ឆ្នាំ២០១៥ សាលាឧទ្ធរណ៍ និងមហាអយ្យការ កាត់ក្តីបទល្មើស ព្រហ្មទណ្ឌជាង ១ពាន់សំណុំរឿង

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ សាលាឧទ្ធរណ៍ និងមហាអយ្យការ បានកាត់ក្តីទៅលើបទល្មើស ព្រហ្មទណ្ឌជាង ១ពាន់សំណុំរឿង ដែលក្នុងនោះ ពាក់ព័ន្ធនឹងអនីតិជនមានចំនួនជាង ៥០រឿង។

របាយការណ៍បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការ បានឲ្យដឹងថា សំណុំរឿងសភាព្រហ្មទណ្ឌ អង្គសេចក្តី ដែលចាត់ការរួចមានចំនួន ១.៣៥៥រឿង ក្នុងនោះពាក់ព័ន្ធអនីតិជនចំនួន ៥៨រឿង ក្នុងនោះរឿងពាក់ព័ន្ធនឹងអនីតិជន ដែលបន្តចាត់ការពីឆ្នាំ២០១៤ ពុំមានសេសសល់ទេ គឺនៅសល់តែរឿងអនីតិជន ដែលចូលក្នុងឆ្នាំ២០១៥ ចំនួន៣១រឿងប៉ុណ្ណោះ ដែលត្រូវជំរុញឲ្យជំនុំជម្រះ ជាអាទិភាពក្នុងខែធ្នូ ឆ្នាំ២០១៥នេះឲ្យអស់ ឬបន្តដល់ខែមករា ឆ្នាំ២០១៦។

សំណុំរឿងរដ្ឋប្បវេណី គិតទាំងអង្គសេចក្តី និងដីកាសម្រេច ដែលសំណុំរឿងបន្តចាត់ការពីឆ្នាំ២០១៤ មានចំនួន ២.៨១៦រឿង, សំណុំរឿងចូលក្នុងឆ្នាំ២០១៥ ចំនួន ១.១៨៩រឿង, សំណុំរឿងសរុបក្នុងឆ្នាំ២០១៥ ចំនួន ៤.០០៥រឿង, សំណុំរឿងបន្តចាត់ការទៅខែបន្ទាប់ និងឆ្នាំ២០១៦ ចំនួន ៣.០៥៦រឿង។

សំណុំរឿងចាត់ការរួចគិតពីដើមខែធ្នូ ឆ្នាំ២០១៤ ដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៥ ចំនួន ៥៤៩រឿង ក្នុងនោះចាត់ការរួចដោយធ្វើការជំនុំជម្រះបាន ៩២៨រឿង ការលើកបណ្តឹងឧទ្ធរណ៍ ដោយមិនព្រមបង់ប្រាក់ ប្រដាប់ក្តីតុលាការ ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងដកពាក្យបណ្តឹងឧទ្ធរណ៍វិញ ២១រឿង។ សំណុំរឿង ដែលបន្តចាត់ការទៅឆ្នាំ២០១៦ ចំនួន ៣.០៥៦ គឺបង់ប្រាក់ប្រដាប់ក្តីរួចចំនួន ៧៣៦រឿង និងមិនទាន់បង់ប្រាក់ ប្រដាប់ក្តីចំនួន ២.៣២០រឿង៕

ឆ្នាំ២០១៥ សាលាឧទ្ធរណ៍ និងមហាអយ្យការ កាត់ក្តីបទល្មើស ព្រហ្មទណ្ឌជាង ១ពាន់សំណុំរឿង