លោក សួន សេរីរដ្ឋា ប្ដឹង​លោក ហោ ណាំហុង​ទៅ​តុលាការ​បន្ទាប់​ពី​គ្មាន​ការ​សុំទោស

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដាក់​ពាក្យ​ប្ដឹង​លោក ហោ ណាំហុង ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ធ្នូ ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង បន្ទាប់​ពី​លោក ហោ ណាំហុង មិន​បាន​​សុំទោស​ប្រធាន​បក្ស​នេះ​ជា​សាធារណៈ។

ក្នុង​ពាក្យ​បណ្ដឹង​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ចាត់​ទុក​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង ដែល​ថា​សកម្មជន​របស់​លោក​បាន​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម គឺ​ជា​រឿង​មិន​ពិត និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គណ​បក្ស​អំណាច​ខ្មែរ ដោយ​ពាក្យបណ្ដឹង​នេះ ទាមទារ​សំណង​ជំងឺ​ចិត្ត ៥០០​លាន​រៀល សម្រាប់​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា។

រឿង​ក្ដីក្ដាំ​នេះ កើត​ឡើង​នៅ​បន្ទាប់​ពី​លោក ហោ ណាំហុង បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ថ្មី​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ថា គណបក្ស​អំណាច​ខ្មែរ មាន​សមាជិក​ជា​ភេរវករ។

លោក សួន សេរីរដ្ឋា ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លើកលែង​ទោស​កាល​ពី​ខែ​កក្កដា ដើម្បី​អនុញ្ញាត​ឲ្យ​បន្ត​ប្រឡូក​នយោបាយ​ក្នុង​មាតុភូមិ​កម្ពុជា​វិញ នៅ​បន្ទាប់ពី​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ ៧​ឆ្នាំ កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ ពី​បទ​រួមគំនិត​ក្បត់​ជាតិ និង​រារាំង​អ្នក​បោះ​ឆ្នោត។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ លោក សួន សេរីរដ្ឋា អះអាង​ថា លោក​នឹង​មិន​ប្ដឹង​លោក ហោ ណាំហុង ទេ​ប្រសិនបើ​លោក ហោ ណាំហុង ចេញ​សេចក្ដី​ថ្លែងការណ៍​សុំទោស​ជា​សាធារណៈ

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។