គួរឲ្យបារម្ភ ចំពោះរូបភាពមួយចំនួន មានបំណងបញ្ចុះបញ្ចូលយុវជន ឲ្យចូលរួម ជាមួយពួក ISIS

ស៊ីរី៖ វាជារឿងដ៏គួរឲ្យយកចិត្តទុកដាក់មួយ ដែលមានសកម្មជនរបស់ ក្រុមឥស្លាមជ្រុលនិយម ISIS ដ៏សកម្មម្នាក់ កំពុងតែប្រឹងប្រែង បង្ហោះរូបភាព លាយឡំជាមួយនឹងសារសំងាត់ ក្នុងបំណងធ្វើការ បញ្ចុះបញ្ចូលក្រុម យុវជនវ័យក្មេងតាម បណ្តាប្រទេសជាច្រើន ឲ្យមកចូលរួមជាមួយក្រុម របស់គេនៅឯប្រទេស ស៊ីរី។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា សកម្មជនរបស់ក្រុមឥស្លាមជ្រុលនិយម ISIS ម្នាក់នេះមាន ឈ្មោះថា Omar Hussein ជាប់សញ្ជាតិជា ជនជាតិអង់គ្លេស ហើយរូបគេក៏ធ្លាប់ធ្វើការ ជាសន្តិសុខការពារ ផ្សារទំនើប Morrisons ក្នុងទីក្រុង Buckinghamshire របស់ប្រទេស អង់គ្លេស ផងដែរ តែក្រោយមកបុរសរូបនេះ ក៏បានធ្វើដំណើរទៅកាន់ ប្រទេសស៊ីរី ដើម្បីចុះចូលជាមួយក្រុម ISIS នៅទីនោះ។

យ៉ាងណាមិញ ក្នុងរយៈពេលថ្មីៗនេះ សកម្មភាពរបស់ Hussein នៅលើបណ្តាញអ៊ិនធើណេត កំពុងតែត្រូវបានឃ្លាំមើលនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយក្នុងនោះរូបភាព ដែលគេបង្ហោះ ជាមួយនឹងសារសំងាត់ជាច្រើន សុទ្ធតែមានបំណងក្នុងការ បញ្ចុះបញ្ចូលយុវជន វ័យក្មេងឲ្យចូលរួម ជាមួយនឹងក្រុម ISIS។

គួរឲ្យបារម្ភ ចំពោះរូបភាពមួយចំនួន មានបំណងបញ្ចុះបញ្ចូលយុវជន ឲ្យចូលរួម ជាមួយពួក ISIS
Omar Hussein សកម្មជនរបស់ក្រុម ឥស្លាមជ្រុលនិយម ISIS ដ៏សកម្មនៅក្នុង បណ្តាញអ៊ិនធើណេត

Hussein បានបង្ហោះរូបភាព មួយចំនួនចូលក្នុង បណ្តាញអ៊ិនធើណេត ដែលក្នុងនោះមានដូចជា រូបភាពរបស់ ឆ្មាសម្បុរប្រផេះមួយក្បាល ដែលមានឈ្មោះថា Lucy កំពុងដេកនៅក្នុងខ្សែក្រវ៉ាត់ បំពាក់គ្រាប់បែក ពណ៌ខ្មៅមួយ ហើយកំពុងតែសម្លឹង ចំមកកាមេរ៉ា ដោយនៅក្រោមរូបនោះ Hussein បានសរសេរថា “មកកាន់តែជិត យើងនឹងបំផ្ទុះគ្រាប់បែក ផ្ទះទាំងមូលឲ្យខ្ទេចខ្ទី”។

ក្រៅពីនេះទៀត Hussein ក៏បានបង្ហោះរូបភាព អំពីជីវិតរស់នៅ ក្នុងទីក្រុង Raqqa ជាមួយនឹងក្រុម ISIS ព្រមទាំងសារបញ្ចុះបញ្ចូលជាច្រើនទៀត ដោយក្នុងនោះក៏មាន នូវបញ្ជីឈ្មោះរបស់ ក្មេងស្រីមួយចំនួន ដែលត្រៀមនឹងធ្វើដំណើរ ទៅកាន់ប្រទេសស៊ីរី ដើម្បីចូលរួមជាមួយនឹងក្រុម ISIS ផងដែរ។

គូសបញ្ជាក់ផងដែរថា នេះគឺជាសកម្មភាព ដ៏គួរឲ្យព្រួយបារម្ភខ្លាំងមួយ ដែលកត្តាមួយនេះ អាចបង្កឲ្យមានការ កើនឡើងនូវភាពចលាចលជាច្រើនទៀត ក៏ព្រោះតែមាន យុវជនវ័យក្មេង មួយចំនួននាំគ្នា សម្រេចចិត្តចុះចូល និងធ្វើការឲ្យពួក ISIS ៕

គួរឲ្យបារម្ភ ចំពោះរូបភាពមួយចំនួន មានបំណងបញ្ចុះបញ្ចូលយុវជន ឲ្យចូលរួម ជាមួយពួក ISIS
គួរឲ្យបារម្ភ ចំពោះរូបភាពមួយចំនួន មានបំណងបញ្ចុះបញ្ចូលយុវជន ឲ្យចូលរួម ជាមួយពួក ISIS
រូបភាពរបស់ Husseins ដែលកំពុងត្រូវបាន ឃ្លាំមើលយ៉ាងខ្លាំង

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត