សាលារាជធានី សិក្សាទីតាំង ចាក់សំរាមថ្មី ចំនួន២កន្លែងទៀត

ភ្នំពេញ៖ លោកអភិបាល រាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានឲ្យដឹងថា សាលារាជធានីភ្នំពេញ កំពុងសិក្សាលើ ទីតាំង ចាក់សំរាមចំនួន ២កន្លែងផ្សេងៗគ្នា ខណៈកន្លែងស្តុក សំរាមបច្ចុប្បន្ន មិនអាចទ្រាំទ្របរិមាណ សំរាមដ៏ច្រើន សន្ធឹកសន្ធាប់ ក្នុងរាជធានីភ្នំពេញ។

ការអត្ថាធិប្បាយរបស់លោកអភិបាល ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទតិទ្យ ទី២០ ខែធ្នូ ឆ្នាំ២០១៥ ក្នុងឱកាសដែល លោក បានដឹកនាំសហការី មន្ទីរជំនាញ និងក្រុមហ៊ុនស៊ិនទ្រី ចុះពិនិត្យស្ថានភាពផ្ទាល់ នៅទីលានចាក់សំរាមដង្កោ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។

យោងតាមគណនីហ្វេសប៊ុករបស់ លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានសរសេរថា «ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ សំរាមនៅក្នុងរាជធានីភ្នំពេញ ជាង៣លានតោន ត្រូវបានចាក់នៅទីលានចាក់សំរាមដង្កោ ហើយ ក្នុងឆ្នាំ២០១៥នេះសំរាមជាមធ្យម ប្រមាណ២ពាន់តោនត្រូវបានដឹកយកមកចាក់នៅ ទីលានជារៀងរាល់ថ្ងៃ ដែលមានសមាសធាតុដូចជា៖ ៥៧.៤%ជាសំរាមម្ហូបអាហារ ១៨.១%ជាថង់ប្លាស្ទីក ៦%ជាក្រដាស ០.២%ជាកៅស៊ូ និងស្បែក និង១៨.៣%ជាស្មៅ ឈើ ដែក ក្រណាត់ ថ្ម ផ្សេងៗ(ការសិក្សារបស់ ASIA Fuondation/ITC)  »។

ប្រភពពដដែលបានក៏បានបន្តថា « ដោយសារទីតាំងចាក់សំរាមចាស់មិនអាចទទួលសំរាមបន្ដបាន សាលារាជធានី ភ្នំពេញបានសិក្សាទីតាំងថ្មីចំនួនពីរបន្ថែមទៀតនៅក្បែរនោះដើម្បីចាក់សំរាមបន្ដ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានឧបត្ថមការសាងសង់អគារស្នាក់នៅមួយខ្នង សម្រាប់បុគ្គលិកនៃទីលានចំនួន៣៤នាក់ ដែលបំពេញការងារ ២៤/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍ ចែកចេញជា២វេនធ្វើការ»។

គូសបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញមានទីលានចាក់សំរាមដង្កោតែមួយប៉ុណ្ណោះ ដែលមាន ទំហំផ្ទៃក្រឡាជាង៣១ហិកតា ដែលជាជំហានបន្ទាប់សាលារាជធានីភ្នំពេញ នឹងសិក្សារកទី២កន្លែងផ្សេងទៀត ស្ថិត ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងគោលបំណងទប់ស្កាត់ការនាំយក សំរាមមកពីទីឆ្ងាយជាហេតុ បណ្ដាល ឲ្យមានភាពយឺតយាវ និងបណ្ដាលឲ្យកកស្ទះចរាចរណ៍ ឬមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។

បន្ទាប់ពីពិនិត្យ ទីលានចាក់សំរាមរួចឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបន្ដទៅពិនិត្យទីតាំង របស់ក្រុមហ៊ុន ស៊ិនទ្រី ៕

សាលារាជធានី សិក្សាទីតាំង ចាក់សំរាមថ្មី ចំនួន២កន្លែងទៀត

សាលារាជធានី សិក្សាទីតាំង ចាក់សំរាមថ្មី ចំនួន២កន្លែងទៀត

សាលារាជធានី សិក្សាទីតាំង ចាក់សំរាមថ្មី ចំនួន២កន្លែងទៀត

សាលារាជធានី សិក្សាទីតាំង ចាក់សំរាមថ្មី ចំនួន២កន្លែងទៀត