កូរ៉េ​ចូលរួម​លើក​ស្ទួយ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​ផ្នែក​ICT​និង​វិស័យ​កសិកម្ម​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ​៖ តាម​រយៈ​ការ​សម្រប​ស្រួល​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កូរ៉េ ហៅ​កាត់​ថា Kotra ប្រចាំ​កម្ពុជា​ រដ្ឋាភិបាល និងវិស័យ​ឯកជន ដែល​មាន​ជំនាញ​ច្បាស់លាស់​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យាហៅ​កាត់​ថា ​ICT របស់​សាធារណរដ្ឋ​កូរ៉េ បាន​មក​លើក​ស្ទួយ​​ជំរុញ​ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​កម្ពុជា​ផ្នែក​វិស័យ​កសិកម្ម ដើម្បី​អភិ​វឌ្ឍន៍​​ខ្លួន​ឱ្យទៅ​តាម​ការ​រីក​ចម្រើន​​នៃ​បច្ចេកវិទ្យា​ទំនើបជឿនលឿន ​ដូចប្រទេស​នានា នា​ពេល​ប​ច្ចប្ប​ន្ន ។

លោក Ricky Kim ប្រធាន​ក្រុមហ៊ុន AIDGRREEN បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​នា​ពេល​កន្លង​មក​នៅ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​-​កូរ៉េ ថា កម្ពុជា​ ជា​ប្រទេស​ដែល​មាន​សក្តានុ​ពល​ធំធេង​លើ​វិស័យ​កសិកម្ម ប៉ុន្តែ​ប្រជាជន​មានការ​យល់​ដឹង​នៅ​មាន​កម្រិត​ទាប ​។ ជាង​នេះ​អំពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​វិទ្យា​នៅ​មាន​កម្រិត​នៅឡើយ លើ​ការ​ទាញ​យក​ផលប្រយោជន៍​ពី​វិស័យ​កសិកម្ម​របស់​ខ្លួន ដូចនេះ​ បានជា​រដ្ឋាភិបាល និង​វិស័យ​ឯកជន​របស់​សាធារណរដ្ឋ​កូរ៉េ​​មក​ជួយ​ផ្តល់​​បទ​ពិសោធន៍​ បច្ចេកទេស​មួយ​ចំនួន​ទាក់ទង​ទៅ​​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ ICT គ្រប់គ្រង​លើ​វិស័យ​កសិកម្ម និង​វិស័យ​សំខាន់​មួយ​ចំនួន ​ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​មានការ​បង្កើន​នូវ​ផលិតភាព​សម​ទៅ​តាម​តម្លៃ​ពលកម្ម​របស់​ប្រជាជន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ​។

លោក​បន្ត​ថា នេះ​ជា​លើក​ទី​២​ហើយ​ ​កាលពី​ឆ្នាំទៅ​យើង​បាន​ជួយ​បណ្តុះបណ្តាល​លើ​ផ្នែក​វិស័យ​កសិកម្ម ដែល​ទាក់ទង​ទៅ​នឹង​វិធីសាស្ត្រ​ធ្វើស្រែ​​ចម្ការ​ដោយ​មានការ​ចូល​រួម​ពី​មន្ត្រី​ពាក់ព័ន្ធ​មក​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ មន្ត្រី​អគ្គិសនី​កម្ពុជា និង​វិស័យ​ឯកជន​នៅ​កម្ពុជា​ជា​ច្រើន​ទៀត ​។ ​វគ្គ​បណ្តុះ​បណ្តាល​​នេះ បាន​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ល្អ​ៗ​​ដល់​សិក្ខាកាម ដើម្បី​យក​ទៅ​ចែករំលែក​បន្ត​ដល់​ប្រជាជន​កម្ពុជា​នៅ​តាម​ស្រុក ​ខេត្ត ឬសហគមន៍​ ។ ប៉ុន្តែ​ឥឡូវនេះ​ប្រជា​កសិករ​កម្ពុជា​ ចង់ឱ្យ​ភាគី​កូរ៉េ​ជួយ​ផ្តល់បទ​ពិសោធន៍ ឬ​បច្ចេកទេស​បែប​ណា​ដែល​ធ្វើ​ស័ក្តិ​សម​ក្នុង​ការ​ប្រើប្រាស់ និង​ដើម្បី​ទទួល​បានលទ្ធផល​សម​ស្រប​តាម​កម្លាំង​ផលិត​និង​ទីផ្សារ ​។

​​ជាមួយ​គ្នា​នេះដែរ​ លោក​បាន​សន្យា​ថា នៅ​ឆ្នាំ​បន្ទាប់​នឹង​នាំ​មក​នូវបច្ចេកវិទ្យា​ថ្មី​ៗ​ទៀត​ដែល​ទាក់ទង​នឹង ICT (​ព័ត៌មានវិទ្យា​) ​ភ្ជាប់​ទៅ​នឹង​វិស័យ​កសិកម្ម​នៅ​កម្ពុជា មក​ធ្វើ​ការ​​បណ្តុះបណ្តាល​ដល់​សិក្ខាកាម ក៏​ដូច​ជា​ផ្តល់​ការ​យល់​ដឹង​បន្ថែម​ដល់​ប្រជា​កសិករ​ខ្មែរ​បន្ត​ទៀត ៕​​