សមត្ថកិច្ច​ចាប់​កម្មករ​ជាង៣០​នាក់​ដែល​តវ៉ា​រឿង​ប្រាក់​ឈ្នួល​នៅ​ក្រុង​បាវិត

កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​តាយសេង (Tai Seng) ជាង​៣០នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន បន្ទាប់​ពី​ពួក​គាត់​តវ៉ា ហើយ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ជាមួយ​សមត្ថកិច្ច​រាប់​សិប​នាក់ ដែល​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ​នេះ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន បញ្ជាក់​ថា កម្មករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ត្រូវ​បាន​បញ្ជូន​មក​ដល់​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត​ស្វាយរៀង​ហើយ។

មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក ជា ឧត្តម ឲ្យដឹងថា ការ​ប៉ះទង្គិច​គ្នា​នេះ នៅ​បន្ទាប់​ពី​កម្មករ​ប្រមាណ​៨ពាន់​នាក់ នៅ​តំបន់​តាយសេង ស្ថិត​ក្នុង​ក្រុងបាវិត ខេត្ត​ស្វាយរៀង បាន​បន្ត​ប្រមូល​ផ្ដុំ​គ្នា ទាមទារ​ប្រាក់​ឈ្នួល​២០ដុល្លារ​បន្ថែម។

លោក​បន្ត​ថា ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​មិន​បាន​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ឡើយ បែរ​ជា​ប្រើ​ពាក្យ​សម្ដី​គំរាមកំហែង និង​ប្រើ​ឡាន​បាញ់​ទឹក​បួន​គ្រឿង​បំបែក​កម្មករ​ទៅ​វិញទង្វើ​របស់​សមត្ថកិច្ច​នេះ បណ្ដាល​ឲ្យ​កម្ម​ផ្ទុះ​កំហឹង ហើយ​គប់​ដុំ​ថ្ម និង​ដប​ទឹក​សុទ្ធ តប​ទៅ​វិញប៉ុន្តែ​ពុំ​ទាន់​មាន​ដំណឹង​ថា មាន​អ្នក​រង​របួស​ឡើយ។

ក្រោយ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​កម្មករ​បាន​បំបែក​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ

ការ​ចេញ​ស្រែក​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​បន្ថែម សរុប​យ៉ាង​ហោច ១៥០​ដុល្លារ​នោះ បាន​កើត​ឡើង ចាប់តាំង​ពី​ថ្ងៃ​ទី​១៦ ធ្នូ​មក ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ការ​តវ៉ា​នេះ​បាន​រាល​ដាល​កាន់​តែ​ធំ ដោយ​មាន​កម្មករ​ចូលរួម​ប្រមាណ៣​ម៉ឺន​នាក់។

ទាក់ទិន​នឹង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​២០ដុល្លារ​បន្ថែម​នេះ កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) និង​តាយសេង ក្នុង​ក្រុង​បាវិត បាន​ចេញ​តវ៉ា​តាំង​ពី​ថ្ងៃ​ទី១៦ ធ្នូ​មម ហើយ​ទល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។

ក្នុង​ការ​តវ៉ា​ប៉ុន្មាន​ថ្ងៃ​នេះ មាន​កម្មករ ៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន បញ្ជូន​ទៅ​ពន្ធនាគារ​ថ្ងៃ​ទី២០ ធ្នូ ដោយ​ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ និង​ញុះញង់​ឲ្យ​មាន​ការ​តវ៉ា​ហិង្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។