ប្រទេស​ថៃ​និង​កម្ពុជា ​ពង្រឹង​ចំណង​ទាក់​ទង​គ្នា

ប្រទេស​ថៃ​និង​កម្ពុជា ​ពង្រឹង​ចំណង​ទាក់​ទង​គ្នា

នាយក​រដ្ឋមន្រ្តីកម្ពុជាលោក ​ហ៊ុនសែន និង​ នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha ចាប់ដៃគ្នា​ក្នុងសន្និសីទ​កាសែត​មួយ​បន្ទាប់ពី​ពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀងនៅឯ​វិមាន​រដ្ឋាភិបាល​ក្រុង​បាំងកក​ ប្រទេស​ថៃកាលពី​ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៥ប្រទេស​​ថៃ​និង​កម្ពុ​ជា ​បាន​ព្រមព្រៀង​គ្នា​​ជំរុញ​ចំណង​ទាក់​ទង​ខាង​សេដ្ឋ​កិច្ច​និង​ពាណិជ្ជកម្ម​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវការ​មួយ​របស់​​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ​ទៅ​កាន់​ប្រទេស​ថៃ។ បាំងកក—

​ប្រទេសថៃ​និង​កម្ពុ​ជា ​បាន​ព្រមព្រៀង​គ្នាជំរុញ​ចំណង​ទាក់​ទង​ខាង​សេដ្ឋ​កិច្ច​និង​ពាណិជ្ជកម្ម​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវការ​មួយ​របស់នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ​ទៅ​កាន់​ប្រទេស​ថៃ។

ដំណើរ​ទស្សនៈ​កិច្ច​នេះ បង្ហាញ​ នូវភាព​ចុះ​សម្រុង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី ​ដែល​មាន​ភាព​តាន​តឹង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ដោយ​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន គឺ​ជា​លើក​ទី​មួយ​នៅ​ក្នុង​រយៈ​ពេល​១២​ឆ្នាំនេះ។

ថ្លែង​បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​ពាណិជ្ជកម្ម និងបញ្ហា​សន្តិសុខ ​លោក ប្រា​យុទ្ធ ច័ន្ធ​អូចា (Prayuth Chan o-cha) នាយក​រដ្ឋមន្ត្រី​ថៃ ​បាន​និយាយ​ថា ​ប្រទេស​ទាំង​២ ​មាន​គោល​បំណង​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី។

​« ទំនាក់​ទំនង​រវាង​ថៃ​និង​កម្ពុជា ​នៅ​ពេល​បច្ចុប្បន្ន​នេះ ​ល្អ​បំផុត»។

កាល​ពី​ដំបូង លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​អំពាវនាវ​នៅ​ឯ​វេទិកា​ពាណិជ្ជកម្មថៃ​និង​កម្ពុជា ​ឲ្យ​មាន​វិនិយោគទុន​ថៃ​កាន់​តែ​ច្រើន​ឡើង​នៅ​កម្ពុជា។

ប្រទេស​ទាំង២ បាន​សន្យាបង្កើន​ពាណិជ្ជកម្មនិង​ការ​វិនិយោគ​ទុន​ទ្វេភាគី​ដល់​ទៅ​៣​ដង​នៅ​ឆ្នាំ២០២០។លោកស្រី ផាវីដា ប៉ាណានុនដ៏ (Pavida Pananond) សេដ្ឋ​វិទូ​ម្នាក់​នៃ​សាកល​វិទ្យាល័យ ធម្មសាត (Thammasat )និយាយ​ថា ​កិច្ច​ព្រមព្រៀង​កិច្ច​ស្ដីពី​សហប្រតិបត្តិការ​ខាង​ពល​កម្ម​និង​ការងារ ដែលប្រទេស​ទាំង២ ​បាន​ចុះ​ហត្ថលេខា​ផ្ដោត​លើតួនាទី​ដ៏​មាន​សារៈសំខាន់​របស់​កម្មករ​ចំណាក​ស្រុកកម្ពុជា​នៅក្នុង​សេដ្ឋ​កិច្ច​ថៃ។

