លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល នៅតែ​បណ្ដោយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ក្នុងការ​ឃុបឃិត​ឲ្យ​មន្ត្រី​ជំនិត​របស់ខ្លួន​បង្កើត​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​តាមផ្លូវ​ជាតិ​មួយចំនួន ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​នោះ គឺជា​រឿង​មិនអាច​បិទបាំង​បានទេ​។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ អ្នកបើកប​រថយន្ត​ធំៗ​បាន​យក​រថយន្ត​ប្រមាណ​២៥០​គ្រឿង​ធ្វើ​កូដកម្ម​បិទផ្លូវ​ជាតិ​លេខ​២១​បេ ដើម្បី​តវ៉ា​។ ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ទំនិញ ដឹក​កសិផល ដឹក​ខ្សាច់​ក្រួស​ថ្ម​ជាដើម ដែល​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នោះ បាន​លាតត្រដាង​ជា​សាធារណៈ​នូវ​អំពើពុករលួយ​នៅតាម​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល​។

ក្រុមអ្នកតវ៉ា​បាន​ឲ្យ​ដឹងថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​២១​បេ បាន​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​សូម្បីតែ​ពួកគាត់​ដឹក​កសិផល​មក​លក់​នៅ​ទីផ្សារ​ក្នុង​ក្រុង​តាខ្មៅ និង​រាជធានី​ភ្នំពេញ ក៏​ត្រូវគេ​ជំរិត​យកលុយ​ដែរ​។ ជាងនេះទៅទៀត​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​កំពង់ទួល ផ្លូវជាតិ​លេខ​៣ គឺជា​កន្លែង​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកទំនិញ ដឹក​កសិផល ដឹក​ក្រួស​ខ្សាច់​ថ្ម ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ បញ្ហា​នេះ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​អំពើពុករលួយ​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ព្រមទាំង​បក្ខពួក​ជាបន្ទាន់​។

តាម​សេចក្ដីរាយការណ៍​ពី​ម្ចាស់​រថយន្ត​ដែល​តវ៉ា​បិទផ្លូវ​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដដែល​។ ម្ចាស់​រថយន្ត​ដឹក​ថ្ម​ក្រួស​ខ្សាច់ ដឹកទំនិញ​និង​កសិផល​ផ្សេងៗ​បាន​បញ្ជាក់ថា នៅពេល​ពួកគាត់​បើកបរ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត គឺ​គេ​តម្រូវ​ឲ្យ​បង់លុយ​ក្នុង​មួយ​ជើង​ពី​២​ម៉ឺន​រៀល​ដល់​១០​ម៉ឺន​រៀល ហើយ​គ្មាន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ ប៉ុន្តែ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​យី​ឌុប​ឬ​រថយន្ត​សណ្ដោង​កុងតឺន័រ គឺ​មន្ត្រី​សាធារណការ​ទាំងនោះ មិន​ហ៊ាន​ប៉ះពាល់​ទៅវិញ​។ ប្រការនេះ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ពិនិត្យឡើងវិញ​រាល់​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ឹង យូ​ឡេង និង​បក្ខពួក​ជាបន្ទាន់ មិនត្រូវ​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​៕

1598384_554500151307837_1208648169_n​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន W@t-15126លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល