​មាន​បញ្ហា​លើ​ប្រព័ន្ធ​ចរាចរ​ នៅមុខសាលារាជធានីភ្នំពេញ បុរស​ម្នាក់​ ដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់សម្លាប់អ្នកយកព័ត៌មាន​

ភ្នំពេញ: អ្នកយកព័ត៌មាន ប្រចាំសាលារាជធានីភ្នំពេញ របស់កាសែតក្នុងស្រុកមួយរូប បាន​រង​នូវ​ការគំរាមកំហែង​ដល់​អាយុជីវិត ដោយ​ភាគី​ម្ខាង​ទៀត ​បាន​ដក​កាំភ្លើងខ្លី ពី​ក្នុង​ឡាន​ភ្ជង់​ គំរាម​បាញ់សម្លាប់ ក្នុងខណៈពេល ​ដែលមាន​បញ្ហា​គ្រោះថ្នាក់ចរាចរ​ នៅមុខ​សាលា​រាជធានីភ្នំពេញ​។

​ហេតុការណ៍​នេះ ​បាន​កើតឡើង ​កាលពី​វេលា ម៉ោង ​៨:៤៥​នាទី​យប់ ថ្ងៃ​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​មុនី​វង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ ចំណុច​ទល់​មុខ​សាលា​រាជធានី​ភ្នំពេញ​។​

​អ្នកយកព័ត៌មាន​ឲ្យ​កាសែត​ក្នុងស្រុក​ម្នាក់ ​ដែល​រង​ការគំរាមកំហែង បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​២១​ខែធ្នូ​នេះថា មុនពេល​កើតហេតុ លោក ​និង​ក្រុមគ្រួសារ​ ដែលមាន​គ្នា ​៦​នាក់ ជិះ​នៅក្នុង​រថយន្ត រ៉េ​ហ្វ័រ ទើបតែ​ត្រឡប់​មកពី​បុណ្យសព​សាច់ញាតិ​ នៅ​កំពង់ចាម លុះ​មក​ដល់​មុខ​សាលា​រាជធានី​ភ្នំពេញ តាមផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់​តែមាន​ម៉ូតូ ១ គ្រឿង ​បើក​គេច​រថយន្តក្រុង ហើយក៏​ចូល​ចំណែក​ខាង​ផ្លូវ​រថយន្ត​របស់លោក ហើយ​លោក ​ក៏បាន​បើករថយន្ត​គេច​ពី​ម៉ូតូ​នោះ ​ដើម្បី​កុំឲ្យ​ប៉ះពៀរ។ នៅ​ពេលនោះ ​រថយន្ត​រ៉េ​ហ្វ របស់​កាសែត ក៏បាន​គេច​ជ្រុល​ចង្កូត ​ចូល​ចំណែក​ផ្លូវ​របស់​រថយន្ត​មែក​សឺ​ដេ​ស ​ដែល​កំពុងបើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា។ តែមិនបុកគ្នាទេ។ ​អ្នក​បើក​រថយន្ត​​មែក​សឺ​ដេ​ស បាន​បើក​ទន្ទឹម ហើយ​ក៏បាន​ចុច​កញ្ចក់​រថយន្ត​ជេរ​និង​ស្តី ឱ្យ​ភាគី​រថយន្ត​រ៉េ​ហ្វ ដែលជា​អ្នកកាសែត ​កំពុងតែ​កាន់ចង្កូត​រថយន្ត ប៉ុន្តែ​​ខាង​​រថយន្ត​​រ៉េ​ហ្វ័រ ​ក៏បាន​ឆ្លើយឆ្លង​តប​វិញ ទើប​ធ្វើឱ្យ​ភាគី​រថយន្ត​មែក​សឺ​ដេ​ស ដែលមាន​វ័យ​ប្រមាណ​​​ជិត​ ៤០​ឆ្នាំ​ សាច់​ស មុខ​កូនកាត់​ចិន បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ភាគី​រថយន្ត​រ៉េហ្វ័រ ​និង​​គំរាម​រក​បាញ់សម្លាប់។ តែ​ភាគី​រថយន្ត​រ៉េ​ហ្វ័រ មិនបាន​តបត​ឡើយ ក៏បាន​បើក​រថយន្ត​​ ចាកចេញ​ទៅ។​

​ពាក់ព័ន្ធ​ករណីនេះ អ្នកយកព័ត៌មាន​រូប​នោះ ​ក៏បាន​សរសេរ​រៀបរាប់​អំពី​ហេតុការណ៍​ក្នុង​​ហ្វេសប៊ុក​។ បន្ទាប់ពី​បានឃើញ​សារ​នោះហើយ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បាន​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​មួយ​ភ្លាមៗ ហើយ​លោក​បានបញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច តប​មក​អ្នកយកព័ត៌មាន ​ដែល​រង​ការគំរាមកំហែង​នោះ​វិញ​ថា លទ្ធផល​បាន​រកឃើញថា គឺ​ម្ចាស់​ឡាន Mercedes ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2M 9199 ឈ្មោះ កែវ រតនា (Keo Ratana) ស្នាក់​នៅផ្ទះ​លេខ​២៦៣ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បន្តទៀតថា " យើង​មិនដឹងថា ម្ចាស់​នេះ ​លក់​ឡាន​ឱ្យ​អ្នកផ្សេង ឬ​អត់​នោះទេ ទាល់តែ​ចាត់​កម្លាំង ​ទៅ​ឃ្លាំមើល​នៅផ្ទះ​នោះ​ ទើប​បាន​​ដឹង​"​។

​អ្នកយកព័ត៌មាន​រូប​នោះ បាន​បន្តថា "សម័យកាល​នេះហើយ ហេតុ​អី​ នៅតែមាន​មនុស្ស​​​ខ្លាំង​ខាង​បាញ់បោះ​ទៀត។ ចុះ​ច្បាប់ ​គួរ​ចាត់ការ​បែបណា ដើម្បី​ភាពសុខសាន្ត​របស់​ពល​រដ្ឋ?" ។ បន្ថែម​ពី​នោះ អ្នកកាសែត ​ក៏បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ចាត់វិធាន​ការ​​តាមច្បាប់ ចំពោះជនគំរាមបាញ់សម្លាប់រូបលោក​​៕