បញ្ហាទ្វារមាសស្ងួត ដែល​ស្ត្រីគ្រប់រូបគួរស្វែងយល់​ឲ្យបាន​ច្បាស់

រាងកាយ​របស់មនុស្ស​យើងអាច​ប្រឈមមុខ​នឹងបញ្ហាសុខភាព​ជាច្រើន​គ្រប់ពេល ប៉ុន្តែមាន​សញ្ញាមួយចំនួន​ប្រាប់ឲ្យ​ដឹងពីប្រភេទជំងឺក្នុងពេល​ធ្វើរោគ​វិនិច្ឆ័យ។ ទ្វារមាស​របស់អ្នក​ក៏អាច​ជាកន្លែងបង្ហាញ​ពីសុខភាពល្អ ឬអាក្រក់​​របស់​អ្នក​ផងដែរ។ បំរែបំរួលណាមួយ​នៅក្នុងទ្វារមាស​អាចមាន​ន័យថា អ្នកមាន​បញ្ហា​សុខភាព។ តាមធម្មតា ទ្វារមាស​រក្សាជាតិ​សំណើមជានិច្ច បង្ហាញ​ថា អរម៉ូន​របស់អ្នក​មាន​ស្ថេរភាពល្អ។ តែទោះបីជា​យ៉ាងណា ទ្វារមាសស្ងួត​អាចបង្ហាញពី​បញ្ហាសុខភាព​ជាច្រើន ដែល​ប្រែប្រួល​ពីបញ្ហា​សុខភាព​តូចតាច​រហូតដល់​បញ្ហាសុខ​ភាពធ្ងន់ធ្ងរ។
 
បញ្ហាទ្វារមាសស្ងួត ដែល​ស្ត្រីគ្រប់រូបគួរស្វែងយល់​ឲ្យបាន​ច្បាស់
ជួនកាល រាងកាយ​មានបំរែបំរួល​តិចតួច​ដូចជា៖ ភាពតានតឹង, ខ្សោយចំណង់​តណ្ហា និងបំរែបំរួល​ជីវិតរស់នៅ ដែលអាច​ធ្វើឲ្យទ្វារមាស​របស់អ្នក​ប្រែជាស្ងួត។ តែទោះបីជា​យ៉ាង​ណា​​ក៏ដោយ ទ្វារមាស​ស្ងួតក៏ទាមទារ​ឲ្យមាន​ការព្យាបាល ព្រោះវា​អាច​ជារោគសញ្ញា​នៃជំងឺដែល​ត្រូវយកចិត្ត​ទុកដាក់។
បញ្ហាស្ងួតទ្វារមាស​ក៏អាច​បណ្តាលឲ្យ​មានបញ្ហា​ដល់ការបង្កាត់​ភ្លើង​ស្នេហ៏ផងដែរ ព្រោះវានឹង​ធ្វើឲ្យ​មានការ​ឈឺចាប់។ ប្រើទឹករំអិលលើទ្វារមាស​ក៏មិនមែន​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហានេះ​បាន​រហូតដែរ។ អ្នក​ត្រូវព្យាបាល​វា។ ខាងក្រោមនេះ​នឹងបង្ហាញ​ពីមូលហេតុធ្វើឲ្យ​ទ្វារមាសស្ងួត ៖
បញ្ហាការ​បង្កកំណើត
នៅពេលបង្កកំណើត ទ្វារមាសនៅតែ​រក្សាជាតិសំណើម ហើយតែងតែ​បញ្ចេញជាតិ​ស្លេស្មពីទ្វារមាស ដែលបង្ហាញ​ថា ដំណើរនៃ​ការបង្កកំណើត​ប្រព្រឹត្តទៅ​តាមធម្មតា។ ប្រសិន​បើទ្វារមាស​របស់អ្នក​ស្ងួត វាបញ្ជាក់ថា អ្នកមិនមែន​កំពុងបង្កកំណើត​ឡើយ។ ក្នុងករណីនេះ អ្នកត្រូវ​ទៅជួបនឹង​វេជ្ជបណ្ឌិត ដើម្បីពិនិត្យមើល​បញ្ហាការ​បង្កកំណើត​របស់អ្នក។
ប្រើសាប៊ូ​កម្ចាត់មេរោគ
បញ្ហាទ្វារមាសស្ងួត​បណ្តាលមកពី​ការប្រើសាប៊ូកម្ចាត់​មេរោគ។ ការប្រើសាប៊ូ​កម្ចាត់មេរោគ​លាងសម្អាត​លើទ្វារមាស​ញឹកញាប់ក៏​អាច​បណ្តាលឲ្យទ្វារមាស​ស្ងួត​បានដែរ។ វត្តមាន​សារធាតុគីមី​ក្នុងសាប៊ូ​អាចចូលទៅ​ក្នុងទ្វារមាស ហើយអាច​ធ្វើឲ្យប៉ះ​ពាល់​ខ្លាំង រួមទាំងធ្វើឲ្យ​ទ្វារមាស​ស្ងួត។ ដូច្នេះ អ្នកត្រូវបញ្ឈប់​ការប្រើសាប៊ូកម្ចាត់​មេរោគលើទ្វារមាស​ច្រើន និង​ត្រលប់​មក​ប្រើតិចតួច​វិញ។
