មេធាវី​លោកឧបនាយករដ្ឋមន្រ្តី​ ហោ ណាំហុង ​ស្វាគមន៍បណ្តឹង​លោក សួន សេរីរដ្ឋា

រាជធានីភ្នំពេញ ៖ ​មេធាវីការពារក្តីឲ្យលោក​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង​ រដ្ឋមន្រ្តីក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ ​លោក ការ សាវុត្ថ ​បានប្រកាស​ស្វាគមន៍ពាក្យបណ្តឹង​ប្រធានគណបក្សអំណាចខ្មែរ ​លោក សួន សេរីរដ្ឋា ​ដែលដាក់ពាក្យប្តឹងលោក​ប្រមុខការទូតខ្មែរពីបទបរិហារកេរ្តិ៍​ និងញុះញង់ឲ្យ​មានការរើសអើង ។

ការប្រកាសរបស់លោកមេធាវី ​ការ សាវុត្ថ ​នាពេលនេះ​ បានធ្វើឡើងភ្លាមៗបន្ទាប់ពីលោ​ សួន សេរីរដ្ឋា បានយកពាក្យបណ្តឹងទៅ​ដាក់នៅសាលាដំបូង​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ធ្នូ ​២០១៥ ​ហើយក៍ត្រូវបានតំណាង​អយ្យការទទួល​យកនោះផងដែរ ។

នៅក្នុងសន្និសីទកាសែត​កាលពីសបា្តហ៍មុន​ លោកមេបក្សអំណាចខ្មែរ សួន សេរីរដ្ឋា​ បានប្រកាសថាបណ្តឹង​របស់លោកគឺទាមទារ​ជំងឺចិត្តពីលោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ ចំនួន៥០០លានរៀល​ ពីបទបរិហារកេរ្តិ៍ដែលលោក ​សួន សេរីរដ្ឋា ​បានអះអាងថា ​លោកប្រមុខការទូត​បានថ្លែងចោទពាក់ព័ន្ឋ​នឹងអំពើភេវរកម្ម ។

យ៉ាងណាក៍ដោយ​ បើតាមលោកមេធាវី​ ការ សាវុត្ថ ​លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ គ្មានតម្រុយពិរុទ្ឋភាព​ពីបទបរិហារកេរ្តិ៍និង​ញុះញង់ឲ្យ​មានការរើសអើងនោះទេ ព្រោះ​លោកឧបនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍តាមសាលក្រម​របស់តុលាការប៉ុណ្ណោះ ៕