​អត្តឃាត​ដោយ​គ្រឿងញៀន ។

ការ​ធ្វើ​អត្តឃាត​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ខណៈ​ដែល​ស្ត្រី​ជា​ម្តាយ​បាន​ហៅ​បុគ្គលិក​មណ្ឌល​ផ្តាច់​គ្រឿងញៀន D T A ឱ្យ​នាំ​ទៅ​មណ្ឌល​នោះ​ដើម្បី​ព្យាបាល ។

បុរស​ដែល​ធ្វើ​អត្តឃាត​ឈ្មោះ ហ៊ុយ ឈី​ន អាយុ​២៧​ឆ្នាំ ត្រូវ​គេ​ប្រាប់​ថា ជា​ឧត្តមសេនីយ៍​យោធា និង​ជា​កូនលោក​ឧកញ៉ា ហ៊ុយ គឹ​ង ដែល​ជា​អ្នកនិពន្ធ​និង​តារា​ភាពយ​យន្ត​ជើង​ចាស់ ម្នាក់​ដើរតួ​ក្រពើ​ឆា​រ៉ា​វ៉ាន់ មាន​លំនៅ​ស្នាក់​នៅ​បន្ទប់​មួយ​នៃ​ជាន់​ទី​១៦ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍​រូប​នោះ​ជា​មនុស្ស​ញៀន​ថ្នាំ ដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ដាក់​មណ្ឌល​ជា​ច្រើន​លើក​មក​ហើយ ។ នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​គាត់​ស្នាក់​នៅ​ក្នុង​បន្ទប់​ខុន​ដូ ឥទ្ធិពល​គ្រឿងញៀន​បាន​រើ​ឡើង ហើយ​ក៏​បាន​ប្រើ​អ្នកបើកបរ​រថយន្ត​ទៅ​ទិញ​គ្រឿងញៀន តែ​អ្នកបើកបរ​មិន​ទៅ​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ម្តាយ​ឈ្មោះ ពៅ ឆវី អាយុ​៥៤​ឆ្នាំ ប៉ុន្តែ​ម្តាយ​មិន​ទិញ​ឱ្យ​ទេ ហើយ​ឆក់​ឱកាស​នោះ​បាន​ទៅ​ហៅ​បុគ្គលិក​មណ្ឌល​ផ្តាច់​គ្រឿ​ញៀន D T A ឱ្យទៅ​នាំ​កូន​ទៅ​មណ្ឌល ។
តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ដែល​ម្តាយ​និង​បុគ្គលិក​មណ្ឌល​កែប្រែ​មក​ដល់​គាត់​ដឹងខ្លួន​ទាន់​ក៏​បាន​បិទទ្វារ​ដាក់​គន្លឹះ​ពី​ខាងក្នុង រួច​ក៏​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​មក​ក្រោម​តែ​ម្តង ។

តាម​ស្ត្រី​ម្នាក់​ឈ្មោះ ងី សឿ​ន អាយុ​៣០​ឆ្នាំ ជា​កម្ម​ការី​នី​កាត់ដេរ​ស្នាក់​នៅផ្ទះ​ជួល ពីក្រោយ​ជាប់​ខុន​ដូ​នោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​២​នាក់​បងប្អូន​បាន​នាំ​គ្នា​ហូប​បាយ​រូ​ចរាល់ ប្រុង​ប្រមូល​ចាន​ចេញ​ស្រាប់តែ​ឮ​សម្លេង ដូច​ផ្ទុះ​ហ្គា​ស ហើយ​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្តូកស្តឹង​ផ្កាប់​នៅ​កណ្តាល​ផ្ទះ​ក្បែរ​ពួក​គេ ។ ភ្លាម​ៗ​គាត់​ស្មាន​តែ​ប្អូនស្រី​គាត់​ក៏​បាន​ស្ទុះ​ទៅ​អោប​ស្រែកយំ​រត់​ចេញ​មក​ក្រៅ​ឱ្យ​អ្នក​ជិតខាង​ជួយ​នាំ​គ្នា​ជួយ​លើក​ផ្ងា​ឡើង​មើល​មុខ ទើប​ដឹង​ថា មិនមែន​ប្អូន​ទេ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​។ ដំបូលផ្ទះ​បាន​ធ្លុះធ្លាយ​ដោយសារ​តែ​បុរស​រូប នេះ​លោត​សម្លាប់​ខ្លួន ហើយ​ធ្លាក់​ទៅ​ចំ​កណ្តាល​ផ្ទះ ។ បន្ទាប់​ពី​ភ្ញាក់ផ្អើល សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​សព រួច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