មេឃុំ​ឈើ​តុំ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ឆបោក​អស់​៥០០​ដុល្លារ​តាម​ទូរស័ព្ទ

ខេត្តពោធិ៍សាត់​ ៖​ ​ករណី​ឆបោក​នៅ​តែ​មាន​គ្រប់​រូបភាព​ដែល​បង្ក​ឡើង​ដោយ​ជន​ឆក់​ឱកាស​មួយ​ក្ដាប់​តូច​ ដែល​តែងតែ​ដើរ​ធ្វើ​សកម្មភាព​គ្រប់​ទីកន្លែង​មិន​ថា​ទៅ​លើ​អ្នកតូច​អ្នកធំ ​ឬ​ប្រជាពលរដ្ឋ​សាមញ្ញ​នោះ​ទេ​ ​ជាក់ស្ដែង​កាលពី​​វេលា​ម៉ោង​១១​ព្រឹកថ្ងៃ​ទី​១៨ ​ខែធ្នូ​ ឆ្នាំ​២០១៥ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ លោក​មេឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ​ត្រូវបាន​ជន​មិន​ស្គាល់​​មុខ​ឆបោក​លុយ​អស់​ចំនួន​៥០០​ដុល្លារ ​តាម​ទូរស័ព្ទ​ដែល​មិន​គួរ​ឱ្យ​​ជឿ​ទាល់តែ​សោះ​ ។

លោក​វរសេនីយ៍ទោ​ ឯម រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​ បានឱ្យ​​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​១៨​ ធ្នូ ​នោះ ទូរស័ព្ទ​គ្មាន​លេខ​បាន​ចុច​មក​លេខ​ទូរស័ព្ទ​របស់​លោក ប៉ា​ក ផ​ន ​ប្រធាន​ក្រុមប្រឹក្សា​ និង​ជា​មេឃុំ​ឈើ​តុំ​ ដោយ៨​សួរ​ថា ​តើ​ម៉ូតូ​មួយ​គ្រឿង​ដែល​ក្រសួងមហាផ្ទៃ​ឱ្យ​នោះ​ទៅ​ណា​ហើយ? ​មេឃុំ​ឆ្លើយ​ថា ឱ្យ​ទៅ​លោក​មេឃុំ​ចាស់​ប្រើ​ហើយ​ ​ជន​នោះ​បាន​​បន្ត​ទៀត​ថា បើ​អ​ញ្ចឹ​ង​ស្អែក​មក​យក​ម៉ូតូ​មួយ​គ្រឿង ​ស៊េរី​​ឆ្នាំ២០១៦​ នៅ​សាលាខេត្ត​ពោធិ៍សាត់​ទៅ​ប្រើ​ទៅ​ ហើយ​នៅ​ឃុំ​​​ឈើ​តុំ​ តើ​​អ្នក​ណា​​មុខការ​ច្បាស់លាស់​ជាងគេ? ​លោក​មេឃុំ​ឆ្លើយ​ថា ​គឺ​លោក ​ជុំ បុ៑​ន​យឿ​ន​ ​បើ​អ​ញ្ចឹ​ង​មក​ទាំង២​នាក់​មក ​​ឥឡូវនេះ​ជួយ​ដោះស្រាយ​ថវិកា​ធ្វើ​ដំណើរ​ខ្លះមក​ ​ពេល​នោះ ​លោក​មេឃុំ​​​បាន​ជួយ​ចំនួន​៣០០​ដុល្លា​រ​ សហរដ្ឋអាមេរិក ​ហើយ​ក៏​បាន​​សួរ​​ជន​នោះ​​ថា ផ្ញើ​តាម​វី​ង​ទូរស័ព្ទ​លេខ​ប៉ុន្មាន? ​ជន​ឆ​បោក​រូប​នោះ​ឱ្យ​ផ្ញើ​តាម​លេខ​ ០៩៧ ៧៩ ១០ ១២២ ។

លោក​អធិការ​បាន​បន្ត​ថា​ នៅ​ពេល​លោក​មេឃុំ​ឈើ​តុំ​ដាក់​លុយ​តាម​វី​ង​ចំនួន​៣០០​ដុល្លារ​រួច​​​ហើយ ​លុះ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​​ថ្ងៃ​ដដែល​នោះ ជន​នោះ​បាន​ទូរ​ស័ព្ទ​​មក​ម្ដងទៀត​ ដោយ​ប្រាប់​ថា​ សុំ​២០០​ដុល្លារ​​ទៀត ​ដើម្បី​ហូប​បាយ​ល្ងាច​ជាមួយ​លោក​អភិបាលខេត្ត​ ​ឮ​ដូច្នេះ​លោក​មេឃុំ​ក៍​វេរ​លុយ​តាម​វី​ង​ចំនួន​២០០​ដុល្លារឱ្យ​​ទៀត​សរុប​អស់​ចំនួន​៥០០​ដុល្លា​ ។

​លុះ​ស្អែក​ឡើង​ មក​យក​ម៉ូតូ​នៅ​សាលាខេត្ត​ពោធិ៍សាត់​ សួរ​មន្ត្រី​នៅ​ទីនោះ​ពុំ​មាន​អ្នក​ណា​ដឹង​រឿង​អី​សោះ​ ហើយ​លេខ​ទូរស័ព្ទ​ដែល​វេរ​លុយ​តាម​វី​ង​នោះ​ក៍​តេ​មិន​ចូល​ទៀត​ទើប​ដឹង​ថា​ ចាញ់បោក​គេ​ក៍​ត្រឡប់​ទៅ​ផ្ទះ​វិញទាំង​​ខ្មាសគេ​ពេញ​ភូមិ​តែ​ម្ដង​ ។

ករណី​នេះ​បាន​​ឱ្យ​មហាជន​ហួសចិត្ត​នឹង​លោក​មេឃុំ​ ព្រោះថា​រូបភាព​ឆបោក​បែប​នេះ​គេ​ដឹង​ឮ​និង​ធ្លាប់​ជួប​ប្រទះ​យូរ​ដែរ​ហើយ​ ហេតុ​​អ្វី ​លោក​មេឃុំ​មិន​ដែល​ដឹង​ទៅ​វិញ​បណ្តោយ​ខ្លួនឱ្យ​​គេ​បោក​មួយ​ភ្លែត​២ដង​បែប​នេះ​​ ៕