បញ្ហាក្រពេញ​ទីរ៉ូអ៊ីត
ប្រសិនបើអ្នកមាន​បញ្ហាក្រពេញទីរ៉ូអ៊ីត ថាមពលផ្លូវភេទ​នឹង​ចុះខ្សោយ។ ក្នុងករណី​មានបញ្ហា​ក្រពេញទីរ៉ូអ៊ីត នោះអរម៉ូនភេទក៏អាច​មានបំរែបំរួល បណ្តាលឲ្យ​ស្ងួតទ្វារមាស។ ដូច្នេះ ប្រសិនបើអ្នក​ជួបនឹងអាការៈ​ផ្សេងទៀត​ក្រៅពីស្ងួតទ្វារមាស​ដូចជា៖ ជ្រុះសក់, ស្បែកស្ងួត, ចេញរមាស់ និងឡើងទម្ងន់ អ្នកត្រូវប្រញាប់​ទៅពិនិត្យមើល​ក្រពេញទីរ៉ូអ៊ីត។
ភាព​តានតឹង
នៅពេលអ្នក​ប្រឈមនឹងភាពតាន​តឹង ដោយសារបញ្ហាជា​ច្រើននៅ​ក្នុងជីវិត នេះអាច​បណ្តាលឲ្យ​អសមតុល្យ​អរម៉ូន និងចំណង់តណ្ហាផ្លូវភេទ​ចុះខ្សោយ។ នេះអាច​ធ្វើឲ្យទ្វារមាស​របស់​អ្នក​ស្ងួត ព្រោះការ​បញ្ចេញ​ទឹករំអិល​ក៏អាស្រ័យ​លើ​អារម្មណ៏​របស់អ្នក​ដែរ។ ភាពតានតឹង​ក៏អាចធ្វើឲ្យទ្វារមាស​បញ្ចេញអរម៉ូនអរទីសូល ដែល​នេះជាអរម៉ូនធ្វើឲ្យ​ឡើងទម្ងន់ និង​មាន​បញ្ហា​ផ្លូវភេទ ប្រសិនបើ​វាបាន​បញ្ចេញ​មកច្រើន។
កម្រិតអរម៉ូនអឺសស្ត្រូសែនទាប(រាំងរដូវ)
ប្រសិនបើអ្នកជួប​នឹងបញ្ហាអសមតុល្យ​អរម៉ូន​ដូចជា៖ ការបញ្ចេញអរម៉ូនអឺសស្ត្រូសែន​ចេញពីរាងកាយ​ត្រូវថយចុះ នេះមាន​ន័យថា ដំណាក់កាល​នៃការ​រាំងរដូវ​បាន​មកដល់។ ក្នុង​កំឡុង​ពេល​រាំងរដូវ ការបញ្ចេញ​អរម៉ូនភេទ​ត្រូវចុះ​ខ្សោយ ដូច្នេះធ្វើឲ្យ​ទ្វារមាសស្ងួត។
ក្រោយពេល​សម្រាលកូន​រួច និងក្នុង​កំឡុងពេល​បំបៅដោះកូន
ក្នុងដំណាក់កាល​នេះអាចធ្វើឲ្យទ្វារមាស​ស្ងួត នៅពេល​អរម៉ូន​ត្រូវថយចុះ ព្រោះវា​បានកើនឡើង​ច្រើនក្នុង​កំឡុង​ពេលមានផ្ទៃពោះ​រួចមកហើយ។ តែទោះ​បីជាយ៉ាងណា ពេល​ខ្លះ​ក្រោយពេល​ឆ្លងទន្លេរួច អរម៉ូនអាច​ត្រលប់ទៅរក​កម្រិត​ធម្មតា​ក្នុងរាងកាយ​ដូចដើម​វិញ ហើយបញ្ហា​ទ្វារមាស​ស្ងួតនឹង​ចាប់ផ្តើម​អន់ថយចុះ។
ថ្នាំ
ប្រភេទថ្នាំមួយ​ចំនួនដូច​ជា ថ្នាំប្រឆាំងនឹង​អាឡាក់ហ្ស៊ីសម្រាប់​ជំងឺហឺត​ក៏អាចបណ្តាលឲ្យ​ទ្វារមាស​ស្ងួតផងដែរ។ នេះដោយសារ​តែថ្នាំទាំងនេះ​បានបញ្ឈប់​ការបញ្ចេញ​ជាតិស្លេស្ម ដូច្នេះ​ធ្វើឲ្យប៉ះពាល់​ដល់​ទ្វារមាស។ តែទោះបី​ជាយ៉ាងណា បន្ទាប់​ពីបញ្ឈប់ការ​ប្រើថ្នាំ ការបញ្ចេញ​ជាតិស្លេស្មតាម​ធម្មតានឹង​មានការកើន​ឡើងវិញ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!