CNRP៖ យុវជនយល់ដឹង ច្រើនពី នយោបាយ សម័យ បច្ចេកវិទ្យា

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ (CNRP) លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា ក្រោយពីការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣មក យុវជនកម្ពុជាដែល ជាយុវជនសម័យបច្ចេកវិទ្យាព័ត៌មានទំនើប បានយល់ដឹងកាន់តែច្រើនពី នយោបាយនៅកម្ពុជា។

លោក យ៉ែម បុញ្ញឫទ្ធិ  បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន មុនចូលរួមជាវាគ្មិន ក្នុងវេទិកា នយោបាយសម័យបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Zaman នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែធ្នូ ២០១៥ថា ការវិវត្តន៍នៃ ផ្នត់គំនិត តាមប្រព័ន្ធផ្សព្វផ្សាយ តាមគ្រួសារ សាលា សាសនា និងសង្គម គឺជាជំហានថ្មីមួយ ដែលសង្គមកម្ពុជា កំពុងតែចាប់ផ្តើម ហើយបច្ចេកវិទ្យា មានការរីកចម្រើនជឿនលឿន យ៉ាងឆាប់រហ័ស ដែលជាចំណែកមួយ ក្នុងការជំរុញ និងអភិវឌ្ឍប្រទេសជាតិផងដែរ។

លោកបន្តថា “ក្រោយឆ្នាំ២០១៣ យុវជនកម្ពុជា មានចំនួនច្រើន ដែលបានចូលរួមក្នុង ការតាមដាន សង្គម នយោបាយ និងផ្នែកសេដ្ឋកិច្ចជាដើម តាមរយៈបច្ចេកវិទ្យាថ្មី”។

លោកថា ស្របពេលដែល យុវជនកម្ពុជា បានយល់ដឹងច្រើនពី ករណីទាំងអស់នេះហើយ ប៉ុន្តែពួកគេក៏បានជួបបញ្ហាមួយចំនួនផងដែរ ដូចជាការទទួលមិនពិតជាដើម ដែលនេះនាំឲ្យទៅដល់ការបំពុលបរិយាកាស នៅក្នុងសង្គមទៅវិញ៕

CNRP៖ យុវជនយល់ដឹង ច្រើនពី នយោបាយ សម័យ បច្ចេកវិទ្យា