កងទ័ព​ហ្វីលីពីន​សម្លាប់​ក្រុម​ឧទ្ទាម Abu Sayyaf ២៦​នាក់​

​ហ្វីលីពីន​៖​អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន​បានប្រកាស​កាលពី​ម្សិលមិញ​ថា កង​ព័​ទ​របស់ខ្លួន​បានសម្លាប់​ពួក​ឧទ្ទាម Abu Sayyaf ២៦​នាក់ និង​ទាហាន​រដ្ឋាភិបាល​៣​នាក់ បន្ទាប់ពី​បាន​បើក​ប្រតិបត្តិ​ការវាយប្រហារ​ពេញ​មួយ​សប្តាហ៍​ដើម្បី​ដណ្តើម​កាន់កាប់​តំបន់​មួយ​នៅ​កោះ​ប៉ែក​ខាងត្បូង​ដែលគ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​។ 

​អ្នកនាំពាក្យ​កងទ័ព​លោក Filemon Tan បន្តថា តំបន់​ដែល​ទ័ព​រដ្ឋាភិបាល​វាយ​ដណ្តើមបាន​នោះ ជា​តំបន់​គ្របដណ្តប់​ដោយ​ព្រៃ​ប្រឹក្សា​លើ​កោះ Basilan ស្ថិតនៅ​ចម្ងាយ​ជិត ៩០០​គីឡូម៉ែត្រ​ប៉ែក​ខាងត្បូង​ទីក្រុង​ម៉ានីល​។ ប្រតិបត្តិការ​សឹករ​បស់ទ័ព​រដ្ឋាភិបាល​បាន​បណ្តេញ​ពួក​ឧទ្ទាម Abu Sayyaf ឲ្យ​រត់​បែកខ្ញែក​គ្នា​តែ​ពួកនេះ​បាន​បន្សល់ទុក​នៅក្នុង​បន្ទាយ​នូវ​គ្រាប់បែក​ជាច្រើន​គ្រាប់​។​

​អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា ប្រតិបត្តិការ​គឺ​តាំងពី​ថ្ងៃ​ចន្ទ ទី​១៤ ធ្នូ​ដែល​ទាហាន​រដ្ឋាភិបាល​ប្រមាណ ៣០០​នាក់ ដោយមាន​ជំនួយ​កាំភ្លើងត្បាល់ និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង ដោយបាន​សម្លាប់​ពួក​ឧទ្ទាម ២៦​នាក់ និង​ទ័ព​រដ្ឋាភិបាល​ចំនួន ៣​នាក់​។ ទោះជា​យ៉ាងណា​គេ​មិន​បានឃើញ​សាកសព​ពួក​ឧទ្ទាម​ទេ​។​

​គួរ​បញ្ជាក់ថា ចលនា​ឧទ្ទាម Abu Sayyaf បានចាប់កំណើត​ក្នុង​ទសវត្ស​ឆ្នាំ​៩០ ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អង្គការ​ភេរវកម្ម​អាល់​កៃ​ដា​។ ទន្ទឹមនោះកាលពីឆ្នាំ២០១៤ សហរដ្ឋអាមេរិកក៏បានចាត់ទុកក្រុមឧទ្ទាមនេះជាបណ្តាញរបស់ក្រុមរដ្ឋឥស្លាម ISIS ផងដែរ៕

កងទ័ព​ហ្វីលីពីន​សម្លាប់​ក្រុម​ឧទ្ទាម Abu Sayyaf ២៦​នាក់​