លោក សួន សេរី​រដ្ឋា ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ ប្តឹង​លោក​ហោ​ណាំហុង ពីបទ​បរិហាកេរ្តិ៍​

ភ្នំពេញ: ​ដូច​ការគ្រោងទុក គឺ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ​នេះ លោក​សួន​សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានដាក់​ពាក្យ​ប្តឹង ចូលទៅ​កាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ កម្មវត្ថុ​នៃ​ពាក្យ​ប្តឹង​នោះ គឺ​លោក​សួន​សេរី​រដ្ឋា បាន​ប្តឹង​លោក​ហោ​ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ពីបទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​។​

​សូម​រម្លឹកថា លោក សួន សេរី​រដ្ឋា បានប្រកាស​នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ថា អ្វីដែល​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បាន​និយាយ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ គឺ​លោក​មិនអាច​ទទួលយក​បានទេ​។ នៅ​ថ្ងៃទី​២១ ខែធ្នូ លោក​នឹងដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ទាមទារ​អោយ​តុលាការ​ផ្ត​ន្តា​ទោស​លោក​ហោ ណាំហុង និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៥០០ លាន​រៀល​។​

​លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែធ្នូ បើ​លោក​
​ហោ ណាំហុង ធ្វើលិខិត​លាយលក្ខណ៍អក្សរ សុំទោស​រូបលោក នោះ​លោក នឹងមិន​ប្តឹង ទៅ​តុលាការ​ទេ​។​
 
​លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់ថា ការប្តឹង​នេះ គឺ​ប្តឹង​ដើម្បី​រក​យុត្តិធម៌ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៥០០ លាន​រៀល និង​ទាមទារ​អោយ​តុលាការ​ផ្តន្ទាទោស​លោក ហោ ណាំហុង តាមច្បាប់​។ សំណង​ជំងឺ​ចិត្ត ៥០០ លាន​រៀល លោក សួន សេរី​រដ្ឋា បានប្រកាសថា នឹង​ផ្តល់ជូន​មន្ទីរពេទ្យ គន្ធ​បុ​ប្ឆា​។​

​លោក​សួន​សេរី​រដ្ឋា បាន​លើកឡើងថា អ្វីដែល​លោក ហោ ណាំហុង បាន​និយាយ គឺ​ធ្វើអោយ​បាត់បង់​ទំនុកចិត្ត ហើយ​សកម្មជន​បាត់បង់​ទំនុកចិត្ត និង​មានការ​ភ័យខ្លាច មកលើ​គណបក្ស​អំណាច​ខ្មែរ​។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ លោក ការ សា​វុ​ត្ថ មេធាវី​ការពារ​លោក​ហោ​ណាំហុង បានចេញ​លិខិត​មួយច្បាប់​បានចេញ​លិខិតបញ្ជាក់​ពី​ករណី​លោក​សួន​សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធយុត្តិធម៌ នៅ​កម្ពុជា កន្លងមក​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ លោក​មេធាវី ការ សា​វុ​ត្ថ បានបញ្ជាក់​អំពី​ដំណើរ​សាច់រឿង ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​ផ្តន្ទាទោស​លោក​សួន​សេរី​រដ្ឋា រួមទាំង​បក្ខពួក ៣ រូប​ទៀត ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ រួមគំនិត​ក្បត់ និង​អំពើ​រារាំង​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត ព្រមទាំង​បង្ក​ការរំខាន​មិន​ឲ្យ​ដំណើរការ​បោះឆ្នោត​បាន​។ ជន​ទាំង ៤ រូបនោះ ដែល​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ ចន្លោះ​ពី ៥ ឆ្នាំ ទៅ ៧ ឆ្នាំ​។​

​លិខិត​របស់លោក​មេធា​វី ការ សា​វុ​ត្ថ ក៏បាន​បញ្ជាក់​ពី​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ និង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ត្រាស់បង្គាប់​ត្រូវបាន​លើកលែងទោស​ឲ្យ​ទណ្ឌិត ៤​នាក់ គឺ​ឈ្មោះ សួន​សេរី​រដ្ឋា សេរី​ប៊ុន​ឡេង សេង​សុ​ម៉េង និង​អ៊ុំ​ភីរុណ​។​

​ដូច្នេះ​លោក​មេធាវី ការ សា​វុ​ត្ថ បាន​សន្និដ្ឋាន ២ ចំណុច​ថា ១-​ព្រះរាជក្រឹត្យ​លើកលែងទោស បានបញ្ជាក់​ឲ្យ​ឃើញថា លោក​ទាំង ៤ នាក់ ពិតជា​មានទោស តាម​ការសំរេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​។ ២-​ការកាត់ទោស និង​ការលើកលែងទោស​របស់​លោក​ទាំង ៤ នាក់​នេះ ត្រូវបាន​ប្រជាជន​ខ្មែរ​ដឹងឮ​ជាទូទៅ ព្រមទាំង​ត្រូវបាន​ប្រព័ន្ធ​ឃោសនា​ជាតិ និង​អន្តរជាតិ ( រួមទាំង​វិទ្យុ​អាស៊ីសេរី​ផង ) ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​។​

​សូម​រម្លឹកថា សេចក្តីបញ្ជាក់​របស់លោក​មេធាវី​របស់លោក​រដ្ឋ​មន្ត្រី​ការបរទេស ហោ ណាំហុង យ៉ាង​ដូច្នេះ បានធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​គណបក្ស​អំណាច​ខ្មែរ​របស់លោក​សួន​សេរី​រដ្ឋា ធ្វើ​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ប្រកាស​ពី​ការដាក់​ពាក្យ​ប្តឹង​លោក​ហោ​ណាំហុង ពីបទ​បរិហាកេរ្តិ៍​លោក​សួន​សេរី​រដ្ឋា និង​សមាជិក​អំណាច​ខ្មែរ​។ នោះ​គឺ​គណបក្ស​អំណាច​ខ្មែរ សំអាងថា លោក​ហោ​ណាំហុង បាន​លើកឡើងថា សមាជិក​របស់​គណបក្ស​អំណាច​ខ្មែរ ធ្លាប់​ត្រូវបាន​តុលាការ​ផ្តន្ទាទោស ជាដើម​។​

​លោក​ហោ​ណាំហុង កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ក៏បាន​បញ្ជាក់​ជាថ្មី​ថា អ្វីដែល​លោក​បានលើកឡើង​ពាក់ព័ន្ធ​នឹង​គណបក្ស​អំណាច​ខ្មែរ គឺមាន​ឯកសារ​សំណុំរឿង នៅ​ក្រសួងយុត្តិធម៌ ដែល​មេដឹកនាំ​គណបក្ស​នោះ ជាប់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា កន្លងមក​៕ 

លោក សួន សេរី​រដ្ឋា ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ ប្តឹង​លោក​ហោ​ណាំហុង ពីបទ​បរិហាកេរ្តិ៍​

លោក សួន សេរី​រដ្ឋា ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ ប្តឹង​លោក​ហោ​ណាំហុង ពីបទ​បរិហាកេរ្តិ៍​

លោក សួន សេរី​រដ្ឋា ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ ប្តឹង​លោក​ហោ​ណាំហុង ពីបទ​បរិហាកេរ្តិ៍​

លោក សួន សេរី​រដ្ឋា ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ ប្តឹង​លោក​ហោ​ណាំហុង ពីបទ​បរិហាកេរ្តិ៍​
លោកសួនសេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥​

លោក សួន សេរី​រដ្ឋា ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ ប្តឹង​លោក​ហោ​ណាំហុង ពីបទ​បរិហាកេរ្តិ៍​