លោក អេង ឆៃអ៊ាង បញ្ជាក់ថា​សន្តិសុខ​សាធារណៈ​នៅ​កម្ពុជា​នៅមានកម្រិត​ទាប​នៅឡើយ​

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កាណាដា​កាលពីពេល​ថ្មីៗ​នេះ​បាន​ថ្លែងថា​កម្រិត​សន្តិសុខ​សាធារណៈ​នៅ​ប្រទេស​កម្ពុជា​នៅមានកម្រិត​ទាប​នៅឡើយ​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេស​នានា​នៅក្នុង​តំបន់​។ លោក អេង ឆៃអ៊ាង បាន​ថ្លែងថា​បញ្ហា​នេះ​ដោយសារតែ​ការរៀបចំ​ដឹកនាំ​ប្រទេស​កម្ពុជា​នៅ​មិនទាន់មាន​ភាពត្រឹមត្រូវ និង​រឹងមាំ​ល្អ​ដូច​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​គេ​ដឹកនាំ​បានល្អ​ហើយ​នោះ​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង បាន​ថ្លែងថា​សន្តិសុខ​សាធារណៈ​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​នៅមាន​ភាពច្របូកច្របល់​ខ្លាំង​ដែល​បង្ក​ការលំបាក​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​។ លោក អេង ឆៃអ៊ាង បាន​ពន្យល់ថា បញ្ហា​គ្រឿងញៀន យុវជន​អត់​ការងារ​ធ្វើ ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព ការគ្រប់គ្រង​អាវុធ​មិនបាន​ល្អ និង​អំពើពុករលួយ​ជាដើម​ដែល​បណ្តាល​ឲ្យ​មាន​បទល្មើស​ជាច្រើន​នៅក្នុង​សង្គម​កម្ពុជា​។

​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​បណ្តា​ប្រទេស​ជាច្រើន​គេ​មិនដែល​ដាក់ពង្រាយ​កម្លាំងប្រដាប់អាវុធ​ច្រើន​នៅតាម​ទីសាធារណៈ​ដូច​កម្ពុជា​ទេ តែ​សន្តិសុខ​សាធារណៈ​នៅក្នុង​សង្គម​របស់គេ​មាន​ភាពរឹងមាំ​ល្អ​ដោយ​គ្មាន​បទល្មើស​ច្រើន​ស្អេកស្កះ​នៅក្នុង​សង្គម​កម្ពុជា​នោះទេ ព្រោះ​សង្គម​របស់គេ​មិនមាន​បញ្ហា​ច្រើន​ដូច​ក្នុងសង្គម​កម្ពុជា​។​

ក្នុងពេលដែល​សង្គម​ក​ម្ពុ​ជាមួយ​រយៈពេល​ចុងក្រោយ​នេះ​មាន​បទល្មើស​កើន​ឡើងជា​បន្ត​ន្ទា​ប់​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​សីលធម៌​សង្គម​កម្ពុជា​បាន​បន្ត​ធ្លាក់ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​។ លោក អេង ឆៃអ៊ាង បានបញ្ជាក់​ថា​នឹង​បន្ត​ឃ្លាំមើល​ពី​ដំណោះស្រាយ​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ពិសេស​សន្តិសុខ​សាធារណៈ​ដែល​កំពុងតែ​កើតឡើង​នៅក្នុង​សង្គម​កម្ពុជា​ជា​បន្តទៀត​។​

គួរបញ្ជាក់​ថា​ថ្មីៗ​នេះ សមត្ថកិច្ច​រដ្ឋាភិបាល​បាន​បើក​យុទ្ធនា​ការបង្ក្រាប​ឧក្រិដ្ឋ​ជនបង្ក​បទល្មើស​ផ្សេងៗ​នៅក្នុង​សង្គម​ដែល​កំពុងតែ​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ តែ​ភាពជាក់ស្តែង​បទល្មើស​លួច ឆក់ ប្លន់ ត្រូវគេ​សង្កេតឃើញថា​នៅតែ​បន្ត​កើនឡើង​ដដែល​ហើយ​កាន់​តែមាន​លក្ខណៈ​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​បញ្ហា​ទាំងនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ព្រួយបារម្ភ​ក្នុងការ​រស់នៅ ពិសេស​ការធ្វើដំណើរ​តាម​ទីសាធារណៈ​៕

12391337_1004894922908589_7467649277500019849_n 7151_1004894979575250_5930690362027017610_n