ចិន ប្រាប់អាមេរិក ឲ្យឈប់លក់ អាវុធឲ្យតៃវ៉ាន់ និង ល្បាតជិតកោះ ដែលខ្លួនកាន់កាប់

ប៉េកាំង៖ លោករដ្ឋមន្ត្រី ការបរទេសចិន វ៉ាង យី បានប្រាប់អាមេរិក ឲ្យគោរពចំពោះផល ប្រយោជន៍ស្នូលរបស់ចិន និង ឈប់លក់អាវុធ ទៅឲ្យកោះតៃវ៉ាន់ ព្រមទាំងការល្បាតយន្តហោះ យោធា នៅក្បែរប្រជុំកោះ ដែលកំពុង គ្រប់គ្រង ដោយចិន នៅសមុទ្រចិនខាងត្បូង នោះបន្ត ទៅទៀត។ នេះបើតាមការផ្សាយរបស់ស៊ិនហួ នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ ២០១៥។

ការទាមទាររបស់ចិន ដូចខាងលើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សា តាមទូរស័ព្ទ រវាងលោក រដ្ឋមន្ត្រីការបរទេស ចិន វ៉ាង យី និង លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី។ ការពិភាក្សា នោះ ក៏បានលើកឡើងផងដែរ ពីការបញ្ហា ប្រឈមជាច្រើន របស់សកលលោក ដែល មហា អំណាចទាំងពីរ មានតួនាទីស្នូល ក្នុងការដោះស្រាយ ដូចជាការបញ្ហា បម្រែបម្រួល អាកាសធាតុ និង ឥទ្ធិពលនៃភេរវកម្ម ជាដើម។

គួរបញ្ជាក់ថា ភាគីចិន បានពន្យល់អាមេរិក ជាច្រើនទៀត ពាក់ព័ន្ធនឹងការជំទាស់របស់ កោះតៃវ៉ាន់ នៅក្នុងបញ្ហា សមុទ្រចិនខាងត្បូង ដូច្នេះ ការលក់គ្រឿងសព្វាវុធ ទំនើបៗ មាន នាវាចម្បាំង, ខែលការពារមីស៊ីល, និង យន្តហោះ ច្បាំង ទៅឲ្យតៃវ៉ាន់នោះ វាមិនខុសអ្វីទៅ នឹងការដុតកម្តៅ ឲ្យកាន់តែខ្លាំងឡើងនៅសមុទ្រចិនខាងត្បូងនោះទេ៕

ចិន ប្រាប់អាមេរិក ឲ្យឈប់លក់ អាវុធឲ្យតៃវ៉ាន់ និង ល្បាតជិតកោះ ដែលខ្លួនកាន់កាប់