មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​នៅ​ភ្នំ​បាក់ ទំនង​ដោយសារ​មិន​ទទួលបាន​ផលប្រយោជន៍​

អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់ភ្នំ​បាក់ ភូមិ​រំដេង ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ ដែល​កើតឡើង​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ទើបតែ​ត្រូវ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្តព្រះវិហារ ចាត់វិធានការ​បង្ក្រាប​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥​។ ប្រភពពី​សមត្ថកិច្ច​ចម្រុះ​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​នោះ បាន​ឲ្យ​ដឹងថា មាន​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​២​កន្លែង​នៅ​តំបន់ភ្នំ​បាក់ ដោយ​ឈ្មួញ​បាន​យកឈ្មោះ​ក្រុមហ៊ុន​មក​បិទបាំង​ធ្វើ​អាជីវកម្ម​ជា​យូរ​មកហើយ​។ ទន្ទឹមនឹងនេះ​មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា ការបង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់ភ្នំ​បាក់ ភូមិ​រំដេង កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ប្រហែល​មកពី​ឈ្មួញ​មិន​បង់លុយ​តាម​ការកំណត់ ទើបត្រូវ​មន្ត្រី​អាជ្ញាធរ​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ បង្ក្រាប​យក​ស្នាដៃ​តែម្តង​។

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា អា​ជីរ​កម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​តំបន់ភ្នំ​បាក់ បាន​កើតឡើង​ច្រើន​ឆ្នាំ​មកហើយ​ដោយ​ឈ្មួញ​ធំៗ​បាន​ប្រើ​កម្មករ​ជនជាតិ​យួន​ជា​អ្នក​ប​ចេ្ច​ក​ទេស​ចម្រាញ់​យក​រ៉ែ​មាស​ដោយ​ប្រើ​សារធាតុ​គីមី​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​ធ្លាប់បាន​រាយការណ៍​ទៅ​អាជ្ញាធរខេត្ត​ព្រះវិហារ ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ជាច្រើនលើក​មកហើយ ទើបតែ​មានការ​បង្ក្រាប​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥​។ នៅក្នុង​ការបង្ក្រាប​នោះ គេ​ឃើញ​មាន​លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ ព្រមទាំង​អភិបាលរង​ខេត្តព្រះវិហារ​មួយរូប​ចូលរួម​ផងដែរ​។

តាម​ការអះអាង​ពី​សហគមន៍​ប្រជាពលរដ្ឋ​ភូមិ​រំដេង ឃុំ​រមទម បាន​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​បាន​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន​រុករក​រ៉ែ​ដើម្បី​ធ្វើ​អា​ជីរ​កម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់ភ្នំ​បាក់ ដោយមាន​ប្រើ​កម្មករ​ជំនាញ​ជនជាតិ​យួន​និង​គ្រឿងចក្រ​ទំនើបៗ​សម្រាប់​ចម្រាញ់​យក​រ៉ែ​មាស​តាម​អំពើ​ចិត្ត​។ ឈ្មួញ​ខ្លះ​បាន​ប្រើ​ម្ស៉ៅ​សារធាតុ​គីមី​ចម្រាញ់​យក​រ៉ែ​មាស​ដោយ​ខុសច្បាប់​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​តំបន់ភ្នំ​បាក់ និង​ប៉ះពាល់​ដល់​ប្រភពទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផងដែរ​។ ប្រជា​សហគមន៍​បាន​បញ្ជាក់ថា ការបង្ក្រាប​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​ពួកគាត់​ដឹងថា មន្ត្រី​អាជ្ញាធរ​ព្រមទាំង​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​តាម​អំពើ​ចិត្ត ហើយ​ភាគច្រើន​នៃ​ឈ្មួញ​ទាំងនោះ​គឺជា​ជនជាតិ​យួន​។ ប្រជាពលរដ្ឋ​លើកឡើងថា ប្រសិនបើ​អាជ្ញាធរខេត្ត​ក៏ដូចជា​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ ដាក់​កម្លាំង​សមត្ថកិច្ច​ដើម្បី​បង្ក្រាប​បទល្មើស​ជាប្រចាំ​ទើប​ពួកគាត់​មានការ​ជឿជាក់​៕

KS11177 KS11174 KS11175