សង្គម​ស៊ីវិល​ចំនួន​៩ ស្នើ​ឲ្យ​សាលាក្រុង​សុំទោស​រឿង​លុប​គំនូរ​ស្ត្រី​នៅ​ប៊ី​ល​ឌី​ង​

​គំនូរ​ស្ត្រី​នៅលើ​ជញ្ជាំង​អគារ​ប៊ី​ល​ឌី​ង នៅតែ​ស្ថិតនៅក្នុង​ភាពចម្រូងចម្រាសក្នុង​សង្គមកម្ពុជា ។ គណៈកម្មាធិការ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​ស្ត្រី ជា​អ្នកដឹកនាំ​ចំនួន​ន​៨​ផ្សេងទៀត បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​សម្តែង​ការសោកស្តាយ ចំពោះ​ការ​លុប​រូប​ស្ត្រី​ដេរ​ប៉ាក់​នៅលើ​ជញ្ជាំង​អគារ​ប៊ី​ល​ឌី​ង​នេះ និង​បានទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​សុំទោស​ជា​សាធារណៈ​ទៀតផង​។​

«​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​ពិនិត្យ និង​ពិចារណា​ឡើងវិញ ចំពោះ​ចំណាត់ការ​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​សុំទោស​ជា​សាធារណៈ ចំពោះ​ការ​លុប​គំនូរ​នេះ​ចោល ដើម្បី​ចៀសវាង​ការបកស្រាយ​ផ្សេងៗ​គ្នា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្តេជ្ញាចិត្ត​បង្កើន​ការវិនិយោគ​លើ​សមភាព​យេនឌ័រ និង​ការបន្ត​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច និង​ភាពជា​អ្នកដឹកនាំ​»​។ នេះ​ជា​ខ្លឹមសារ​នៃ​ការទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ចាត់ទុកថា​គំនូរ​នេះ បានបង្ហាញ​ពី​តួនាទី និង​ការរួមចំណែក​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច និង​ការផ្សាភ្ជាប់​សិល្បៈ ក្នុងការ​ឆ្លុះ​ប​ញ្ជាំ​ង​អំពី ជីវភាព​រស់នៅ​ជាក់ស្តែង​របស់​ស្ត្រី និង​ការកសាង​សង្គម​កម្ពុជា​ក្រោយពេល​សង្គ្រាមរ៉ាំរ៉ៃ​កន្លងផុតទៅ​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ក៏បាន​លើកឡើង​ពី​ប្រតិកម្ម​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាពិសេស​ហ្វេ​ស​ប៊ុ​ក ចំពោះ​ចំណាត់ការ​របស់​សាលា​រាជធានី​ភ្នំពេញ​ដែរ​។ បើតាម​សេចក្តីថ្លែងការណ៍​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ ចាត់ទុកថា​ចំណាត់ការ​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការដោះស្រាយ​ដែល​គ្មាន​ទំនួល​ខុសត្រូវ និង​មិន​សមស្រប​ទៅនឹង​សភាពការណ៍​។ ចំណាត់ការ​គួរតែ​ធ្វើឡើង​ក្នុងអំឡុងពេល​គូរ ប្រសិន​ដូចជា​ការ​លើកឡើងថា ការ​គូរ​នេះ​គ្មាន​ច្បាប់​អនុញាត​នោះ​។​

​ឆ្លើយតប​នឹង​ការស្នើសុំ​នេះ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​អត្ថាធិប្បាយ​ថា សាលា​រាជធានី​ភ្នំពេញ​គ្មានអ្វី​ត្រូវ​សុំទោស​ឡើយ ព្រោះនេះ​ជាការ​អនុវត្ត​ទៅតាម​ភារកិច្ច​របស់​សាលា​រាជធានី​ភ្នំពេញ​។ លោក​ថា​៖«​យើង​មិនដឹង​សុំទោស​រឿង​អី​? គំនូរ​នេះ​គូរ​ឡើង​ដោយ​មិនទាន់មាន​ការអនុញាត​ឲ្យ​គូរ​ពីសា​លា​រាជធានី​ភ្នំពេញ ដូច្នេះ​នេះ​ជាការ​អនុវត្ត​ភារកិច្ច​របស់​សាលា​រាជធានី​»៕