ទីធ្លា​សាលា​បឋម​សិក្សា និងអនុ​វិទ្យាល័យសាគូ​រ៉ា​កំពុង​ក្លាយជា​សួន​ស្មៅ​ និង​កន្លែង​លាក់ខ្លួន​​របស់សត្វ​មូស

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល និងស្ថាប័ន​ពាក់​ព័​ន្ធ​នឹង​អាជ្ញាធរ​ខេត្ត​កំពុងផ្សព្វផ្សាយ និង​ពង្រឹង​លើ​បញ្ហា​អនាម័យ បរិស្ថាន ដល់​គ្រប់​ស្រទាប់​វ​ណ្ណៈ សិស្ស និស្សិត​នៅ​គ្រប់​ទីកន្លែង​ គ្រប់​គោលដៅ បែរ​ជា​នៅ​សាលា​បឋម​សិក្សា និងអនុ​វិទ្យាល័យសាគូ​រ៉ា ​ក្រុងព្រះសីហនុ​ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ​៣ ​សង្កាត់​លេខ​០១ ​ពោរពេញ​ទៅ​ដោយ​ភក់​ជ្រាំ​ សំរាម និងស្មៅ ស្ទើ​រលិច​ក្បាល​កុមារ​ដែល​ទៅ​រៀន​ក្នុង​សាលា​នោះ​។

​ប្រភព​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​សាលា និងអាណាព្យាបាល​ដែល​មានកូន​មក​រៀន​នៅ​ក្នុង​សាលា​នេះបាន​សម្តែង​ក្តី​បារ​ម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​បញ្ហា​សុខភាព និងសុ​វត្ថិភាព​កូន​ៗ​របស់​ពួក​គាត់ ព្រោះថា នៅ​ក្នុង​សាលា​មួយ​នេះ​ទាំង​នាយក​បឋម​សិក្សា និងនាយក​អនុ​វិទ្យាល័យ​ហា​ក់​ពុំ​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ​បរិស្ថាន​ទាល់តែ​សោះ​ កុំ​ថា​ឡើយ​សំរាម​រាយ​ប៉ាយ​ពេញទី​ធ្លា​សាលា​ សូ​ម្បី​តែ​ស្មៅ​ និង​ថ្លុក​ទឹក​នៅ​តាម​មុខ​បន្ទប់​រៀន ក៏​ពុំ​បាន​គិតគូរ​ដែរ​។

​ប្រភព​ដដែល​បាន​បង្ហើប​ទៀត​ថា សាលារៀន​គឺជា​ថ្នាល​បណ្តុះ​នូវ​ធនធានមនុស្ស គ្រប់​ផ្នែក គ្រប់​ជំនាញ ក៏​ជាទី​បណ្តុះ​នូវ​ផ្ត​ត់​គំនិត​របស់​កុមារ ​លើស​ពី​នេះ កុមារ ​គឺជា​ទំ​ពាង​ស្នង​ឬ​ស្សី ជា​អ្នកដឹកនាំ​ទៅ​ថ្ងៃ​អនាគត ជា​ប្រភព​ស្តារ និងអភិ​វ​ឌ្ឌ្យ​ន៍​ប្រទេស​ជាតិ​ បន្ទាប់​ពី​មន្ត្រីរាជការ​ចាស់​ៗ​ចូល​និវត្ត​ន៍ ចុះបើ​ថ្នាល​បណ្តុះបណ្តាល​នូវ​ធនធានមនុស្សបែប​នេះ​ផ្នត់​គំនិត និង​ការ​រៀនសូត្រ​របស់​ពួក​គេ​នឹង​ត្រូវ​ទៅ​ជា​យ៉ាងណា តើ​ទំពាំង​អាច​ដុះ​លូតលាស់​បាន​ល្អ​ ឬទេ ។

​ដូចនេះ​ក្នុង​នាម​ប្រជាពលរដ្ឋ ក្នុង​នាម​អ​ណា​ព្យាបាល​របស់​កុមារ សូម​ស្នើយ៉ាង​ទ​ទួ​ច​ដល់​ក្រសួង​ពាក់​ព័​ន្ធ ជា​ពិសេស​ក្រសួង មន្ទី​អប់រំ​សូម​មេត្តា​ត្រួតពិនិត្យ​មើល​មន្ត្រី​ថ្នាក់​ក្រោម​ផង កុំ​ត្រួតពិនិត្យ​មើល​តែ​របាយ​ការ​ណ៍​។

លោក កែវ ឡាយ ប្រធាន​មន្ទី​អប់រំ​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​បណ្តាញ​ព័ត៍​មាន​តាម​ទូរស័ព្ទ​ថា ចំពោះ​បញ្ហា​នេះ​លោកពុំ​បានដឹង​នោះ​ទេ ចាំ​លោកឱ្យ​មន្ត្រី​ជំនាញ​របស់​លោកចុះ​ពិនិត្យ​ដល់​បរិ​វេណសាលា និងធ្វើការ​ណែនាំ​ដើម្បី​ធ្វើការ​សំអាត​ឡើង​វិញ​៕​​