​បន្ទាយមានជ័យ ព្រួយ​ខ្វះ​ទឹក​កាន់តែខ្លាំង​៖ ទប់ទឹក​ស្ទឹង​សិរីសោភ័ណ​ និងត្រៀម​ទប់​ស្ទឹង​មង្គល​បូរី​

បន្ទាយមានជ័យ: អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បានបង្ហាញ​ក្តីបារម្ភ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កង្វះ​ទឹក​បរិភោគ និង​ទឹក​ប្រើប្រាស់​។ ដោយឡែក ក្រុង​សិរីសោភ័ណ ជាទី​រួម​ខេត្ត បានចាប់​ផ្តើម​​ទប់ទឹក​ស្ទឹង​សិរីសោភ័ណ ដើម្បី​បញ្ចាល់ទឹក​ទុក បម្រុង​កុំអោយ​ជួប​ទុ​រ្ភឹ​ក្ស ក្នុង​រដូវប្រាំង ខាងមុខនេះ​។​
   
​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ លោក​ លី សារី អភិបាលរង​ខេត្ត ជំនួសមុខ​លោក ​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​នាំ​មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ​មួយក្រុម យក​​គ្រឿងចក្រ ចុះ​ទប់​ទំនប់​បិទ​ទឹកស្ទឹង​សិរីសោភ័ណ ត្រង់ចំណុច​ប្រសព្វ នៃ​ស្ទឹង​ស្វាយចេក និង​ស្ទឹង​សិរីសោភ័ណ នា​ភូមិ​តា​ទុង សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
   
​នេះ​ជាការ​ស្ទាក់​ទឹក​ទុក កុំ​ឲ្យ​ហូរ​ចុះទៅ​ក្រោម លឿន​ពេក និង​បម្រុង​ទុក ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សិរីសោភ័ណ បរិភោគ​និង​ប្រើប្រាស់ ឲ្យ​បាន​គ្រប់គ្រាន់ កុំ​ឲ្យ​ខ្វះ​នៅ​រដូវប្រាំង​ដ៏​ខ្លី​ខាងមុខ​។​
   
​លោក លី សារី បាន​និយាយ​បន្តថា​: លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ ក៏​ដូច​លោក​អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ បាន​ព្រួយបារម្ភ​យ៉ាងខ្លាំង និង​ចេញ​ផែនការ​ណែនាំ អនុវត្ត​ដោះស្រាយ បង្ការ​ទប់ស្កាត់​ទឹក សម្រាប់​បរិភោគ ប្រើប្រាស់ និង​ស្រោចស្រព ក្នុង​ទូទាំង​ខេត្តបន្ទាយមានជ័យ​។​
    
​លោក​បាន​និយាយ​បន្តទៀតថា ចំពោះមុខ​នេះ អាជ្ញាធរ​ដែនដី និង​មន្ទីរជំនាញ​ពាក់ព័ន្ធ បាន​ចាត់វិធានការ​ដោះស្រាយ និង​ណែនាំ​មួយចំនួន អំពី​បញ្ហា​ទឹក​: ១-​ទប់ទឹក​ស្ទឹង​សិរីសោភ័ណ ដើម្បី​ស្ទាក់​ទឹក​ទុក​ផ្គត់ផ្គង់ នៅ​ក្រុង​សិរីសោភ័ណ ត្រង់ចំណុច​តា​ទុង​នេះ ឬ​អាច​បន្ថែម​កន្លែង​ណាមួយ​ទៀត ហើយក៏​នឹង​ទប់​ស្ទឹង​មង្គល​បូរី នៅ​ចំណុច​គយ​ម៉ែង ដើម្បី​បង្ការ​ផ្គត់ផ្គង់​ស្រុក​មង្គល​បូរី ពោលគឺ​ទុក​សម្រាប់​ផឹក​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​បន្លែ និង​ស្រូវ មាន​ស្រាប់​ប៉ុណ្ណោះ​។​

២-​ណែនាំ សំណូមពរ អោយ​ពលរដ្ឋ​ប្រុងប្រយ័ត្ន សន្សំសំចៃ​ខ្ពស់ កុំ​ខ្ជះខ្ជាយ​ការប្រើប្រាស​ទឹក​។​កុំ​បង្កបញ្ហា កុំ​ឈ្លោះ​ហិង្សា​ដណ្តើម​ទឹក​គ្នា​។​

៣-​កុំអោយ​ប្រជាកសិករ ពង្រីក​ស្រែប្រាំង​បន្ថែម លើ​ផ្ទៃដី​មាន​ស្រាប់​។ កុំ​បូម​បាច​ស្រះ អាង​ត្រពាំង និង​ទី​ស្តុក​ទឹក​ទុក ដើម្បី​យក​ត្រី ឬ​បំណង​ណា ដែលនាំអោយ​អស់​ទឹក​។

៤-​មន្ទីរ​ធនធានទឹក មន្ទីរ​កសិកម្ម និង​ក្រសួង​ថ្នាក់លើ ត្រូវតែ​រក​ថវិកា ចុះ​សិក្សា​ស្តារ​ប្រព័ន្ធ​ផ្លូវទឹក និង​ទី​ស្តុក​ទឹកធម្មជាតិ និង​ប្រព័ន្ធធារាសាស្ត្រ អោយ​ជ្រៅ​។ ត្រូវ​ស្ថាបនា​ទំនប់ របាំង​ទឹក​ទុក កុំអោយ​មានការ​ខ្វះខាត ជាយ​ថ​ហេតុ​។​

 ៥-​ដៃគូ​អភិវឌ្ឍន៍ រួមមាន​ភាគី​មិត្ត​បរទេស អង្គការ សមាគម ក្រុមហ៊ុន និង​សប្បុរសជន សូម​ចូលរួម​ជាមួយ​អាជ្ញាធរ និង​ជំនាញ​នានា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

