បុរស​៣នាក់​សង្ស័យ​​លួច​ម៉ូតូ​គេ​ជិះ​វ៉ា​រថយន្ត​ទៅ​បុក​ចិញ្ចើម​ថ្នល់​ស្លាប់​ម្នាក់ របួស​ធ្ងន់​២នាក់

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​៣នាក់​សង្ស័យ​លួច​ម៉ូតូ​គេ​ជិះ​វ៉ា​រថ​យន្ត​ជ្រុល​ទៅ​បុក​ចិញ្ចើម​ថ្នល់​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ភ្លាមៗនៅ​នឹង​កន្លែង​ និង​២នាក់​ទៀត​របួស​ធ្ងន់​​ កាល​ពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២០ នៅ​ចំណុច​មុខ​វិទ្យា​ល័យ​ព្រែក​​លៀប ក្នុង​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ​។

​បុរស​ទាំង​៣​នាក់​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​C125 ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BQ៧៧៦​​៨ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦ ពី​ត្បូង​ទៅ​ជើង​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ឡើង​វ៉ា​រថយន្ត​ជ្រុល​ទៅ​បុក​ចិញ្ចើម​ថ្នល់​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​២​នាក់​តែ​ម្តង​។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា ម៉ូតូ​ខាងលើ​នេះ​ជា​ម៉ូតូ​ដែល​គេ​បាត់​ក្នុង​ខណ្ឌ​ចំការមន​កាល​ពី​២​ខែមុន​​ ។ បន្ទាប់​ពី​គ្រោះ​ថ្នាក់​នេះ​សមត្ថ​កិច្ច​ខណ្ឌ​ចំការ​មន​បាន​ទាក់​ទង​ជាមួយ​សមត្ថ​កិច្ច​ខណ្ឌ​ជ្រោយ​ចង្វារ​នាំ​ម្ចាស់​ម៉ូតូ​មក​មើល​​ស្គាល់​ថា​ជាម៉ូតូ​របស់ខ្លួន​ សមត្ថ​កិច្ច​ក៏​ប្រគល់​ម៉ូតូ​នោះ​ទៅ​ឱ្យ​ម្ចាស់​វិញ​។

ដោយ​ឡែក​សព​ជន​សង្ស័យ​ត្រូវ​បាន​តម្កល់​នៅ​វត្ត​ព្រែក​លៀបរង់​ចាំ​សាច់​ញាតិ​មក​ធ្វើ​បុណ្យ​ និង​២នាក់​ទៀត​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យកាល់​ម៉ែត៕