ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​លោក អ៊ុក សំណាង រង​ការរិះគន់​ករណី​ប្រព្រឹត្ត​អំពើពុករលួយ

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​លោក អ៊ុក សំណាង និង​បក្ខពួក​មួយ​ក្តាប់​តូច​ត្រូវបាន​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​រិះគន់ថា​បាន​ដឹកនាំ​មន្ទីរ​ដោយ​គ្មាន​តម្លាភាព ប្រកាន់​បក្ខពួក និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​អំពើពុករលួយ​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ចាប់តាំងពី​លោក អ៊ុក សំណាង មក​បំពេញការងារ​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ជាង​២​ឆ្នាំ​មកនេះ​មាន​បញ្ហា​ជាច្រើន​បានកើត​ឡើង ពិសេស​ការចំណាយ​ថវិកា​ប្រចាំឆ្នាំ​របស់​មន្ទីរ​កសិក​ម្ម​ខេត្តព្រៃវែង​មាន​ភាពមិនប្រក្រតី​ជាច្រើន​ដែល​គួរតែមាន​ការស៊ើបអង្កេត​ពី​ស្ថាប័ន​ជំនាញ​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​រាយការណ៍​មក​ថា លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​ឃុបឃិត​ជាមួយ​លោក ស្រស់ ហ៊​ន់ ប្រធានការិយាល័យ​គណ​នេ​យ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ចាយវាយ​ថវិកាជាតិ​ដោយ​មិនមាន​តម្លាភាព​បង្ក​ឲ្យ​មានការ​រិះគន់​ពី​មន្ត្រីក្រោមឱវាទ​។ លោក សំ សារុន អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ក៏​ត្រូវគេ​ចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ភាពមិនប្រក្រតី​ក្នុងការ​ចំណាយ​ថវិកា​របស់​មន្ទីរ​កសិក​ម្ម​ខេត្តព្រៃវែង​ផងដែរ​ដែល​បញ្ហា​នេះ​កើតឡើង​យូរ​មកហើយ​តែ​នៅតែ​គ្មាន​ដំណោះស្រាយ​នៅឡើយ​។​

មន្ត្រីរាជការ​បម្រើការ​ងារ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​រៀបរាប់ថា​ថវិកា​ចំណាយ​លើ​បេសកកម្ម​របស់​មន្ទីរ​ក​សិ​កម្ម​ខេត្តព្រៃវែង គឺ​អស់​៨០​លាន​រៀល​។ ការចំណាយ​លើ​ប្រេងឥន្ធនៈ និង​សម្ភារៈ​រដ្ឋបាល​អស់​ប្រមាណ​៩០​លាន​រៀល ហើយ​ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៤​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​ចំណាយ​ថវិកា​ក្នុង​ការជួសជុល និង​ថែទាំ​សំណង់​ផ្សេងៗ​អស់​ជិត​៧០០​លាន​រៀល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការចំណាយ​ថវិកា​ខាងលើ​គ្មាន​តម្លាភាព និង​គ្មាន​ភាពស៊ីសង្វាក់​ជាមួយនឹង​សមិទ្ធផល​ជាក់ស្តែង​ដែល​គេ​សង្ស័យថា​មានការ​គៃបំបាត់​ថវិកាជាតិ​។​

​ប្រភពព័ត៌មាន​ពី​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ក៏បាន​រៀបរាប់​ដែរ​ថា​ច្រើន​ឆ្នាំ​មកនេះ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​មិនបាន​ដឹកនាំ​អង្គប្រជុំ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ព្រែ​វែង​ដើម្បី​បែងចែក​ការងារ​ដល់​មន្ត្រីក្រោមឱវាទ​ឲ្យ​បាន​រលូន​ល្អ និង​មាន​តម្លាភាព​នោះទេ​។ ទន្ទឹមនឹង​មានការ​រិះគន់​ករណី​បំពេញការងារ​មិនបាន​ត្រឹមត្រូវ​នោះ លោក អ៊ុក សំណាង ក៏​ត្រូវបាន​មន្ត្រីក្រោមឱវាទ​រិះគន់ថា​មាន​ជីវភាព​ប្រសើរឡើង​ខុស​ប្រក្រតី​ក្នុង​រយៈពេល​ចុងក្រោយ​ផងដែរ​។ ជុំវិញ​បញ្ហា​នេះ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​លើកឡើងថា លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ហាស់ សារ៉េត អភិបាលខេត្ត​ព្រៃវែង គប្បី​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​ទាំងនេះ​ឡើងវិញ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លាភាព​ការងារ​៕

H020915TV620 លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម
imageលោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង