ទូ​រគត​ជនទីទ័លក្រ​នៅ​ព្រៃវែង ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

ភ្នំពេញ: លោក វឿន នី ជា​ជំនួយការ​តំណាង​ឲ្យ​លោក ឌួង អេ​លី​ត នាយក​ពិធីការ​កាកបាទក្រហម​កម្ពុជា​និង​សប្បុរសជន​ព្រមទាំង​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ប្រគល់ជូន​ទូ​រគត​ជនទីទ័លក្រ​ចំនួន​៥​គ្រួសារ​ស្ថិតនៅ​ឃុំ​ចំនួន​ពីរ​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥​។​

​អំណោយ​ដែល​យកទៅ​ប្រគល់ជូន​៤​គ្រួសារ​នៅ​ភូមិ​ដូន​ទុង ឃុំ​ប្រាសាទ​ស្រុក​កំពង់ត្របែក​ក្នុង​មួយ​គ្រួសារ​ទទួលបាន ឃី​ត​មួយកញ្ចប់ មី​មួយ​កេស ទឹកបរិសុទ្ធ​ឪ​រ៉ា​ល់​មួយ​កេស ត្រីខ​មួយ​យួរ អង្ករ​៥០​គីឡូក្រាម និង​ថវិកា​១០​ម៉ឺន​រៀល​។​ដោយឡែក​ទូ​រគត​ជន​១​គ្រួសារ​ទៀត​ដែល​លំបាក​ខ្លាំង​ទទួលបាន​សម្ភារៈ​ដូចគ្នា​ប៉ុន្តែ​ថវិកា​ចំនួន​៣៥​ម៉ឺន​រៀល​ដោយ​ការ​រៃអង្គាស​ពី​សប្បុរសជន​។​

​លោក វឿន នី ជម្រាបជូន​ពី​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​គ្រប់ពេលវេលា​។​

​លោក​បាន​មានប្រសាសន៍ថា​អំណោយ​ចែកជូន​នាពេលនេះ​កាកបាទក្រហមកម្ពុជា​ទ​ទួលបាន​ពី​ការចូលរួម​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​សប្បុរសជន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ថ្វី​ត្បិត​អំណោយ​ទាំងនេះ មាន​ចំនួន​តិចតួច​មិនអាច​ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ក៏ពិតមែន តែ​វា​បាន​ជួយ​សម្រាល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​កំពុង​ជួប​ការខ្វះខាត​ចំពោះមុខ​បាន​មួយគ្រា និង​ទាន់ពេលវេលា​ផងដែរ​។

​លោក​ជំនួយការ​បាន​បន្តថា​កាកបាទក្រហមកម្ពុជា តែងតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​នៅ​គ្រប់​មជ្ឈដ្ឋាន​ដោយ​មិន​ប្រកាន់ពូជសាសន៍ សាសនា ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​នេះ​ជា​ផ្នែក​មួយ​ជួយ​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល​។​

​ជាមួយគ្នា​នោះ​លោក​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ជាពិសេស​អ្ន​ជិតខាង​ភូមិ​ផង​របង​ជាមួយ​ត្រូវ​ចេះ​ជួយ​យកអាសារ​គ្នា​ទៅវិញទៅមក​ចំពោះ​អ្នក​ដែល​ខ្វះខាត​។​ដោយឡែក​អាជ្ញាធរ​មូលដ្ឋាន​បើ​គ្មាន​លទ្ធភាព​ត្រូវ​រាយ​ការ​មក​ថ្នាក់លើ​ដើម្បី​មាន​វិធានការ​ចុះជួយ​ពួកគាត់​ទាន់ពេលវេលា​។​

​គួររំលឹកថា​គួររំលឹកថា​អំណោយ​ដែល​យកទៅ​ចែកជូន​នោះ​សម្ភារៈ​និង​អង្ករ​ជា​របស់​កាកបាទក្រហម​កម្ពុជា​ដោយឡែក​ថវិកា​បានមកពី​សប្បុរសជន​មានដូចជា​ព្រំ ចិន្តា​(​ហៅ​ចិន​) នៅ​ខេត្តព្រៃវែង​ឧបត្ថម្ភ​ចំនួន​៤០​ម៉ឺន​រៀល លោក​ឃាង ឃួន​នៅ​ខេត្តព្រៃវែង​១៥​ម៉ឺន​រៀល​និង​លោក​ជា ឡេង ១០​ម៉ឺន​រៀល​និង​សប្បុរសជន​មួយចំនួន​ផ្សេងទៀត​៕

ទូ​រគត​ជនទីទ័លក្រ​នៅ​ព្រៃវែង ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

ទូ​រគត​ជនទីទ័លក្រ​នៅ​ព្រៃវែង ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​