អ្នកជំនាញ​៖ ស្រះស្រី​ស្រះ​ប្រុស នៅ​ប្រាសាទអង្គរវត្ត មាន​តួនាទី​សំខាន់​លើសពី​អ្វី ដែល​យើង​ធ្លាប់​គិត​

ភ្នំពេញ: "​ស្រះស្រី​ស្រះ​ប្រុស​" ដែល​ស្ថិតនៅ​អម​សងខាង​រានហាល​ត​ភ្ជាប់​ពី​ខ្លោងទ្វារ​តារា​ជ្យ ទៅ​ក្តារបែន​នៃ​ប្រាសាទអង្គរវត្ត ត្រូវបាន​ស្ថាបនា​ឡើង​ក្នុង​សម័យកាល​ដូចគ្នា​នឹង​ប្រាសាទអង្គរវត្ត ដ៏​អស្ចារ្យ​របស់​ខ្មែរ​ដែរ​។ ស្រះស្រី​ដែល​ស្ថិតនៅ​ជើង​រានហាល ជាទូទៅ​ច្រើន​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ជាង​ស្រះ​ប្រុស ដោយសារ​តែងមាន​ទឹក​គង់នៅ​ជាប្រចាំ ដែល​គេ​អាច​មើលឃើញ​រូប​ឆ្លុះ កំពូល​ទាំង​ប្រាំ​នៃ​ប្រាសាទអង្គរវត្ត ដ៏​ស្រស់ស្អាត​នៅក្នុង​ស្រះ​នេះ​បាន​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សាយ​ថា មូលហេតុ​នេះហើយ ដែល​ភ្ញៀវទេសចរ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត មិនអាច​រំលង​ពី​ការភ្ជាប់​ខ្លួន​ទៅនឹង​ទស្សនីយភាព​នេះ តាមរយៈ​ការថតរូប បានឡើយ​។ ដូច្នេះ ស្រះ​ទាំងពីរ​នេះ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បន្ថែម​សម្រស់​ដល់​អង្គរវត្ត ដែលជា​ទិដ្ឋភាព​មួយ មិនអាច​ខ្វះ​បាន​ចំពោះ​អ្នកទស្សនា​។​

​លើសពី​ការ​ឃើញ​ត្រឹម​សោភណភាព​គួរ​ឲ្យ​ចង់​គយគន់ និង​ផ្តិត​រូបភាព​របស់​មនុស្ស​ទូទៅ អ្នកជំនាញ​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី ពន្យល់ថា ស្រះ​ទាំងពីរ​នេះ មាន​តួនាទី ២​យ៉ាង​ផ្សេងគ្នា គឺ​ទី​១ ទាក់ទង​នឹង​ជំនឿ​សាសនា និង​ទី​២​ទាក់ទង​នឹង​បច្ចេកទេស​។​

​តួនាទី​ទី​១ លោក​ពន្យល់ថា ធម្មតា​ប្រាសាទ​ជាទី​ស្ថាន​របស់​ព្រះ សាង​ទ្បើង​ក្នុង​ទម្រង់​រូបភាព​ប​ម្រួ​ញ​របស់​ចក្រ​វា​ឡ​។ អង្គរវត្ត​ក៏​ដូចគ្នា ដែល​ប្រាសាទ​កណ្តាល​ចាត់ទុកជា​ភ្នំ​មេរុ ឬ​ព្រះ​សុមេរុ ក្នុង​ទស្សនៈ​ព្រហ្មញ្ញសាសនា​។ តាម​ទស្សនៈ​នេះ ភ្នំ​ព្រះ​សុមេរុ​ជា​លំនៅឋាន​អាទិទេព​ផ្សេងៗ ដែល​ហ៊ុមព័ទ្ធ​ដោយ​មហាសមុទ្រ និង​ជួរ​ភ្នំ​ថ្ម​យ៉ាងខ្ពស់​។ ដើម្បី​ចូលខ្លួន​ទៅ​បូជា​ដល់​លំនៅឋាន​អាទិទេព​ខាងលើ បុព្វបុរស​ខ្មែរ​កសាង​ស្ពាន​ដែល​នៅ​អង្គរ​វត្តមាន​២​គឺ​ស្ពាន​ហា​លក​សិន្ធុ​ទឹក និង​រានហាល​ត​ភ្ជាប់​ពី​គុក​តា​រាជ្យ​មក​ក្តារបែន ប្រើ​សម្រាប់​ចម្លង​មនុស្ស​ពី​ឋានកណ្តាល​ទៅ​ឋាន​អាទិទេព​។

​នៅតាម​ផ្លូវ​មុននឹង​ដល់​ឋាន​អាទិទេព ស្រះ​ទាំងពីរ​ត្រូវបាន​ស្ថាបនា​ឡើង ប្រដូច​ទៅនឹង​ទន្លេ​គង្គា និង​ទន្លេ​យមុនា ដើម្បី​បន្សុទ្ធ​មនុស្សលោក​ឲ្យ​ជ្រះ​ស្រ​ទ្បះ​ពី​ធាតុ​ជាម​នុស្ស និង​គ្រប់​មន្ទិល​ទាំង​អម្បាល​មាណ មុននឹង​ឈានឡើង​ទៅដល់​ឋាន​អាទិទេព​នោះ​។​

​តួនាទី​ទី​២ គឺ​ទាក់ទង​នឹង​បច្ចេកទេស ដោយ​មូលហេតុ ស្រះ​ទាំងពីរ​គឺជា​កញ្ចក់​ឆ្លុះស្រមោល​កំពូល​ទាំង​៥​របស់​អង្គរវត្ត ដែលជា​តំណាង​ភ្នំ​ព្រះ​សុមេរុ ដែលមាន​កំពូល​ទ្បើង​ខ្ពស់​ទៅលើ​អាកាស និង​បាត​កប់​ជ្រៅ​ទៅក្នុង​ផែនដី​។ ផ្នែក​ខាងលើ​នៃ​ភ្នំ​ព្រះ​សុមេរុ​ងាយ​បង្ហាញ​ដូច ដែល​ឃើញស្រាប់​។ ​រីឯ​ផ្នែក​ពាក់កណ្តាល​កប់​ក្នុង​ផែនដី​មិនដឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ដូចម្តេច ស្ថាបត្យករ​សម័យបុរាណ​ក៏​ជីក​ស្រះ ដែល​មិន​ជ្រៅ​ប៉ុន្មាន​ប្រើ​ជា​កញ្ចក់​ឆ្លុះ​ឲ្យ​ឃើញ​រូប​ពាក់កណ្តាល​ទៀត​នៃ​ភ្នំ​ព្រះ​សុមេរុ ដែល​ឆ្លុះ​ចាំង​ទៅ​ក្រោម​ផ្ទៃ​ទឹក ដើម្បី​បង្ហាញ​រូបភាព​ទាំងស្រុង​នៃ ភ្នំ​ព្រះ​សុមេរុ​ប្រតិ​ស្ត​នៅលើ​ផែនដី​ខ្មែរ​៕​H/S

អ្នកជំនាញ​៖ ស្រះស្រី​ស្រះ​ប្រុស នៅ​ប្រាសាទអង្គរវត្ត មាន​តួនាទី​សំខាន់​លើសពី​អ្វី ដែល​យើង​ធ្លាប់​គិត​

អ្នកជំនាញ​៖ ស្រះស្រី​ស្រះ​ប្រុស នៅ​ប្រាសាទអង្គរវត្ត មាន​តួនាទី​សំខាន់​លើសពី​អ្វី ដែល​យើង​ធ្លាប់​គិត​