ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់ សុទ្ធ​តែមាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ពុករលួយ​

បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ទៅ​ក្រុង​ពោធិ៍សាត់ និង​ទៅ​ខេត្តបាត់ដំបង នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ក៏ដូចជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​លើកឡើងថា ដោយសារតែ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងនោះ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ពុករលួយ​ទើប​ពួកគេ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​៤​នាក់ ឈ្មោះ តា​អ៊ិត ចែ​អ៊ឹ​ប ចែ​រ៉ែ និង ចែ​ធឹ​ប បាន​ប្រើប្រាស់​រថយន្ត​ប្រភេទ​នីសា​ន់ កាមរី​ច្នៃ និង​កាមរី​ប៉ា​ឡែ​ន ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ទៅកាន់​ក្រុង​ពោធិ៍សាត់ និង​ក្រុង​បាត់ដំបង ទាំងយប់​ទាំង​ថ្ងៃ​។ សកម្មភាព​ខុសច្បាប់​នោះ មិន​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ចាត់វិធានការ​ទប់ស្កាត់​នោះទេ ព្រោះ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។ សូម្បីតែ​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​បាកាន និង​ស្រុក​ក្រគរ យ៉ាង​ពេញបន្ទុក​ក៏​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ គឺ​បណ្ដោយ​ឲ្យ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​។

​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា ទំនងជា​ឈ្មួញ​ទាំង​៤​នាក់​ខាងលើ​ផ្ដល់​ផលប្រយោជន៍​ទៅ​ឲ្យ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តពោធិ៍សាត់ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទើប​ពួកគេ​មិន​បង្ក្រាប​បទល្មើស​។ ជាក់ស្ដែង​សព្វថ្ងៃនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​៕

v_0756 v_0753 v_0755