ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់​​​ចោរ​លួច​រថយន្ត​បាន​ម្នាក់ ​ក្រោយ​លួច​បាន២​ម៉ោង

រាជ​ធានីភ្នំពេញ​ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​​​ចាប់ខ្លួន​ក្រុម​ចោរលួច​រថយន្តបាន​ម្នាក់ ក្រោយ​ពេល​ដែល​ក្រុម​ចោរ​ទាំងនោះ​ធ្វើ​សកម្មភាព​លួច​យក​រថយន្តម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿងបាន​សម្រេច ហើយ​ព្យាយាម​រត់គេច​ខ្លួន​ត្រឹមតែ​រយៈពេលប្រមាណ​២​ម៉ោង​ប៉ុណ្ណោះ ​​។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៍​នោះ នៅ​យប់​ខាងលើ ប៉ូលិស​ឃាត់​មនុស្ស​ចំនួន​៣នាក់​ និង​ដកហូត​យក​សម្ភារមួយ​ចំនួន មាន​កាបូបលុយ​១ ដែល​មាន​លុយចំនួន​៣០​ម៉ឺន​រៀល​, ​ទូរស័ព្ទ​ដៃ​ម៉ាក​Iphon6 ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង១​គ្រឿង​ផង​ដែរ​។

​បន្ទាប់មក​បាន​នាំ​ទៅ​​សាកសួរនៅ​ផ្នែក​ព្រហ្មទណ្ឌ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ប៉ុន្តែ​ក្រោយ​ការ​សាកសួរ ឃើញ​ថា​ ជន​ដៃដល់​ក្នុង​ការ​លួច​រថយន្ត​នោះ​មាន​តែ​ម្នាក់​ទេ​ ចំណែក​២​នាក់​ទៀត​មាន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ដែល​ជា​គូសង្សារ​មិន​មានការ​ពាក់ព័ន្ធ​អ្វី​ឡើយ ហើយ​បាន​ដោះ​លែង​ពួក​គេ​ទៅ​វិញ ប៉ុន្តែ​មិន​បាន​ប្រគល់កាបូប​លុយ និង​ទូរស័ព្ទ​ដៃ​ម៉ាក​Iphone 6 ​ឲ្យ​ពួក​គេ​វិញ​ឡើយ ​​ពួក​គេ​បាន​សំណូមពរ​ឲ្យលោក​យឹ​ម សា​រ៉ា​ន់ អធិការ​ប៉ូលិស​ខណ្ឌជួយ​រក​របស់​ដែល​ពួក​គេ​បាត់​នេះ​មក​វិញ​ផង ។

ហេតុ​ការ​ណ៍​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២០  ធ្នូ​ ​​២០១៥ នៅ​ចំណុចក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​​ជ័យ​ ​​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះឈ្មោះ ធឿ​ន វិបុល​ អាយុ​២៧​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​កុងតឺន័រ សុ​កន ត្រេ​ន​ស្ព​ត​ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ​​ចំណែក​រថយន្តដែល​ត្រូវ​ជនសង្ស័យ​លួច
នោះ​ម៉ា​កកូ​រ៉ូ​ឡា​ព​ណ៌ខ្មៅ ស៊េរី​ឆ្នាំ​១៩៩៧ ពាក់​ស្លាក​លេខ ភ្នំពេញ​2N-5202​ ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់ ឈ្មោះ​កុង បញ្ញា អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ក្នុងភូមិកើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ទុក​រថយន្តរបស់​ខ្លួន​នៅមុខ​ផ្ទះ ហើយ​បាន​ចូល​គេង​នៅ​ខាងក្នុង​ លុះ​ក្រោយមក​ស្រាប់តែ​បាត់​មិនឃើញ ក៏​បាន​ទៅ​ប្ដឹង​ប៉ូលិស​ឲ្យ​ជួយ ស្រាវ​ជ្រាវ​រក ​ហើយ​បាន​ប្រទះឃើញ​រថយន្ត​ដែល​មាន​ភិ​នភាគ​ដូច​ខាងលើនៅ​ចំណុច​មុខ​ក្លឹ​បរី​លែ​ក ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០១១ ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​​ក៏​បាន​ឃាត់​រួម​ជាមួយ​ជនសង្ស័យ​៣​នាក់​ដែល​កំពុង​ផឹកស៊ី​នៅ​ក្នុង​ហាង​នោះ​ផង​ដែរ ប៉ុន្តែ​ក្រោយ​នាំ​ទៅសាកសួរ​ទើប​ដឹង​ថា​ ជន​ដែល​លួច​រថយន្ត​នោះ គឺ​មាន​តែ​ម្នាក់​ទេ ចំណែក​២​នាក់​ទៀត​មាន​ប្រុស​ម្នាក់​ និង​ស្រី​ម្នាក់​ដែល​ជា​គូសង្សារ មិន​មានការ​ពាក់ព័ន្ធ​នោះ​ឡើយ​គ្រាន់តែ​អ្នក​ផឹកស៊ី​ជាមួយ​ដោយ​មិនដឹង​ខ្លួន​ប៉ុណ្ណោះ​៕