បុរស​ម្នាក់ ស្រវឹង ផ្អែក​ដើម​ស្វាយ​ខុស ធ្លាក់​បត់​ក ស្លាប់​

កែប:  បុរស​ម្នាក់ ផឹកស្រា​ស្រវឹង​ផ្អែក​គល់​ស្វាយ​ធ្លាក់​ពីលើ​រាន ក្រោម​ដើម​ស្វាយ បត់​ក​ស្លាប់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤​ភ្លឺ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ដី​ភូមិ​របស់​ឈ្មោះ ប៊ុត សុង ស្ថិត​ក្នុងភូមិ​ចំការចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ជនរងគ្រោះ ឈ្មោះ ភិន ផាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ មូលហេតុ​កន្លងមក ជនរ​គ្រោះ​តែងតែ​ហូប​ស្រា​ជាប្រចាំ ពេល​គាត់​ស្រវឹង ដើរ​ដេក​ដ្ទះ​បងប្អូន ឬ​សាច់ញ្ញាតិ​របស់គាត់ នៅ​ភូមិ​កើតហេតុ​ខាងលើ​។ លុះដល់​ថ្ងៃទី​១៩ ខែធ្នូ វេលា​ម៉ោង ៥​ល្ងាច​ម្ចាស់ផ្ទះ​ឈ្មោះ ប៊ុត សុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានឃើញ​ជនរងគ្រោះ យួរ​ស្រាថ្នាំ​កន្លះ​ស្បោង​ប្រហែល ១​លីត្រ មក​អង្គុយ​ហូប​លើរាន ក្រោម​ដើម​ស្វាយ ដោយ​ម្ចាស់ផ្ទះ​បាន​ចេញទៅ​ខួបកំណើត​បាត់ទៅ សល់​តែ​ប្រពន្ធ​ចាំផ្ទះ លុះដល់​ម៉ោង ៧​យប់ ប្រពន្ធ​របស់​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ន ភ្លឺ អាយុ ៣១​ឆ្នាំ បាន​ប្រាប់​គាត់ អោយរ​កបាយ​ហូប តែ​គាត់​មិន​ទៅ ហើយ​ដេក​នៅក្រោម​ដើម​ស្វាយ​លើរាន​។

​លុះដល់​ម៉ោង​ប្រហែល ៤​ជាង ទៀបភ្លឺ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ម្ចាស់ផ្ទះ​ក្រោក​ឡើង ក៏​ឃើញ​ជនរងគ្រោះ​ជើង​ម្ខាង​នៅលើ​រាន ក្បាល​បត់​ចុះក្រោម គាត់​ក៏​ស្រែកហៅ​បងប្អូន​ជិតខាង​មក​មើល រួច​រាយការណ៍ មក​សមត្ថកិច្ច​។​

​ក្រោយ​បានទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ចុះទៅ​កន្លែងកើតហេតុ​ធ្វើ​កោសល​វិ​ច្ច័​យ និង​ស្រាវជ្រាវ ទើប​សន្និដ្ឋានបានថា ករណី​ខាងលើ មិនមែនជា​អំពើ​ឃាតកម្ម​ទេ គឺ​គាត់​ស្លាប់​ដោយសារ​ស្រវឹងស្រា ផ្អែក​គល់​ស្វាយ​ខុស ហើយ​ធ្លាក់​បត់​ក ស្លាប់​ដោយ​ខ្លួនឯង​៕​H/S