ការ​លុប​រូបគំនូរ​គួរ​ឱ្យ​ស្តាយ​នៅ​មិន​ទាន់​ចប់​ការ​បញ្ចេញមតិ​ទេ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​ខៀវ កា​ញា​រី​ទ្ធ បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា ប្រសិនជា​លោក​ជ្រុល​លុប​រូបគំនូរ​ស្ត្រី​នៅ​លើ​ជញ្ជាំង​នៃ​អគារ​ប៊ូល​ឌី​ង​ដែល​ចាស់​ទ្រុឌទ្រោម​នោះ លោក​នឹង​លាបថ្នាំ​ពណ៌​ថ្មី​លើ​អគារ​នេះ​ទាំងអស់ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង ។ លោក​ថា​៖ «​ដល់​អាយុ​ឡើង​ហុ​ក​គិត​ចេះ​តែ​ប្លែក​! ខ្ញុំ​គិត​ថា បើសិនជា​ខ្ញុំ​ជ្រុល​ទៅ​លុប​រូប​លើ​ជញ្ជាំង​ប៊ូល​ឌី​ង​ដ៏​កញ្ចាស់​អ​ញ្ចឹ​ង​ហើយ ខ្ញុំ​សុខចិត្ត​លាប​ពណ៌​ថ្មី​ឱ្យ​ប៊ូល​ឌី​ង​ទាំងមូល​តែ​ម្តង ដើម្បី​បាន​ស្អាត​ទីក្រុង​ផង ។ សូមទោស មនុស្ស​ចាស់​គិត​លេង​ៗ​ទេ​» ។

ជា​ការ​ពិត សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ បញ្ជា​ឱ្យ​លុប​រូប​នោះ​ចោល ។ ក្រៅពី​នេះ ក៏​ចាត់​ឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត​មក​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួន ។ ភ្លាម​ៗ​នោះ​ដែរ អាជ្ញាធរ​បាន​លុប​រូប​នោះ​ចោល​ទាំង​យប់ ។

លោក​ឡុ​ង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ពន្យល់​ពី​វិធានការ​នេះ​ថា គំនូរ​នេះ​មិន​សម​នឹង​ដាក់​បង្ហាញ​នៅ​ទី​សាធារណៈ ព្រោះ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ មិន​ដែល​គូររូប​បែប​នេះ​នៅ​ទី​សាធារណៈ​ទេ ។ លោក​បន្ត​ថា វិចិត្រករ​ជនជាតិ​អា​មេ​រិ​ក​ដែល​គូររូប​នេះ ពិតជា​បាន​ដាក់​ពាក្យ​ស្នើ​សុំ​មក​សាលា​រាជធានី​ភ្នំពេញ​មែន ដើម្បី​គូរគំនូរ​នេះ និង​នៅ​កន្លែង​ផ្សេង​ទៀត ប៉ុន្តែ​សាលា​រាជធានី​មិន​ទាន់​ឆ្លើយ​តប​ផង ស្រាប់តែ​វិចិត្រករ​រូប​នេះ​គូរ​មុន​រួច​ទៅ​ហើយ ។

សាធារណ​មតិ​នៅ​តែ​មិន​អស់​មិន​ហើយ​ក្នុង​ចិត្ត​ចំពោះ​ការ​លុប​រូប​អ្នកស្រី​មឿង ថា​រី ដែល​ជា​អ្នក​រស់នៅ​ក្នុង​អគារ​ប៊ូល​ឌី​ង​នេះ និង​ជា​បុគ្គលិក​ខាង​ដេរ​ប៉ាក់​សម្លៀក​បំពាក់​របាំ​ផង​ដែរ ។ ជា​ការ​ពិត​ណាស់ អគារ​ប៊ូល​ឌី​ង​ដ៏​កញ្ចាស់​នេះ កាន់តែ​ចាស់​ទៅ​ៗ ខណៈ​អគារ​នៅ​ជុំវិញ​កាន់តែ​ទំនើប​ទៅ​ៗ ។ គ្រប់​គ្នា​នៅ​តែ​សោកស្តាយ​ចំពោះ​ការ​លុប​រូប​នេះ​ដោយសារ​តែ​ការ​គូរ​រួចរាល់​ហើយ​ទើប​នាំ​គ្នា​លុប​ចោល តែ​ក្នុង​រយៈពេល​គូរ​យូរថ្ងៃ​បែរជា​គ្មាន​វិធានការ ៕