រកឃើញហើយក្រុមខ្លាំងនៅមណ្ឌលខេត្តកំពង់ចាម

ភ្នំពេញ: ​ភ្នំពេញ​:​ពេលនេះ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​នៅតាម​មណ្ឌល​ទាំង ៥ នៃ​ព្រឹត្តិការណ៍​Sposor Futsal-Cup បាន​បញ្ចប់​ហើយ ។​

​    ​កំពង់ចាម​ជា​មណ្ឌល​ចុង​ក្រៅ​យ​គេ​ដែល​ទើបតែ​បញ្ចប់​ការប្រកួត​រក​ក្រុម​ខ្លាំង​ចំនួន ២ កាលពី​យប់​ថ្ងៃទី​២០​ធ្នូ​នេះ​ទេ ។​

​     ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​សឹម សាន​ត្រាន​ដែលជា​អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍​ប្រកួត​នេះ​បាន​ឲ្យ​ដឹងថា​ កំពង់ចាម​មាន​ក្រុមបាល់ទាត់​ចំនួន ២០​ចូលរួម ។​

​    ​ដោយសារ​តែមាន​ក្រុម​ចូលរួម​តិច​បែបនេះ​ទើប​គណៈកម្មការ​រៀបចំ​ការប្រកួត​ សម្រេច​ឲ្យ​ក្រុម​ចំនួន​១០ ដែល​ចាញ់​ដំបូង​នោះ​មានឱកាស​ប្រកួត​ម្ដងទៀត​ដើម្បី​ឲ្យ​ក្រុម​ដែល​ចាញ់​ នោះបាន​ចាញ់​ដោយ​អស់ចិត្ត ។ ទោះបីជា​យ៉ាង​ណា​ក៏​ក្រុម​ខ្លាំង​នៅតែ​ខ្លាំង​ដដែល ។​

​    ​ក្រុម​ចំនួន ២ ដែល​បាន​ឡើងមក​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​គឺ​ក្រុម Daniel-B  និង ក្រុម Red Devil ។​ក្រុម​ ទាំង ២ នេះ​ចួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​លទ្ធផល​គឺ Daniel-B ឈ្នះ​ក្រុម Red Devil ៦ ទល់ ៣ ។ ក្រុម​ទាំង ២ នេះ​បាន​ឡើង​មកលេង​វគ្គ​១០​ក្រុម​ចុងក្រោយ​នៅ​រាជធានី​ភ្នំពេញ​ជាមួយគ្នា ។​

​     ​១០​ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​ដណ្ដើមពាន Sponsor Futsal-Cup 2015​នៅ​រាជធានី​ភ្នំពេញ​មាន​ក្រុម​ខ្លាំង ២ របស់​មណ្ឌល​ភ្នំពេញ​គឺ​Victory FC និង Ov Mal ។ ២ ក្រុម​មកពី​មណ្ឌល​ខេត្តបាត់ដំបង​មាន FC-Crown និង  Gabana FC ។ ២​ក្រុម​របស់​មណ្ឌល​ខេត្តសៀមរាប​មាន​ក្រុម​សៀមរាប FC និង ក្រុម​Legends FC ។ ២​ក្រុម​មកពី​មណ្ឌល​ខេត្ត​ព្រះសីហនុ​នោះ​គឺ​ក្រុម ក​១៥៧​ខេត្ត​ព្រះសីហនុ និង ក្រុម​តោ​មាស A ។​ក្រុម​២​ចុងក្រោយ​មកពី​មណ្ឌល​ខេត្តកំពង់ចាម​មាន Daniel-B និង ក្រុម Red Devil ។​