ត្រី​ប្រហុក​ឆ្នាំ​នេះ​មិន​សំបូរ​ទេ ថ្លៃ​ហើយ​តូច​ៗ​ទៀត

ខេត្តកំពង់ឆ្នាំង ៖ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ច្រើន​នាក់ ភាគច្រើន​មក​ពី​ស្រុកសាមគ្គី​មាន​ជ័យ និង​ស្រុក​ទឹកផុស បានត្អូញត្អែរ​ដូច្នេះ កាលពី​រសៀល ថ្ងៃ​ទី​២០ ​ធ្នូ ​២០១៥ ខណៈ​ពួក​គាត់​កំពុង​កាត់​ក្បាល​ត្រី​ប្រហុក នៅ​ចំណុចភូមិ​កំពង់​ប្រសាទ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។

ប្រជាពលរដ្ឋទាំងនោះ​បាន​និយាយ​ថា ត្រី​ប្រហុក​ឆ្នាំ​នេះ​ខ្សត់ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​ចាស់​ថ្លៃ​ជាងបន្តិចបន្តួច តែ​ខុស​ថា ត្រី​ឆ្នាំ​នេះ​តូច​ៗ ល្អិត​ណាស់ ស្ទើរ​តែ​ពេល​ជាន់​លេច​ចេញ​តាមក​ន្ត្រា ដោយ​ថ្លៃ​ក្នុងមួយ​គីឡូក្រាម​ពី​១​ពាន់​ទៅ​១​ពាន់​៤​រយ​រៀល ប៉ុន្តែ​បើ​ត្រី​ធំ ប៉ុន​ត្រី​ប្រហុក​ឆ្នាំ​មុន​វិញ គឺ​ថ្លៃ​ណាស់​មួយ​គី​ឡួក្រាម ថ្លៃ​៣.៥០០​រៀល ហើយ​ត្រី​នេះ​ពួក​គាត់​យក​ធ្វើ​ផ្អក ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ដោយសារ​តែ​ឆ្នាំ​នេះ​ត្រី​ថ្លៃបែប​នេះ គាត់​ធ្វើ​ត្រី​ប្រហុក​បាន​តិច ព្រោះ​តាម​ល​ទ្ធ​ភាព​ដែល​គាត់​មាន​សោហុយ យក​មក​ធ្វើប្រហុក តែ​ពួក​គាត់​ពិតជា​មិន​អាច​ហូប​គ្រប់​សម្រាប់​មួយ​ឆ្នាំ​ឡើយ ដោយ​ខ្លះ​ធ្វើ​បាន​៣០ និង​ខ្លះ​ទៀត​បាន​ពី៥០ទៅ​៧០​គីឡូក្រាម ។

ចំណែក​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​បាន​និយាយ​ដូច​​ជំនាញថា ឆ្នាំ​នេះ​បានជា​ត្រី​ប្រហុក​មិន​សំបូរ ហើយ​ថែម​ទាំង​តូច​ៗ​ទៀត មក​ពី​ទឹក​ឆ្នាំ​នេះ តូច​ណាស់​តូចជាង​ឆ្នាំ​ណា​ៗ​ទាំងអស់ ។ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ស្តាប់​តាម​ការ​ជូនដំណឹង​របស់​មន្ត្រី​ជលផល ត្រី​ប្រហុកអាច​ត្រូវ​ពី​ថ្ងៃ ៤-៥​កើត ខែ​មិគសិរ  ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀម​មក​ធ្វើ​ត្រី​ប្រហុកឱ្យទាន់​ពេល តែនេះ​ថ្ងៃ​១០​កើត ខែ​មិគសិរទៅ​ហើយ ត្រី​នៅ​តែ​ក្រ​ទៀត ពួក​គាត់​សង្ឃឹមថា នៅ​ក្នុង​ខ្នើត ខែ​ក្រោយ គឺ​ខែបុស្ស នឹង​សំបូរ​ជាង​នេះ បើ​មិន​អ៊ីចឹង​ទេ ប្រជាពលរដ្ឋ​ខ្លះ​ពិតជា​ខ្វះ​ប្រហុក​សម្រាប់ហូបជា​មិន​ខាន ព្រោះ​ជាប់រវល់ច្រូតកាត់ ហើយ​រង់ចាំ​មក​ធ្វើ​ត្រី​ប្រហុក​នៅ​ខ្នើត​ខែ​ក្រោយ ។

​ដោយឡែក​មន្ត្រី​ជំនាញ​ជលផលកំពង់ឆ្នាំង​វិញ បាន​ទទួលស្គាល់​ថា នៅ​ខេត្តកំពង់ឆ្នាំង ឆ្នាំ​នេះ ត្រី​ប្រហុក​ពិតជា​មិន​សំបូរ និង​តូច​ល្អិត​មែន ព្រោះ​ឆ្នាំ​នេះ​ទឹកតូច​ពេក តែ​បាន​ប្រាប់​ថា នៅ​ខេត្តកំពង់ធំ និង​នៅ ដៃ​ ខេត្តកណ្តាល​ត្រី​ប្រហុក​សំបូរ​ខ្លាំង​ណាស់ ។​

សម្រាប់​ខេត្ត​កំពង់​ឆ្នាំ​មាននៅ​កំពង់ទឹក​ឆ្នុកទ្រូមាន ត្រី​ប្រហុក​ដឹក​ឆ្លងកាត់​ពី​ខេត្តកំពង់ធំ​ឡើង​ទៅ​តាម​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ ក្នុង​មួយ​ថ្ងៃ​ជាង១០០ ​ឬ​ជិត​២០០​តោន ។

មន្ត្រី​ជលផល​ក៏​បាន​បកស្រាយ​ដែរ​ថា បញ្ហា​ប្រជាពលរដ្ឋ​ឆ្នាំ​នេះ​ភាគច្រើន​បាន​ប្តូរ​រូបភាពពីប​រទេះគោ ក្របី គោ​យន្ត មក​ដេកចាំ​ធ្វើ​ត្រី​ប្រហុកនៅ​មាត់កំពង់ គឺ​ពួក​គាត់​ចាំ​ទិញ​ត្រីពី​ឈ្មួញ ដឹក​តាមរថយន្ត​ទៅ​ទម្លាក់​លក់​តាម​ភូមិ​វិញ ខ្លះ​ក៏​មក​ដឹក​តាម​ម៉ូតូ​ដោយ​ខ្លួនឯង ព្រោះតែ​ពួក​គាត់​ជាប់រវល់​ការងារ និង​ខ្វះ​កម្លាំង​ពលកម្ម ដោយសារ​ភាគច្រើន​មាន​កូនចៅ​ចំណាកស្រុក ៕ ​