វប្បធម៌​សាងសង់​មុន សុំ​ច្បាប់​តាម​ក្រោយ​នៅ​តែ​កើត​មាន ខណៈ​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​ដាក់​បំរាម​ដាច់ខាត

ខេត្ត​ព្រះ​សីហ​នុ ៖ រហូត​មក​ដល់​ពេល​នេះ ទីតាំង​ស្ថានីយ​ប្រេង​ឥន​ន្ធៈ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ បាន​កំពុង​នឹង​សាងសង់​បាន​យ៉ាង​រលូន បើ​ទោះបីជា​លោក​ស្រ៊ុ​ន ស្រ៊​ន់ អភិបាលរង​ខេត្ត​អះអាង​ថា បាន​បញ្ជា​ឱ្យ​ម្ចាស់​ការដ្ឋាន​ផ្អាក​ដំណើរ​​មួយ​រយៈ​រង់ចាំ​ការ​សុំ​ច្បាប់​រួចរាល់​ក៏​ដោយ ។

ទាក់ទង​ទៅ​នឹង​សំណង់​ស្ថានីយ​ប្រេង​ដែល​មតិ​អ្នក​ជិត​ស្និត និង​អាជ្ញាធរ​មួយ​ចំនួន​អះអាង​ថា ពុំ​មានច្បាប់​នោះ កំពុង​សាងសង់​បាន​យ៉ាង​រលូន បើ​ទោះបីជា​ពុំ​មានច្បាប់​អ្វី​បន្តិច​យ៉ាងណា​ក្តី វា​ផ្ទុយ​ពី​អ្វី​ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​សំណង់​នេះ ដែល​កំពុង​សាងសង់​គ្មាន​ច្បាប់ សំណង់​សង់​រំលោភ​លើ​ចំណី​ផ្លូវ សំណង់​សង់​នៅ​លើ​ដី​រដ្ឋ​ជាដើម ។​ល​។ ប៉ុន្តែ​សំណង់​នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ បែរជា​សាងសង់​បាន​យ៉ាង​រលូន​ដោយ​ពុំ​ខ្វល់​ពី​អ្វី​ដែល​ហៅ​ថា​ច្បាប់ ។

លើស​ពី​នេះ គេ​ពុំដែល​បានឃើញ​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់​ចេញ​មុខ មក​ធ្វើការ​ហាមឃាត់​ម្តងណា​ឡើយ ។ ដោយសារ​សកម្មភាព​នេះ​ហើយ បាន​ធ្វើ​ឱ្យ​មតិ​មហាជន​ជា​ច្រើន ហាក់​ពុំ​មាន​ជំនឿ​ចិត្ត​លើ​មន្ត្រី​ជំនាញ ហើយ​បាន​ធ្វើការ​រិះគន់​ចំ​ៗ​ថា បើ​សំណង់​គ្មាន​ខ្សែ​សំណង់​របស់​ប្រជាពលរដ្ឋ​ធម្មតា​វិញ​នោះ សូ​ម្បី​តែ​ចាក់​ជើង​សសរ ក៏​ពុំ​បាន​ដែរ ។ ឯ​សំណង់​អ្នកមាន​លុយ មាន​ខ្សែ​មាន​ខ្នង បែ​ជា​ពុំ​មាន​សមត្ថកិច្ច​មើល​មិនឃើញ​ទៅ​វិញ ។ រហូត​មាន​សំណង់​ខ្លះ សាងសង់​រួច​ហើយ​ជិត​០១​ឆ្នាំ ទើប​រត់ការ​ក៏​មាន​។ ជាក់ស្តែង​ដូច​ជា​សំណង់​របស់​លោក (​ខិ​) សាងសង់​បាន​ប្រមាណ​៤០%​ទៅ​ហើយ ទើបតែ​ត្រៀម​ឯកសារ​រត់​ច្បាប់​ទៅ​វិញ ។

លោក​ទិ​ត្យ វុ​ទ្ធី អភិបាលស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ បាន​គូស​បញ្ចា​ក់ថា ទីតាំង​ការដ្ឋាន​ស្ថានីយ​ប្រេង​មួយ​កន្លែង​ខាងលើ ពុំ​ទាន់​មានច្បាប់​នោះ​ទេ ព្រោះ​ម្ចាស់​សំណង់​បាន​ប្រាប់​ថា ជិត​រត់​ច្បាប់​ហើយ​ៗ​ឯកសារ ក​តិ​យុទ្ធ​ណាមួយ​ពាក់ព័ន្ធ​ការ​សាងសង់​ស្ថានីយ​ប្រេង​នេះ ក៏​លោក​ពុំ​ធ្លាប់​បានឃើញ​នោះ​ទេ ។

លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ឆ្លើយ​បដិសេធន៍​ស្រ​ដៀង​គ្នា​ទៅ​នឹង​លោក​ទិ​ត្យ វុ​ទ្ធី អភិបាល​វាល​ស្រុក​ព្រៃ​នប់​ថា​រហូត​មក​ថ្ងៃ​ទី​២០ ធ្នូ គេ​នៅ​ពុំ​ទាន់​ឃើញ​ឯកសារ​ណាមួយ​ពាក់ព័ន្ធ​ការ​សាងសង់​ស្ថានីយ​ប្រេង​នេះ​នៅឡើយ​ទេ ។ លោក​បន្ត​ថា បើ​ម្ចាស់​ការដ្ឋាន​នៅ​តែ​ពុំ​គោរព​ច្បាប់​របស់​រដ្ឋ​នោះ លោក​នឹង​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ មិន​អត់អោន​តទៅ​មុខ​បាន​នោះ​ទៀត​ទេ​។