ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ក្នុង​ខេត្តស្ទឹងត្រែង សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់

រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ សមត្ថកិច្ច​នគរបាល​និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បង្ក្រាប​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ធំៗ​ជា​បន្តបន្ទាប់ ហើយ​រឹបអូស​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម​ផងដែរ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា គ្រឿងញៀន​ទាំងនោះ ត្រូវ​ឧក្រិដ្ឋជន​នាំចូល​ពី​ប្រទេស​ឡាវ​មក​ខេត្តស្ទឹងត្រែង ហើយ​បន្ត​យកទៅ​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​។ កន្លងមក​មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ខេត្តស្ទឹងត្រែង គឺជា​ចំណុច​ឆ្លងកាត់​គ្រឿងញៀន​ពី​ប្រទេស​ឡាវ ប៉ុន្តែ​ជាក់ស្ដែង​សមត្ថកិច្ច​មិនទាន់​អាច​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​។

កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​បាន​១​ករណី និង​រឹបអូស​ថ្នាំញៀន​ម្សៅ​ពណ៌​ស​ជិត​១​គីឡូក្រាម​នៅ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ តាម​ប្រភពពី​មន្ត្រី​អាវុធហត្ថ​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​នោះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ វ៉ា ធា អ​យុ​៤៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ឡា​កាយ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង​។ វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន គឺ​គ្រឿងញៀន​១​កញ្ចប់​ធំ​មាន​ទម្ងន់​សរុប​៨១២,៣០​ក្រាម ហើយ​តាម​ការពិសោធន៍​ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋានថា ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ពណ៌​ស​ថ្លា​។ ជនសង្ស័យ​ឈ្មោះ វ៉ា ធា បាន​សារភាពថា គ្រឿងញៀន​ខាងលើនេះ​ជា​របស់​ជនជាតិ​ឡាវ​ដែល​រត់គេចខ្លួន​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​បទល្មើស​នាំចូល​គ្រឿងញៀន​ពី​ប្រទេស​ឡាវ ឆ្លងកាត់​ព្រំដែន​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​នោះទេ ព្រោះ​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​មេខ្លោង​ធំៗ​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា គ្រឿងញៀន​ដែល​ឧក្រិដ្ឋជន​នាំចូល​ឆ្លងកាត់​ខេត្តស្ទឹងត្រែង​នោះ ត្រូវបាន​គេ​យកមក​លក់​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស ហេតុនេះហើយ​ទើប​គ្រឿងញៀន​កំពុង​ក្លាយជា​វិបត្តិ​ដ៏​ធំ​ក្នុង​សង្គមជាតិ​។ ផ្ដើមចេញពី​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន គឺ​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ព្រោះ​អំពើចោរកម្ម​លួច​ឆក់​ប្លន់ និង​អំពើ​ឃាតកម្ម​ដែល​កើតឡើង​យ៉ាង​រាលដាល​ត្រូវគេ​ដឹងថា កើតចេញពី​គ្រឿងញៀន​តែម្តង​៕

12360344_1690859981126257_9076990831236788556_n 1375212_1690859891126266_1372344970330070572_n