ក្រសួង​ឲ្យ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ទៅចិន​ទាំងអស់​ចុះ​បញ្ជី​សាជាថ្មី

ក្រសួង​ឲ្យ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ទៅចិន​ទាំងអស់​ចុះ​បញ្ជី​សាជាថ្មី

ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ទៅ​ប្រទេសចិន​ទាំងអស់​ចុះ​បញ្ជី​សាជាថ្មី​ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៥ នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ឬ​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ​កម្ពុជា ខណៈ​ដែល​រដ្ឋាភិបាល​ចិន​បាន​កំណត់​នូវ​លក្ខខណ្ឌ​ថ្មី​​ដោយ​តម្រូវ​​ឲ្យធ្វើការ​ត្រួត​ពិនិត្យ​វាយ​តម្លៃ បច្ចេកទេស​អំពី​សមត្ថភាព​ក្រុមហ៊ុន​ក្នុងការ ផលិត​កែច្នៃ​និង​ស្តុក​អង្ករ​មុន​នឹង​នាំ​ចេញ។
 

ក្រសួង​ឲ្យ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ទៅចិន​ទាំងអស់​ចុះ​បញ្ជី​សាជាថ្មី

 

កាលពី​ខែ មិថុនា កន្លងទៅនេះ​កម្ពុជា​បាន​បញ្ជូន​ឈ្មោះ​ក្រុមហ៊ុន​នាំ​ចេញអង្ករ​ចំនួន ៧១​ក្រុមហ៊ុន​ឲ្យ​ទៅ​ភាគី​ចិន​តាមការ​ស្នើ​របស់​ប្រទេស​នេះ​ម្តង​រួច​មក​ហើយ ប៉ុន្តែ ក្នុង​ចំណោម​ក្រុម​ទាំងអស់​នេះ គឺ​មានតែ ចំនួន ២៨ ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​បាន​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន។
 

លោក បណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ច្រកចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ​កម្ពុជា​បានឲ្យដឹងក្នុង ឱកាស​ដែល​លោក​ដឹកនាំ​ក្រុម​ការងារ​ចុះ​វាយ​តម្លៃ​គុណភាព និង អនាម័យ​កែច្នៃ អង្ករ​របស់​រោងម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន​នៅ​ស្រុកឧដ្ដុង្គ ខេត្ត កំពង់ស្ពឺ កាលពីចុងសប្តាហ៍​មុននេះថា ការកំណត់​ឲ្យ​ចុះ​បញ្ជី​ជាថ្មីនេះ​គឺភាគីចិន​តម្រូវឲ្យ​ក្រុមហ៊ុន​បំពេញ​លក្ខខណ្ឌ​បី​ដោយ​ក្រុមហ៊ុន​នាំ​ចេញ​មាន​រោងម៉ាស៊ីន​កិនស្រូវ និង ឃ្លាំងស្តុក​ដោយ ខ្លួនឯង ឬ​មាន​តែ​រោងម៉ាស៊ីនកែច្នៃ ឬក៏ ឃ្លាំង​ស្តុក​អង្ករ។
 

លោកថ្លែងថា ចិន គឺជា ទិសដៅ​ទីផ្សារ​អង្ករ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដូច្នេះ ក្រុមហ៊ុន​នាំ​ចេញ​ទាំងអស់​ត្រូវតែ​ខិតខំ ពង្រឹង​គុណភាព និង​ភូតគាម​អនាម័យ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ស្របទៅតាម​ស្តង់ដារ ខណៈ​ដែល​ប្រទេសចិន​កំពុងបង្កើន​ការរឹត​បណ្តឹង​គុណភាព​អង្ករ​នាំចូល​ពី​បរទេស ដើម្បី​បង្ការ​នូវ​ការរាលដាល​សត្វល្អិត​មាន ជំងឺឆ្លង​ធានា​សុវត្ថិភាព សុខភាព​មនុស្ស និង រុក្ខជាតិ​ក្នុងប្រទេសខ្លួន។ យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញ​ចូល​តែមួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ​បង្ហាញថា ការ​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​១១​ខែ​ដំបូង​ឆ្នាំ២០១៥ សម្រេច​បាន​ច្រើន​ជាងគេ​ចំនួន ៩៤ ៩៣១តោន ក្នុងនោះ​អង្ករក្រអូប ៤៤ ៧២១ តោន និង អង្ករស​ចំនួន៥០ ២១០តោន។
 

កាលពីខែ តុលា កន្លងទៅនេះ​ប្រទេសចិន​បានយល់​ព្រមទិញអង្ករពីប្រទេសកម្ពុជាក្នុងមួយឆ្នាំៗយ៉ាងតិច១០ម៉ឺនតោន​ដែលកិច្ចព្រមព្រៀងនេះ​នឹង​អនុវត្ត​ចាប់​ពី​ឆ្នាំ ២០១៦តទៅ។
 

អ្នកស្រី សៅ សុនីតា អនុប្រធាន​ជាន់ខ្ពស់ ក្រុមហ៊ុន​ហ្គោលដេនរ៉ាយស៍ (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​នាំចេញ​អង្ករទៅ​ប្រទេស​ចិន​ច្រើនជាងគេ​បាន​ឲ្យដឹងថា​ក្នុងរយៈពេល ១១ខែកន្លងមកនេះក្រុមហ៊ុនហ្គោលដេនរ៉ាយស៍នាំចេញទៅចិនបានជាង១៥០០០ តោន គឺកើនឡើង​ទ្វេដងបើធៀប​នឹងរយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។
 

អ្នកស្រីថ្លែង​ថា ទោះបីទីផ្សារ​ចិន​មាន​តម្រូវ​ការ​លក្ខខណ្ឌ​តឹងតែង​បន្តិចក្តី ប៉ុន្តែ សម្រាប់​ក្រុមហ៊ុន​អ្នកស្រី​មិនដែល​មានបញ្ហាអ្វីឡើយ​ក្នុងការ​នំា​ចេញ​ទៅ​ប្រទេសនេះ។
 

តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែបបទ​នាំចេញ​អង្ករ​បាន​ឲ្យ​ដឹងទៀតថា ក្នុង រយៈពេល​១១​ខែដំបូង​ឆ្នាំ ២០១៥ ប្រទេស កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុប​ចំនួន ៤៥៦-៩១៧ តោន ពោល​គឺ​កើន​ឡើង ៣៦ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន៕
 

អត្ថបទ៖ លោក ភិរុណ
ប្រភព៖ KhmerDaily