របរ​លក់​ទា ត្បិត​ដើរ​ឆ្ងាយ តែ​ចំណូល​​គ្រាន់​បើ​


របរ​លក់​ទា ត្បិត​ដើរ​ឆ្ងាយ តែ​ចំណូល​​គ្រាន់​បើ​

ជាមួយ​ទ្រុង​មួយ​ដែល​មាន​ ៣ ថ្នាក់ ចង​នៅ​លើ​រាន​ម៉ូតូ​ពី​ខាង​ក្រោយ មាន​ទា​ពេញៗ​ទ្រុង​ពេល​ចេញ​លក់ និង គ្មាន​ទា​សល់​មួយ​សោះ​ពេល​ត្រលប់​មកវិញ ។ ប៊ុនថេង មក​ពី​ស្រុក​ឈូក ខេត្ត​កំពត ប្រកប​របរ​ដើរ​លក់ទា អស់​រយៈ​ពេល ៩ ឆ្នាំ​ហើយ រហូត​បាន​ធ្វើ​ផ្ទះ​ថ្ម​តម្លៃ​ជាង​ ១ ម៉ឺន ដុល្លារ​ពី​របរ​នេះ ដោយ​ពេល​ខ្លះ​ត្រូវ​លក់​ឆ្លង​ខេត្ត និង ពេល​ខ្លះ​ត្រូវ​ដេក​ផ្លូវ​ទៀត​ផង។

 
របរ​លក់​ទា ត្បិត​ដើរ​ឆ្ងាយ តែ​ចំណូល​​គ្រាន់​បើ​

 លោក ប៊ុនថេង អ្នក​លក់​ទា

 

 

ប៊ុនថេង បាន​ប្រាប់ថា ទា​ដែល​គាត់​លក់​មាន​បីប្រភេទ គឺទី ១ ទា​តូចៗ​ដែល​មាន​អាយុ ២០ ទៅ ៣០ ថ្ងៃ ទី២ ទា​អាវ​កាក់ និងទី៣ មេទា។ ចំណែក​ឯ​តម្លៃ​វិញ កសិករ​រូបនេះ​ប្រាប់​ថា ទា​តូចៗ​មួយ​ថ្លៃ​ពី ១ ៥០០៛ ទៅ ២ ០០០៛ ទា​អាវ​កាក់​មួយ ៤ ០០០៛ ទៅ ៥ ០០០៛ និង មេទា​មួយ ១០ ០០០៛ ទៅ ១២ ០០០៛។
 

តម្លៃ​ទា​នីមួយៗ​ខុស​គ្នា ដោយសារ​ ទំហំ​ទា និង ការ​តថ្លៃ​របស់​អ្នក​ទិញ​ផងដែរ។ អ្នក​លក់​ទាវ័យ ៤១ ឆ្នាំ​ខាង​លើ​បាន​ពោល​បន្ថែម​ថា ក្នុង ១ ខែ គាត់​ចេញ​លក់​ជា​មធ្យម​ប្រមាណជា ១៥ ដង និង​ត្រូវដើរ​លក់​នៅ​ក្នុង​ខេត្ត​ខ្លួន​ឯង និង ខេត្ត​ផ្សេងៗ​ទៀត ដូចជា ខេត្ត​កំពង់ស្ពឺ កណ្ដាល កំពង់ឆ្នាំង។ ទោះបីជាយ៉ាងណា​ក៏ដោយលោក​មិន​បាន​បញ្ជាក់​អំពី​ចំណូល​ប្រចាំ​ថ្ងៃ​នោះទេ គ្រាន់បង្ហើប​ថា ការ​ចាប់​យក​មុខរបរ​លក់​ទា​ អស់​រយៈពេល ១ ឆ្នាំ​ មក​នេះ លោក​មាន​លទ្ធភាព​ធ្វើ​ផ្ទះ​ថ្ម​​ តម្លៃ​ជាង​ ១ ម៉ឺន​ដុល្លារ។​

 

ទ្រុង​ទា​ដែល​នៅ​ក្រោយ​ខ្នង​កាត់ អាច​ដាក់​ទា​បាន ៤០០ ក្បាល សម្រាប់​កូន​ទា ២០០​ក្បាល​សម្រាប់​ទាអាវកាក់ និង ១០០ ក្បាល សម្រាប់​មេទា។ ចំណែក​ទា​ដែល​គាត់​យក​មក​លក់ ភាគច្រើន​ត្រូវបាន​ទិញពី​ខេត្ត​តាកែវ និង​ ក្រៅពីនេះ​មាន​ខេត្ត​ព្រៃវែង កំពង់ចាម ហើយ​មួយ​ចំនួន​ទៀត​គឺទិញ​នៅក្នុង​ស្រុកឈូក​នេះ​ផ្ទាល់​តែម្តង។ បុរស​កូន​បី​រូបនេះ បាន​ប្រាប់ថា ជួនកាល​គាត់​ត្រូវ​ដេកផ្លូវ ១ ឬ២​យប់​ក៏​មាន បើ​សិន​ជា​គាត់​លក់​ទា​មិន​អស់ តែ​ថ្ងៃ​ណា​លក់​អស់​គាត់​ក៏​ត្រលប់​មក​ផ្ទះ​វិញ។

 
របរ​លក់​ទា ត្បិត​ដើរ​ឆ្ងាយ តែ​ចំណូល​​គ្រាន់​បើ​

 

របរ​លក់​ទា ត្បិត​ដើរ​ឆ្ងាយ តែ​ចំណូល​​គ្រាន់​បើ​

 

របរ​លក់​ទា ត្បិត​ដើរ​ឆ្ងាយ តែ​ចំណូល​​គ្រាន់​បើ​

 

 

ការ​លក់​ទា​នេះ គឺ​មាន​រដូវកាល​លក់​របស់​គាត់ ​គឺ​ចាប់ផ្តើម​លក់​នៅ​ដើម​រដូវ​វស្សា រហូត​ដល់​ខែ កុម្ភះ​ទើប​ឈប់។ បើ​និយាយ​ពី​ប្រាក់​ចំណេញ​វិញ បុរស​កូន​បី​រូបនេះ​បាន​លើក​ឡើង​ថា ក្នុង​ការ​ចេញ​លក់​មួយ​ជើងៗ​គាត់​អាច​ចំណេញ​បាន​ពី ១០ម៉ឺន ទៅ ៣០ម៉ឺនរៀល​អាស្រ័យ​តាម​ប្រភេទ​ទា។

 

ប៊ុនថេង បាន​បញ្ជាក់ថា កូន​ទា​តូចៗ​ទិញ​ពី​ឈ្មួញ​មាន​អាយុ​ប្រមាណជា ១ទៅ ៥ថ្ងៃ ប៉ុណ្ណោះ មុន​នឹង​យកទៅ​លក់ ​ប៊ុនថេង ត្រូវ​ចិញ្ចឹមទា​នោះ​ប្រមាណ​ជា ១៥ ថ្ងៃ​ទៀត​ទើប​អាច​លក់​បាន ចំណែក​ទាអាវកាក់ និង មេទា​គឺ​អាចលក់​បាន​មិន​បំប៉ន​ចំណី​ទេ ក្រោយ​ទិញ​ពីឈ្មួញ។
 

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!