៦-​សូម​បួងសួង​ដល់​ព្រះ​ភិ​រុណ និង​អាកាសធាតុ ជួយ​បង្អុរ​ភ្លៀង​កក់ខែ​មួយ ពីរ​មេ​ធំៗ នាពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​ធានា​មានទឹក​គ្រប់គ្រាន់ ក្នុងការ​ផ្គត់ផ្គង់​។​

​លោក ហួត សុង​ឡាយ អ្នកគ្រប់គ្រង​នៃ ក្រុមហ៊ុន​តិច​ណូ​ឡូ​ជី វ៉​ត​ធើ សាប់​ប្លាយ (​ទឹកស្អាត​ក្រុង​សិរីសោភ័ណ​) បាន​និយាយថា​: ទឹកស្អាត​ក្នុង​ក្រុង​សិរីសោភ័ណ ក្នុង​១​ថ្ងៃ ប្រើប្រាស​អស់​២០.០០០​ម៉ែត្រគូប​។ លោក​ព្រួយបារម្ភ​ណាស់ ឆ្នាំនេះ ខ្លាច​ខ្វះ​ទឹក ដូច​ឆ្នាំ​២០១៥ កន្លងមក​។ តែ​ដោយមាន​ការយកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ​ជាតិ និង​គ្រប់​លំដាប់ថ្នាក់ លោក​ស​ង្ឈឹ​ម​ថា ឆ្នាំ​២០១៦​នេះ នឹងមិន​ខ្វះ​ទឹក​ទេ មើលទៅ​។​

​លោក ជា សុវណ្ណ​ធួន អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បាន​និយាយថា​: ក្រុង​សិរីសោភ័ណ នៅ​ឆ្នាំ ២០១៥ គឺ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​អំឡុង ខែមីនា និង​មេសា​។ តែ​នៅ​ឆ្នាំ​២០១៦ ខាងមុខនេះ បើ​មិនមាន​វិធានការ បិទ​ទឹកស្ទឹង​សិរីសោភ័ណ​ទេ នៅ​អំឡុង​ខែកុម្ភ​: ដល់​ឧសភា នឹងខ្វះ​ខាត​ទឹក​ហើយ​។​
   
​មកទល់​ពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ទឹក​ក្នុង​ស្ទឹង​មង្គល​បូរី , ស្ទឹង​សិរីសោភ័ណ​, ស្ទឹង​ថ្មពួក​, ស្ទឹង​ស្វាយចេក​, ស្ទឹង​រំដួល​, ស្ទឹង​ក្រឡាញ់ និង​អូរ បឹងបួរ អាង ត្រពាំង ស្រះ ឬ​ទី​ស្តុក​ទឹក​នានា ក្នុង​ទូទាំង​ខេត្ត បាន​ស្រក​យ៉ាងខ្លាំង ស្ទើរ​ដល់​បាត​ទៅហើយ​។ ការប្រើប្រាស់​ទឹក ដ៏​ខ្លាំងក្លា​មួយ គឺ​កសិករ​ក្នុង​ខេត្ត ធ្វើ​ស្រូ​ង​ប្រាំង ឆ្នាំ​២០១៥​នេះ លើស​ផែនការ​គ្រោង ដល់​ជាង ១៦០ ភាគរយ​។ នោះ​មកពី​កសិករ ធ្វើស្រែ​វស្សា បាន​ផល ព្រោះ​ជួប​គ្រោះរាំងស្ងួត​។​
 
​សូម​រំលឹក​ដែរ​ថា ខេត្តបន្ទាយមានជ័យ ជួប​គ្រោះទឹកជំនន់ ជា​ប្រវត្តិសាស្ត្រ ៥ ឆ្នាំ ជាប់​គ្នា ពី​ឆ្នាំ​២០០៩-២០១៣ ហើយ​ឆ្នាំ​២០១៤ និង​២០១៥ បាន​ជួប​គ្រោះរាំងស្ងួត​វិញ​ម្តង​។​
 
​ដោយឡែក ការចំណាយ​លើ ការ​ទប់​ទំនប់​បិទ​ទឹកស្ទឹង​នេះ អាជ្ញាធរខេត្ត បាន​ការជួយ​គ្រឿងចក្រ ពី​លោក​សាំង គង់ ជា​មន្ត្រី​និង​ជា​អាជីវករ និង​បានការ​ឧបត្ថម្ភ​ថវិកា ពី​រោងចក្រ​ផលិត​ទឹកកក សញ្ញា​សេះ​ហោះ និង​ក្រុមហ៊ុន​តិច​ណូ​ឡូ​ជី វ៉​ត​ធើ សាប់​ប្លាយ (​ទឹកស្អាត​ក្រុង​សិរីសោភ័ណ​) ៕V/S

​បន្ទាយមានជ័យ ព្រួយ​ខ្វះ​ទឹក​កាន់តែខ្លាំង​៖ ទប់ទឹក​ស្ទឹង​សិរីសោភ័ណ​ និងត្រៀម​ទប់​ស្ទឹង​មង្គល​បូរី​

​បន្ទាយមានជ័យ ព្រួយ​ខ្វះ​ទឹក​កាន់តែខ្លាំង​៖ ទប់ទឹក​ស្ទឹង​សិរីសោភ័ណ​ និងត្រៀម​ទប់​ស្ទឹង​មង្គល​បូរី​

​បន្ទាយមានជ័យ ព្រួយ​ខ្វះ​ទឹក​កាន់តែខ្លាំង​៖ ទប់ទឹក​ស្ទឹង​សិរីសោភ័ណ​ និងត្រៀម​ទប់​ស្ទឹង​មង្គល​បូរី​