ចំនួនអ្នកស្លាប់កើនឡើងដល់៤៥នាក់ ដោយសារព្យុះបោកបក់ នៅហ្វីលីពីន

ហ្វីលីពីន៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងពីរផ្សេងគ្នា ដែលបានបក់បោកប្រទេស ហ្វីលីពីន បានកើនឡើងដល់៤៥នាក់ ខណៈដែលទីក្រុងមួយចំនួនបន្តជន់លិចដោយទឹកជំនន់ ហើយភ្លៀង នៅតែបន្តធ្លាក់នៅតំបន់ភាគខាងជើង នេះបើយោងតាមការលើកឡើងរបស់មន្ត្រីតាមដានគ្រោះធម្មជាតិ ដកស្រង់ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះ។

ភ្លៀងធ្លាក់បណ្តាលមកពីព្យុះទីហ្វុង Melor និងសម្ពាធទាបតំបន់ត្រូពិចដែលមានឈ្មោះថា Onyok ដែលបានវាយប្រហារប្រទេស ហ្វីលីពីនកាលពីសប្តាហ៍មុន។ មន្ត្រីការពារជនស៊ីវិល បានឲ្យដឹងថា ទឹកជំនន់មានកម្ពស់ប្រមាណ៣ម៉ែត្រ បានជនលិចតំបន់ជាប់មាត់ទន្លេ ភាគខាងជើងរដ្ឋធានី ម៉ានីល ខណៈដែលទឹកភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ។

សូមជម្រាបថា ប្រជាពលរដ្ឋប្រមាណ៥៤ពាន់នាក់ក្នុងតំបន់រងគ្រោះ កំពុងជ្រកកោនរួមគ្នានៅជំរុំជនភៀសខ្លួនរបស់រដ្ឋាភិបាល ដោយគ្មានការធានាអះអាងថាតើពួកគេអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅថ្ងៃគ្រីស្តម៉ាកដែលជាថ្ងៃបុណ្យដ៏ធំជាងគេសម្រាប់ប្រទេស កាន់សាសនាកាតូលិកមួយនេះ៕