«កម្ពុជា ក៏ជា​ប្រភព​ពលកម្ម​សំខាន់​ទី២​នៅ​ក្នុង​សេដ្ឋ​កិច្ច​ថៃ​ដែរ។ដូច្នេះ ​ខ្ញុំ ​គិត​ថា ​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ដ៏​សំខាន់​រវាង​ប្រទេស​ទាំង២ ​ប្រហែល​បាន​បន្ធូរបន្ថយ​ទំនាក់​ទំនង​អរិភាព ​ដែល​ប្រទេស​ទាំង​២ ​មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​នោះ»។

ភាព​តាន​តឹង​រវាង​កម្ពុជា​និង​ថៃ រីក​កាន់​តែ​ធំ​ឡើង​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​នៅ​ក្នុង​ជម្លោះ​អំពី​ការ​កំណត់​ព្រំ​ដែន​ប្រាសាទ​បុរាណ​តាម​បែប​ហិណ្ឌូ​ដែល​កសាងក្នុង​សត​វត្សរ៍​ទី​១៩​ ដែលគេ​ហៅ​ថា ​ប្រាសាទ​ព្រះ​វិហារ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឬ​ព្រះ​វិ​ហាន​នៅ​ក្នុង​ប្រទេស​ថៃ ។

ជម្លោះ​ព្រំ​ដែន ​បាន​ផ្ទុះ​ឡើង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​២​ ពី​ឆ្នាំ​២០០៨​រហូត​ដល់​ឆ្នាំ​២០១១ ​នៅ​ពេល​ដែល​ជម្លោះ​នោះ ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

លោក​នាយក​រដ្ឋមន្ត្រី មាន​ចំណង​ទាក់​ទង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​លោក ថាក់ស៊ីន ស៊ីណាវាត្រា (Thaksin Shinawatra) អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ​ដែល​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោធា​នៅ​ឆ្នាំ​២០០៦ ​ហើយទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​នោះ ​បាន​បន្ត​រហូត​ដល់​រដ្ឋាភិបាលបន្ទាប់ ​ដែល​ដឹកនាំ​ដោយ​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ( Yingluck Shinawatra) ​ដែល​ជា​ប្អូន​ស្រីរបស់​លោក ថាក់ស៊ីន។ រដ្ឋ​បាល​របស់​លោកស្រី ​ត្រូវ​បាន​ទម្លាក់​ដោយ​លោក​ឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទ​អូចា កាល​ពី​ឆ្នាំ​ទៅ។

សេដ្ឋវិទូ ផាវីដា (Pavida) និយាយ​បន្ត​ទៀត​ថា ​ឥឡូវនេះ ប្រទេស​ទាំង២ ​ហាក់​ដូចជា​មើល​ឃើញ​ចំណង​ទាក់​ទង​ទ្វេ​ភាគី​កាន់​តែ​ជាក់លាក់​ឡើង។

«ចេញ​ពី​ទស្សនៈ​របស់​កម្ពុជា ​ថៃ ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ ​ហើយ​សេដ្ឋ​កិច្ច​កម្ពុជា ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ថៃ។ ខ្ញុំ គិត​ថា ​ចេញ​ពី​ទស្សនៈ​កម្ពុជា ​ ការណ៍​នេះ ​ជា​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​នៅ​ពេលអនាគត​របស់​ពួកគេ ​ហើយ​ក៏​ជា​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ក្នុង​តំបន់​ដែរ»។

លោកស្រី ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​រដ្ឋាភិបាល​យោធា​ថៃ ​ក៏​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ចំណង​ទាក់​ទង​ប្រសើរ​ឡើង​នៅ​ក្នុង​តំបន់​ នៅ​ពេលដែល​សេដ្ឋ​កិច្ច ​មិន​សូវ​រីក​ចម្រើន​ហើយ​នឹង​មាន​កម្សោយ​នៃ​ការ​នាំ​ចេញ​ទំនិញ​ផង​នោះ៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូ​ជីន