គណបក្ស​អំណាច​ខ្មែរ នឹងដាក់​ពាក្យ​ប្ដឹង​លោក ហោ ណាំហុង នៅ​ព្រឹក​នេះ

អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក ទេព វីរៈ បាន​បញ្ជាក់ថា គណបក្ស​លោក​នឹងដាក់​ពាក្យ​ប្ដឹង​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ពីបទ«បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ជា​សាធារណៈ» នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ម៉ោង១០៖៣០ នាទី ព្រឹក​ថ្ងៃទី២១ ធ្នូ​នេះ ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ លោក ទេព វីរៈ បាន​បញ្ជាក់ថា ការដាក់​ពាក្យ​ប្ដឹង​នេះ​ដោយសារ​មិនមាន​ការសម្របសម្រួល​ពី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឲ្យ​បាន​ត្រឹមត្រូវ ចំពោះ​ពាក្យសម្ដី​ដែល​លោកបាន​ចោទ​គណបក្ស​អំណាច​ខ្មែរ​ថា មាន​ក្រុម​ភេរវកម្ម។

កន្លងមកប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា បញ្ជាក់ថា​ពាក្យសម្ដី​របស់លោក ហោ ណាំហុង ដែល​បាន​ចោទថា គណបក្ស​លោក​មាន​ក្រុម​ភេរវកម្ម​នេះ គឺ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​គណបក្ស និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច មិន​ហ៊ាន​គាំទ្រ​គណបក្ស​ខ្លួន។ លោក ថា បើសិនជា​តុលាការ​ឯករាជ្យ មាន​ភាពយុត្តិធម៌​នោះ លោក​នឹង​អាច​ឈ្នះក្ដី​នេះ ហើយ​លោក​នឹង​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក ហោ ណាំហុង ចំនួន៥០០លាន​រៀល ដោយ​យក​ទឹកប្រាក់​ទាំងអស់នេះ ទៅជូន​មន្ទី​ពេទ្យ​គន្ធបុប្ផា៕