បាក់​ដី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ចិន​កប់​អគារ​22​ក្នុង​ឧទ្យាន​ឧស្សាហកម្ម​មួយ

យោង​តាម​ស៊ី​ន​ហួ​ថា មនុស្ស​៣​នាក់​រង​របួស​ហើយ​២៧​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន បន្ទាប់​ពី​ការ​បាក់​ដី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២០ ធ្នូ កប់​អគារ​២២​ក្នុង​តំបន់ឧស្សាហកម្ម​មួយ​នៃ​ទីក្រុង SHENZHEN ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង​ចិន ។

យោង​តាម​របាយការណ៍​ដំបូង​មួយ​ថា ផ្នែក​បំពង់​បង្ហូរ​ប្រេង​មួយ​នៅ​ក្បែរ​បាន​ផ្ទុះ​បន្ទាប់​ពី​ការ​បាក់​ដី​នេះ​នៅ​ឧទ្យាន​ឧស្សាហកម្ម HENGTAIYU នា​វេលា​ម៉ោង​១១​និង​៤០​នាទី​ម៉ោង​ក្នុងស្រុក​នាំ​ឱ្យ​មាន​បំណែក​ដល់​ជាង​១០០.០០០​ម៉ែត្រគូប ។

មនុស្ស​ម្នាក់​រស់នៅ​ប្រមាណ​ជា​៤​គីឡូម៉ែត្រ ពី​ទីតាំង​បាក់​ដី​នេះ គូសបញ្ជាក់​ប្រាប់​ស៊ី​ន​ហួ​ថា បាន​ស្តាប់​ឮ​ស្នូរ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​នា​វេលា​ថ្ងៃត្រង់ ។ រួច​និយោជិត​ម្នាក់​នៃ​ក្រុមហ៊ុន LIUSU TECHNOLOGY CO. ស្ថិត​ក្នុង​ឧទ្យាន​នោះ​និយាយ​ថា អគ្គិសនី​ក្នុង​ក្រុមហ៊ុន​បាន​ដាច់​ភ្លាម​ៗ​នា​វេលា​ថ្ងៃត្រង់ ។ ខ្ញុំ​បានឃើញ​ភក់ និង​ដីក្រហម​ហូរ​ឆ្ពោះទៅ​អគារ​ក្រុមហ៊ុន ។ សំណាង​អគារ​របស់​យើង​ពុំ​រង​ការ​ប៉ះពាល់ ហើយ​មនុស្ស​ទាំងអស់​នៃ​ក្រុមហ៊ុន​យើង​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុខ​សប្បាយ ។ ការ​បាក់​ដី​នេះ ដំបូង​វាយប្រហារ​លើ​បឹង​មួយ មុន​ពេល​កប់​អគារ​ទាំងឡាយ​ក្នុង​ឧទ្យាន ។ ទឹកបាន​ឡើង​ដល់​ជាន់​ទី​៣​នៃ​អគារ ។

ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង និង​នាយក​រដ្ឋមន្ត្រី លោក LI KEQIANG បាន​ចេញ​បញ្ជា​ឱ្យ​មានការ​ជួយ​សង្គ្រោះ​បន្ទាន់​ក្រោយ​គ្រោះ​មហន្តរាយ​នេះ ។ លោក​ស៊ី ចេញ​បញ្ជា​ដល់​អាជ្ញាធរ​ខេត្ត​ក្វា​ង​ទុង និង​ក្រុង SHENZHEN ធ្វើ​គ្រប់​លទ្ធភាព ដើម្បី​កាត់​បន្ថយ​ការ​ខូចខាត ជួយ​ព្យាបាល​ពួក​អ្នក​របួស ហើយ​ជួយ​ដល់​បណ្តា​គ្រួសារ​ជន​រង​គ្រោះ ។ លោក​គូសបញ្ជាក់​ថា ការ​ជួយ​សង្គ្រោះ​បែប​វិទ្យាសាស្ត្រ​គឺ​ចាំបាច់​ដើម្បី​បង្ការ​ដល់​ការ​ខូចខាត​នានា​ទៀត ។

មនុស្ស​ជាង​១.៥០០​នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ហើយ​មនុស្ស​ជាង​៩០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​នា​វេលា​ម៉ោង​១៧ ៕