“Star Wars VII” បំបែក​កំណត់ត្រា​ហូលីវូដ​ក្រោយ​រក​​បាន​ ៥១៧​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង

“Star Wars VII” បំបែក​កំណត់ត្រា​ហូលីវូដ​ក្រោយ​រក​​បាន​ ៥១៧​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង

ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ “Star Wars: The Force Awakens” បាន​​បំបែក​កំណត់ត្រា​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ ​កំឡុង​ពេល​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ដោយ​អាច​រក​ចំណូល​បាន​ជាង​ ៥១៧លាន​ដុល្លារ​ទូទាំង​ពិភពលោក​ សម្រាប់​សប្ដាហ៍​ដំបូង​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Hollywood Reporter កាល​ពី​ថ្ងៃ​អាទិត្យ។

 

“Star Wars VII” បំបែក​កំណត់ត្រា​ហូលីវូដ​ក្រោយ​រក​​បាន​ ៥១៧​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង

 

គិត​តែ​ចំណូល​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា ភាពយន្ត​របស់ Disney នេះ អាច​រក​បាន ២៣៨លាន​ដុល្លារ និង​បាន​ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ សម្រាប់​សប្ដាហ៍​ដំបូង ដោយ​បាន​បំបែក​កំណត់ត្រា​ភាពយន្ត “Jurassic World” ដែល​រក​បាន ២០៨លាន​ដុល្លារ ក្នុង​រយៈ​ពេល​៣ថ្ងៃ​ដំបូង​ដូច​គ្នា កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។​​

 

“Star Wars: The Force Awakens” ដែល​ជា​វគ្គ​ទី​៧​នៃ​ស៊េរី​ភាពយន្ត​វិទ្យាសាស្ត្រ “Star Wars” នេះ​បាន​ចេញ​រយៈ​ពេល ៣០​ឆ្នាំ បន្ទាប់​ពី​វគ្គ​៦ “Return Of The Jedi” បាន​ចេញ​តាំង​ពី​ឆ្នាំ​១៩៨៣។ ភាពយន្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ​១៩៧៧ ដោយ​ផលិតករ George Lucas។

 

មុន​ផលិត​វគ្គ​ថ្មី​នេះ​ក្រុម​ផលិតករ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ថា​តារា​សម្ដែង​ជើង​ចាស់ Harrison Ford មិន​ត្រលប់​មក​កាន់​តំណែង​តួ​សំខាន់ Han Solo វិញ ដូច្នេះ​ពួក​គេ​បាន​ផ្ដល់​តម្លៃ​ខ្លួន​សម្រាប់​តារា​វ័យ ៧៣ឆ្នាំ​រូប​នេះ​ចំនួន ២៥លាន​ដុល្លារ រួម​ជាមួយ​ចំណូល​ពី​ការ​លក់​សំបុត្រ​ចំនួន ០,៥ភាគ​រយ​ទៀត​ផង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Mail On Sunday។

 

“Star Wars VII” បំបែក​កំណត់ត្រា​ហូលីវូដ​ក្រោយ​រក​​បាន​ ៥១៧​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង

Harrison Ford សម្ដែង​ជាតួឯក Han Solo

 

ចំណែក​ឯ​តារា​សម្ដែង Mark Hamill និង Carrie Fisher ត្រូវ​បាន​ផ្ដល់​តម្លៃ​ខ្លួន​តិច​ជាង​តួ​ឯក​ខាង​លើ​ច្រើន សម្រាប់​ការ​វិល​ត្រលប់​មក​វិញ​របស់​ពួក​គេ​ជា​តួ Luke Skywalker និង Princess Leia។

 

សម្រាប់​តួ​អង្គ​ថ្មី​ៗ​ដូច​ជា Diasy Ridley និង John Boyega ត្រូវ​បាន​គេ​ដឹង​ថា​ទទួល​បាន​តម្លៃ​ខ្លួន​ម្នាក់​កន្លះ​លាន​ដុល្លារ។ ទោះ​យ៉ាង​ណា​តួ​អង្គ​ថ្មី​ៗ​នេះ​នឹង​អាច​លេច​មុខ​បន្ត​ទៀត​ក្នុង​វគ្គ​ក្រោយ​ៗ។

 

ភាពយន្ត​​ដែល​ដឹកនាំ​ដោយ​លោក J. J. Abrams នេះ មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​មួយ​ចំនួន​ទៀត​ដូច​ជា Oscar Isaac, Adam Driver, Lupita Nyong’o និង Domhnall Gleeson ៕

 

“Star Wars VII” បំបែក​កំណត់ត្រា​ហូលីវូដ​ក្រោយ​រក​​បាន​ ៥១៧​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង

ផលិតករ​ដើម George Lucas និង​អ្នក​ដឹកនាំ​វគ្គ​ថ្មី J. J. Abrams

ចុចអាន៖កំពូល​ភាពយន្ត​មនុស្ស​ព្រៃ​ Tarzan ស៊េរី​ថ្មី​បញ្ចេញ Trailer

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail