បង្ក្រាប​សង្វៀន​បញ្ជល់មាន់ មនុស្ស​រត់​ប្រសាច​ចូល​ព្រៃ ដកហូត​ម៉ូតូ​៧​គ្រឿង និង​កង់​៨​គ្រឿង

ខេត្ត​ត្បូងឃ្មុំ ៖  ដោយ​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ក្នុង​វិធានការ​ទប់ស្កាត់​ល្បែង​ស៊ីសង​ខុសច្បាប់ ជាក់ស្តែង​កម្លាំង​នគរបាល​បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់​លួចលាក់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១១ និង​​​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ២០១៥  ស្ថិត​ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ឃុំ​បឹង​ព្រួល ឃុំ​ពាមជីលាំង ដោយ​ធ្វើ​ឡើង​ក្រុម​អ្នកលេង​ល្បែង​រាប់​សិប​នាក់​នាំ​គ្នា​រត់​ចូល​ព្រៃ ។

ក្នុង​នោះ ត្រូវ​កម្លាំង​រឹបអូស​បាន​ម៉ូតូ​៧​គ្រឿង កង់​៨​គ្រឿង រួម​ទាំង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។

ប្រភព​បានឱ្យ​ដឹង​ថា ដោយសារ​តែ​មានការ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា ត្រង់​​ចំណុច​ខាងលើ មាន​គេ​លួច​លេងល្បែង​បញ្ជល់មាន់​ដោយ​ខុសច្បាប់ ដោយ​មាន​ភ្នាល់​លុយរាប់​លាន​រៀល​ឯណោះ ព្រមទាំង​បង្កក្តី​កង្វល់​ដល់​ពលរដ្ឋ​ករណី​នេះ ធ្វើ​ឱ្យ​មាន​បទល្មើស​ផ្សេង​ក្នុង​មូលដ្ឋាន​ដូច​ជា​ចោរលួច ចោរប្លន់​ជាដើម ។