ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹងទំពុន ING Hol ding អាង​អំណាច​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាង​កំរោល

ករណី​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ING Hol ding ដែល​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​បំពាន​លើ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ គឺជា​រឿង​ដ៏​អាក្រក់​បំផុត​។ ដោយហេតុថា ម្ចាស់​ក្រុមហ៊ុន​នេះ​បាន​កុហក​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី​ឲ្យ​ចេញពីផ្ទះ ដើម្បី​ទៅ​ដោះស្រាយ​នៅ​សាលាខណ្ឌ​ដង្កោ ប៉ុន្តែ​គេ​បែរជា​លួច​នាំ​កម្មករ​ចូលមក​ចាក់ដី​លើដី​មានទំនាស់ និង​ដក​បង្គោល​ព្រំដី ក្នុងខណៈដែល​ម្ចាស់ផ្ទះ​មិន​នៅ​។ បញ្ហា​នេះ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​ម្ចាស់​ក្រុមហ៊ុន ING Hol ding កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាង​គឃ្លើន​។

តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ខណ្ឌដង្កោ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ម្ចាស់​ក្រុមហ៊ុន ING Hol ding អាង​ខ្លួន​មាន​លុយ​មានអំណាច​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ប្រើ​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​អាក្រក់​បំផុត​។ ជាក់ស្ដែង​ដី​មានទំនាស់​នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ ត្រូវបាន​ប្រជាពលរដ្ឋ​ម្ចាស់​ដី​កាន់កាប់​ជា​យូរ​មកហើយ​និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បែរជា​ក្រុមហ៊ុន ING Hol ding ហ៊ាន​បំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​ធ្វើ​ការងារ​នៅក្នុង​ទូរទស្សន៍​មួយ​ផងដែរ ដូច្នេះ​អំពើអាក្រក់​របស់​ក្រុមហ៊ុន ING Hol ding មិនអាច​បិទបាំង​បានទេ​។

តាម​មន្ត្រី​អាជ្ញាធរ​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹងទំពុន ING Hol ding ទទួលបាន​កិច្ចសន្យា​ពី​រដ្ឋាភិបាល ដើម្បី​កសាង​ផ្លូវ​ថ្មី​មួយ​ខ្សែ​ឈ្មោះ​«​មហាវិថី​សម្ដេច​តេ​ជោ​»​ដែលមាន​ទទឹង​៦០​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​ជាង​៩​គីឡូម៉ែត្រ​ជាប់​ពី​ផ្លូវ​លេខ​២៧១​ក្បាលថ្នល់ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​២ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា តាម​កិច្ចសន្យា​គឺ​ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​រាល់​ការប៉ះពាល់​នានា​ដែល​ពាក់ព័ន្ធ​នឹង​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ប៉ុ​ន្តេ​ជាក់ស្ដែង​ក្រុមហ៊ុន ING Hol ding មិន​អនុវត្តន៍​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ឡើយ​។ ផ្ទុយទៅវិញ​ម្ចាស់​ក្រុមហ៊ុន​នេះ ដែល​អាង​ខ្លួន​មាន​ខ្នងបង្អែក​រឹងមាំ បែរជា​រំលោភបំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

12390944_1534216843559348_8080158003575142308_n 12362785_1534216886892677_3758307515533392696_o