​វិបត្តិ​នៅក្នុង​គ្រួសារ ធ្វើ​ឲ្យ​បុរស​ម្នាក់​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​

​កណ្តាល: បុរស​ម្នាក់ បានសម្រេច​ចិត្ត ធ្វើអត្តឃាត​ដោយ​ចង​.​ក សម្លាប់ខ្លួន និង​ក្រមា ចងភ្ជាប់​ជាមួយ​ធ្នឹម​រោង​បាយ ដោយសារ​មាន​វិបត្តិ​នៅក្នុង​គ្រួសារ​។ ការប្រទះឃើញ និង​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៥ និង​១៥​នាទី ទៀបភ្លឺ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។  

​នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល ត្រើយ​ស្លា លោក​អនុសេនីយ៍ទោ ពុ​យ ទ្រី បាន​ឲ្យ​ដឹងថា បុរស​ដែល​បានធ្វើ​អត្តឃាត ចងក​សម្លាប់ខ្លួន​នោះ ឈ្មោះ ចេក ប្រាំង  អាយុ​៥៧​ឆ្នាំ មុខរបរ​ជា កសិករ មាន​ប្រពន្ធ ឈ្មោះ អ៊ីង សុខ អាយុ​៥៥​ឆ្នាំ មុខរបរ​ជា កសិករ មានកូន​៤​នាក់ ស្រី​៣​នាក់ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​ផ្ទះ កើតហេតុ​ខាងលើ​។​

​លោក​អនុសេនីយ៍ទោ ពុ​យ ទ្រី បាន​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ក្រោក​ពី​វេលា​ម៉ោង​ប្រមាណ ៤ ព្រឹក ទៅ​អង្គុយ​ផឹក​តែ នៅផ្ទះ​របស់ខ្លួន ជាមួយ​ឈ្មោះ ថៃ គុណ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ដែលមាន​ផ្ទះ​នៅ​ជិត ។ ក្រោយពី​ផឹក​តែ អស់​មួយ​ប៉ាន់ ជនរងគ្រោះ បាន​ដើរ​ចូលទៅ​ក្នុងផ្ទះ​បាត់ទៅ​។ រីឯ​ឈ្មោះ ថៃ គុណ ក៏បាន​ទៅផ្ទះ​បាត់​ដែរ ។ លុះដល់​វេលា​ម៉ោង ៥ និង​១៥​នាទី​ព្រឹក ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ បាន​ប្រទះឃើញ​ប្តី​របស់ខ្លួន ចង​.​ក នៅលើ​ធ្នឹម​រោង​បាយ ស្លាប់​បាត់ទៅហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង រួច​បាន​រាយការណ៍ ទៅ​សមត្ថកិច្ច ឲ្យ​ចុះមក​ពិនិត្យ​។​

​តាម​ការសន្និដ្ឋាន បុរស​នោះ មាន​វិបត្តិ​នៅក្នុង​គ្រួសារ ទើបបានជា​សម្រេចចិត្ត​ចង​.​ក ធ្វើអត្តឃាត​សម្លាប់ខ្លួន​យ៉ាង​ដូច្នេះ ហើយ​បានប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង បាន​លើកឡើងថា នៅសល់តែ​រយៈពេល ប្រមាណ​២​ខែ​ទៀត​ប៉ុណ្ណោះ កូនប្រុស​របស់​បុរស​នេះ នឹង​ដល់​ថ្ងៃ​រៀប​មង្គលការ មិនគួរណា បុរស​ជា​ឪពុក​សម្រេចចិត្ត​គិត​ខ្លី យ៉ាងនេះ​សោះ ៕V​/S